ការការពារសុខភាព
ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល
14/06/2017
អេ អាយ អេ ខេមបូឌា នឹងចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ” ខេមបូឌា) នឹងចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលអនុញ្ញាតឲ្យសាធារណៈជនទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ដើម្បីរួមចំណែកជួយឲ្យប្រជាពលរដ្ឋមានការរស់នៅកាន់តែយូរអង្វែង មានសុខភាពល្អ និងមានជីវិតកាន់តែប្រសើរ អេ អាយ អេ ខេមបូឌា នឹងរួមសហការគ្នាជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលផ្តល់ការពិនិត្យសុខភាពជូនដល់សាធារណៈជនដោយឥតគិតថ្លៃ។ យុទ្ធនាការនេះ មានគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងកាន់តែច្បាស់អំពីសុខភាពផ្ទាល់ខ្លួន ដើម្បីការពារការវិវត្តជំងឺធ្ងន់ធ្ងរ។ ការយល់ដឹងនេះ មានសារៈសំខាន់ចំពោះសុខមាលភាពរបស់ពួកគាត់ និងអាចជួយជម្រុញឲ្យពួកគាត់ចាប់ផ្តើមធ្វើសកម្មភាពសមស្រមដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
ការពិនិត្យសុខភាពជាសាធារណៈដោយឥតគិតថ្លៃក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០ល្ងាច ដោយមានរូបសំគាល់ដូចខាងក្រោម។ អ្នកឯកទេសវេជ្ជសាស្ត្រ ព្រមទាំង ឧបករណ៍ទំនើបមកពីមន្ទីរពេទ្យ សង់ត្រាល់ នឹងត្រៀមខ្លួនផ្តល់ជូននូវការពិនិត្យសុខភាពមួយចំនួន រួមមានការពិនិត្យទំងន់ និងកំពស់ សញ្ញាជីវិតសំខាន់ៗ កំហាប់ឆ្អឹង និងមានការពិនិត្យឈាមមើលកម្រិតជាតិស្ករ (Glycemia Rapid Test) ជាតិខ្លាញ់Triglycerides ជាតិខ្លាញ់Total Cholesterol ជាតិខ្លាញ់HDL (HDL Cholesterol) អង់ស៊ីមTransaminase និងមេរោគរលាកថ្លើមប្រភេទB (HBsAg)។ ការពិនិត្យទាំងនេះ ផ្តល់ជាសូចនាករសំខាន់ៗបញ្ជាក់អំពីស្ថានភាពបេះដូង ថ្លើម សសៃឈាមខួរក្បាល ក្រលៀន និងស្ថានភាពសុខភាពទូទៅ។ របាយការណ៍វេជ្ជសាស្ត្រ ព្រមទាំងការពិគ្រោះប្រកបដោយជំនាញអំពីលទ្ធផលនៃការពិនិត្យទាំងនោះ នឹងមានផ្តល់ជូននៅនឹងទីតាំងផ្ទាល់។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតបែបថ្មី។ យើងចង់ជួយប្រជាពលរដ្ឋកម្ពុជាការពារខ្លួនពីជំងឺធ្ងន់ធ្ងរ មុនពេលវាជះឥទ្ធិពលលើក្រុមគ្រួសាររបស់គាត់។ការធ្វើដូច្នោះបាន គឺត្រូវចាប់ផ្តើមពីការយល់ដឹង។ យើងជឿងជាក់យ៉ាងមុតមាំថា ការពិនិត្យសុខភាពទាំងនេះ នឹងជួយពលរដ្ឋខ្មែរ ឲ្យទទួលបានការយល់ដឹងបន្ថែមអំពីសុខភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពចាំបាច់សម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់។”
យុទ្ធនាការ “AIA Care – ខ្ញុំដឹង” នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ នឹងរៀបចំការហាត់ Yoga និងការរាំ Zumba នៅពេលព្រឹក និងពេលល្ងាច ដែលសាធារណៈជនអាចចូលរួមដោយសេរី។ ព័ត៌មានបន្ថែមអំពីការពិនិត្យសុខភាពបន្តបន្ទាប់នៃយុទ្ធនាការនេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នោះតែម្តង។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលថ្មីប្លែក ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
ទំនាក់ទំនងសារព័ត៌មាន៖
ហាក់ បញ្ញារ័ត្ន
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក
០១៦ ៣៦៩ ១៥៥ / ០១៧ ៣៦៩ ១៥៥
Panharath.Hak@aia.com