សេចក្តីប្រកាសសារព័ត៌មាន

យុទ្ធនាការ AIA Fit for Hope 2026 បិទបញ្ចប់យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់រយៈពេលបីខែ ជាមួយព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2026

25 តុលា 2026 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃអាទិត្យ ទី25 ខែតុលា ឆ្នាំ2026៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA ខេមបូឌា”) នៅថ្ងៃនេះ បានបិទបញ្ចប់យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit for Hope 2026 ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីខែ ជាមួយនឹងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2026 ដោយប្រមូលផ្តុំអ្នករត់ចំនួន 3,615 នាក់ មកពី 36 ប្រទេស នៅសួនច្បារវត្តបុទុមវតី ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ និងសារៈសំខាន់នៃការពិនិត្យបឋមរកជំងឺឱ្យបានឆាប់។

ជាសកម្មភាពបិទបញ្ចប់យុទ្ធនាការ AIA Fit for Hope 2026 ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2026 បានប្រើប្រាស់ថាមពលនៃកីឡា និងការចូលរួមគ្នារបស់សហគមន៍ ដើម្បីជំរុញការយល់ដឹងរបស់សាធារណជនអំពីសុខភាពសុដន់ ការពិនិត្យសុខភាពជាប្រចាំ និងសារៈសំខាន់នៃការពិនិត្យបឋមរកជំងឺឱ្យបានឆាប់។ ចាប់តាំងពីការរៀបចំ AIA Pink Run លើកដំបូងនៅ
ឆ្នាំ 2023 មក ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run បានបន្តរីកចម្រើនទាំងទំហំ និងឥទ្ធិពល ដោយផ្តល់ឱកាសឱ្យសាធារណជនចូលរួមកាន់តែច្រើន និងបង្ហាញការគាំទ្រចំពោះការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។

ព្រឹត្តិការណ៍រត់ប្រណាំងនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានវិញ្ញាសារត់ប្រណាំងចម្ងាយ 10 គីឡូម៉ែត្រ និង 5 គីឡូម៉ែត្រ ព្រមទាំងការរត់កម្សាន្តជាលក្ខណៈគ្រួសារចម្ងាយ 2.5 គីឡូម៉ែត្រ ដែលបើកទូលាយសម្រាប់ការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិ និងសាធារណជនគ្រប់វ័យ។ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំនេះ ក៏បានកត់សម្គាល់ពីការបន្តភាពជាដៃគូរវាង AIA ខេមបូឌា និង គណៈកម្មាធិការជាតិរៀបចំការរត់ម៉ារ៉ាតុងកម្ពុជា (CMC) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាពតាមរយៈកីឡា។

ក្នុងរយៈពេលបីខែ (ពីខែសីហា រហូតដល់ខែតុលា) យុទ្ធនាការ AIA Fit for Hope 2026 ដែលទទួលបានការគាំទ្រពី ក្រសួងកិច្ចការនារី បានរៀបចំសកម្មភាពជាច្រើន ដើម្បីបង្កើនការយល់ដឹងអំពីសុខភាពសុដន់ និងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យបឋមរកជំងឺឱ្យបានឆាប់នៅទូទាំងប្រទេសកម្ពុជា។ សេវាពិនិត្យបឋមរកជំងឺឱ្យបានឆាប់ដោយឥតគិតថ្លៃ ត្រូវបានផ្តល់ជូនតាមរយៈមន្ទីរពេទ្យដៃគូរបស់ AIA ខេមបូឌា រួមមាន មន្ទីរពេទ្យអន្តរជាតិ អរៀនដា គ្លីនិក អូរ៉េនឃែនស័រ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ មន្ទីរពេទ្យសាកល មន្ទីរពេទ្យ នាគទេព មន្ទីរពេទ្យ យី គក់ មន្ទីរពេទ្យ ខេវី នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងកំពង់ចាម ព្រមទាំងសកម្មភាពពិនិត្យបន្ថែមដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីនៅ ក្នុងខេត្តកំពង់ធំ តាកែវ និងកំពត។

