សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងក្រសួងកិច្ចការនារី ប្រកាសពង្រីកភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាពស្ត្រី ក្នុងពិធីសម្ពោធយុទ្ធនាការ AIA Fit For Hope 2025

14 សីហា 2025 dot អាន 6 នាទី

ភ្នំពេញ​ ថ្ងៃព្រហស្បតិ៍ ទី14 ខែសីហា ឆ្នាំ2025 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាពីការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រសួងកិច្ចការនារី ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសិទ្ធិ និងលើកកម្ពស់សុខភាពស្ត្រីនៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូរវាងស្ថាប័នទាំងពីរបានចាប់ផ្តើមនៅពេលដាក់ដំណើរការគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា” ក្រោមពាក្យស្លោក "សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ" កាលពីឆ្នាំ 2022  ដែលឥឡូវគម្រោងនេះនឹងបន្តរហូតដល់ឆ្នាំ 2028 ជាមួយការពង្រីកវិសាលភាពនៃគម្រោងទៅដល់ខេត្តកំពង់ធំ និងតាកែវ បន្ថែមពីលើខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។ គំនិតផ្តួចផ្តើមនៃគម្រោងនេះមានគោលបំណងក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការអប់រំ និងសិទ្ធិស្រ្តីនៅក្នុវិស័យសុខភាព អាហារូបត្ថម្ភ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ និងការយល់ដឹងអំពីជំងឺមិនឆ្លង ជាពិសេសមហារីកសុដន់ និងមាត់ស្បូន។

គិតមកត្រឹមពេលបច្ចុប្បន្ន យើងឃើញមានគ្រួសារ និងស្ត្រី15,000នាក់ (ស្រ្តីចំនួន 14,289នាក់) បានទទួលអត្ថប្រយោជន៍លើផ្នែកសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងដែរថា ការបន្តនិងពង្រីកវិសាលភាពនៃភាពជាដៃគូនេះស្របតាមគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ក៏ដូចជាគាំទ្រដល់គំនិតផ្តួចផ្តើម AIA One Billion ក្នុងការជួយប្រជាជនមួយពាន់លាននាក់នៅអាស៊ីរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។

ការ​ប្រកាសបន្តភាពជាដៃគូនេះ ​ត្រូវ​បាន​ធ្វើ​ឡើងរួមគ្នាជាមួយពិធីសម្ពោធ​ជា​ផ្លូវ​ការ​នូវ​កម្មវិធី AIA Fit For Hope 2025 ដែល​ជា​យុទ្ធនាផ្សព្វផ្សាយការ​យល់ដឹង​អំពី​ជំងឺ​មហារីក​សុដន់​ធំ​បំផុត​របស់​កម្ពុជា។ ឆ្នាំនេះជាឆ្នាំទី 9 នៃយុទ្ធនាការ AIA Fit For Hope ហើយក៏ជាឆ្នាំទី 4 ជាប់គ្នាដែលទទួលបានការគាំទ្រដោយក្រសួងកិច្ចការនារីដែលជាផ្នែកមួយនៃកិច្ចសហការដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់សុខភាពស្ត្រីនៅទូទាំងប្រទេស។

កម្មវិធីដ៏នខិត្តរិកមួយនេះ បានអញ្ជើញចូលរួមដោយលោកជំទាវកិត្ត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នដៃគូ ទាំងរដ្ឋ និងឯកជនផងដែរ។

ចាប់តាំងពីឆ្នាំ 2017 មកយុទ្ធនាការ AIA Fit For Hope បានពង្រីកវិសាលភាពពីមួយឆ្នាំទៅមួយឆ្នាំដែលនាពេលបច្ចុប្បន្នវាបានក្លាយជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ដ៏ធំបំផុតនៅកម្ពុជា។ ជំងឺមហារីកសុដន់នៅកម្ពុជាដាក់ការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ត្រី ដែលមានស្ត្រី 1 ក្នុងចំណោម 5នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ក្នុងឆ្នាំ 2022 ស្ត្រីជាង 2,100 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ នេះបើយោងតាមទីភ្នាក់ងារ​អន្តរជាតិ​ខាង​ការស្រាវជ្រាវ​ជំងឺ​មហារីក (IARC) ហើយអ្វីដែលជាក្តីកង្វល់កាន់តែខ្លាំងនោះ គឺ 70% នៃពួកគាត់ត្រូវបានរកឃើញនៅដំណាក់កាលចុងក្រោយ ដោយសារតែការយល់ដឹងទាប បញ្ហាផ្នែកហិរញ្ញវត្ថុ និងភាពអៀនខ្មាស់។

ភាគច្រើននៃជំងឺមហារីកសុដន់អាចការពារ ឬអាចព្យាបាលបានប្រសិនបើរកឃើញនៅដំណាក់កាលដំបូង។ យុទ្ធនាការ AIA Fit For Hope បន្តជំរុញលើកទឹកចិត្ត បង្កើនការយល់ដឹង និងកុំឱ្យស្ត្រីមានភាពអៀនខ្មាស់ក្នុងការមកទទួលការពិនិត្យស្វែងរកជំងឺមហារីកសុដន់។​

ដោយឃើញពីបញ្ហាប្រឈម ជាមួយនឹងតួលេខគួរឱ្យបារម្ភ អេ អាយ អេ ខេមបូឌា បានដាក់ចេញប្រធានបទនៃ AIA Fit For Hope 2025 ឆ្នាំនេះ “មហារីកសុដន់វិវត្តលឿន! ពិនិត្យឱ្យបានឆាប់ ព្យាបាលឱ្យទាន់ពេល” ដើម្បីអំពាវនាវឱ្យស្ត្រីរួសរាន់មកស្វែងរកការពិនិត្យ និងព្យាបាលឱ្យបានរហ័សក្នុងករណីស្វែងរកឃើញភាពមិនប្រក្រតីលើសុដន់។ AIA Fit For Hope ឆ្នាំនេះ នឹងផ្តល់សេវាពិនិត្យស្វែងរកជំងឺមាហារីកសុដន់ដោយឥតគិតថ្លៃនៅទីសាធារណៈធំៗដូចជា ផ្សារទំនើបអ៉ីអនម៉ល សែនសុខ, Rose Garden, Urban Village, អគារ ជីអាយអេ, ផ្សារខេមល (K-Mall), អាកាសយានដ្ឋានអន្តរជាតិតេជោ តាមស្ថាប័នដៃគូ និងតាមបណ្តា ៧ខេត្តផ្សេងទៀត។ ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ គឺពិពរណ៌សុខភាពរយៈពេល​បី​ថ្ងៃចាប់ពីថ្ងៃទី17, 18 និង 19 តុលា ​នៅ​សួន​វត្ត​បទុម អម​ជាមួយ​កម្មវិធីរត់ AIA Pink Run ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ​ទី 19 តុលា 2025 ក្រោម​កិច្ច​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ថ្លែងក្នុងព្រឹត្តិការណ៍នោះ​ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាន និងមានប្រសាសន៍ថា “ភាពជោគជ័យនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជម្រុញឱ្យមានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តកិច្ចសហការសម្រាប់ឆ្នាំ2026-2028 ដោយពង្រីកក្រុមគោលដៅឱ្យកាន់តែទូលំទូលាយ និងបន្ថែមខេត្ត 2ទៀត (គឺខេត្តកំពង់ធំ និងតាកែវ) ជាមួយនឹងពាក្យ “យើងដើរទៅមុខជាមួយគ្នាដោយកម្លាំង សាមគ្គីភាព និងគោលបំណងដើម្បីសុខភាពស្រ្តីល្អ កម្ពុជារឹងមាំ។”

លោកជំទាវក៏បានបន្ថែមទៀតថា “យុទ្ធនាការថ្ងៃនេះ មិនត្រឹមតែជាព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងរបស់ស្ត្រី និងក្មេងស្រីអំពីជំងឺមហារីកសុដន់ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធនាការរួមគ្នាដើម្បីប្រយុទ្ធ និងជួយសង្រ្គោះជីវិតមនុស្សពីជំងឺនេះ​ ជាពិសេសការសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពរបស់ស្រ្តី ដែលបង្កឡើងដោយជំងឺមហារីក»។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវកិត្តិបណ្ឌិតសូមអំពាវនាវឱ្យបងប្អូនស្ត្រីគ្រប់រូប ដែលកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ ដោយកសាងកម្លាំងចិត្តឱ្យរឹងមាំ «អ្នកមិនមែននៅតែឯងនោះទេ» ការស៊ូទ្រាំ និងជំនះក្នុងការព្យាបាលជំងឺនេះទៅតាមវេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន «ការផ្តល់កម្លាំងចិត្ត និងការតស៊ូជំនះរាល់ឧបសគ្គទាំងឡាយ គឺជាការផ្តល់ក្តីសង្ឃឹមសម្រាប់ខ្លួនផង សម្រាប់គ្រួសារផង និងដើម្បីសំឡេងយើងទាំងអស់គ្នាផង»។

លោស្រី Jane Tay អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា "យើងខ្ញុំពិតជាមានកិត្តិយសក្នុងការបន្តភាពជាដៃគូជាមួយក្រសួងកិច្ចការនារីរហូតដល់ឆ្នាំ 2028។ ការគាំទ្រឥតងាករេរ និងការប្តេជ្ញារួមគ្នារបស់ក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ដល់ស្ត្រីកម្ពុជាពិតជាមានសារៈខាន់ក្នុងការជំរុញបេសសកម្មរបស់យើងក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ កិច្ចបន្តភាពជាដៃគូនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកបេសកកម្មរួមគ្នារបស់យើងក្នុងការបោះជំហានឆ្ពោះទៅមុខប្រកបដោយអត្ថន័យក្នុងការជួយជំរុញ និងលើកកម្ពស់សុខមាលភាពផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅក្នុងសហគមន៍។"

លោកស្រីក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យ អ៉ីនធ័រឃែរ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងដៃគូមន្ទីរពេទ្យនានាផ្សេងទៀត​ក្នុងយុទ្ធនាការ ដែលបានផ្តល់ការពិគ្រោះ និងពិនិត្យឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់។

ព័ត៌មានលម្អិតអំពីទីតាំងមកទទួលការពិនិត្យរបស់យុទ្ធនាការ AIA Fit For Hope 2025៖ https://www.aia.com.kh/km/FitForHope/checkup-schedule

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ អេ អាយ អេ អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។​

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 5ឆ្នាំជាប់គ្នាពី 2020​ ដល់ 2024 អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

រ៉ែន ពិសាល

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

pisal-p.ren@aia.com