យុទ្ធនាការនេះក៏បានរៀបចំសេវាពិនិត្យបឋមរកជំងឺឱ្យបានឆាប់ដោយឥតគិតថ្លៃរយៈពេលបីថ្ងៃ (ពីថ្ងៃទី23 ដល់ថ្ងៃទី25 ខែតុលា) នៅ សួនច្បារវត្តបុទុមវតី ដែលមានបូករួមជាមួយនឹងការអប់រំសុខភាព និងសកម្មភាពអប់រំផ្សព្វផ្សាយ ដែលផ្តោតលើការបង្ការ
ការរកឃើញឱ្យបានឆាប់ និងការព្យាបាលជំងឺមហារីកសុដន់។

សម្រាប់ឆ្នាំនេះ (2026) ស្ត្រីប្រមាណ 5,578 នាក់ បានចូលរួមទទួលសេវាពិនិត្យបឋមរកជំងឺឱ្យបានឆាប់ដោយឥតគិតថ្លៃ ក្រោមយុទ្ធនាការ AIA Fit for Hope។ ការចូលរួមយ៉ាងច្រើនកុះករនេះ បង្ហាញពីការកើនឡើងនៃការយល់ដឹងរបស់សាធារណជនអំពី
សារៈសំខាន់នៃការពិនិត្យសុខភាពសុដន់ និងឆ្លុះបញ្ចាំងពីផលវិជ្ជមានដែលយុទ្ធនាការនេះបានបន្តផ្តល់ជូនស្ត្រី និងសហគមន៍នៅ
ទូទាំងប្រទេសកម្ពុជា។

សមិទ្ធផលនេះបន្តពីផលវិជ្ជមាននៃយុទ្ធនាការក្នុងឆ្នាំ 2025 ដែលយុទ្ធនាការ AIA Fit for Hope បានផ្តល់ការពិនិត្យជំងឺមហារីកសុដន់ដល់ស្ត្រីប្រមាណ 5,320 នាក់ តាមរយៈមន្ទីរពេទ្យដៃគូដែលបានចូលរួម និងសកម្មភាពដែលទទួលបានការគាំទ្រពីក្រសួងកិច្ចការនារី។ ក្នុងចំណោមស្ត្រីដែលបានទទួលការពិនិត្យនេះ ស្ត្រី 314 នាក់ ត្រូវបានណែនាំឱ្យបន្តទទួលការពិនិត្យ និងពិគ្រោះយោបល់វេជ្ជសាស្ត្របន្ថែម បន្ទាប់ពីបានរកឃើញដុំសាច់ក្នុងសុដន់ក្នុងអំឡុងពេលពិនិត្យ។ ការចូលរួមជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់ស្ត្រីអំពីសារៈសំខាន់នៃការពិនិត្យសុខភាពជាប្រចាំ និងការចាត់វិធានការជាមុនដើម្បីការពារសុខភាពរបស់ខ្លួន។

ពិធីបិទយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក សែម ផល្លា អគ្គនាយក និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិរៀបចំការរត់ម៉ារ៉ាតុងកម្ពុជា និង លោកស្រី Jane Tay អគ្គនាយិកានៃ AIA ខេមបូឌា
ព្រមទាំងតំណាងមកពីក្រសួងកិច្ចការនារី មន្ទីរពេទ្យដៃគូ ស្ថាប័នដៃគូផ្សេងទៀត ទីប្រឹក្សាផែនការជីវិត បុគ្គលិក ភ្ញៀវកិត្តិយស និងអ្នកចូលរួមរត់ជាច្រើនកុះករ។

លោកស្រី Jane Tay មានប្រសាសន៍ថា៖

“យើងខ្ញុំពិតជាមានកម្លាំងចិត្តយ៉ាងខ្លាំងចំពោះការគាំទ្រដ៏កក់ក្តៅចំពោះព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2026 និងចំនួនស្ត្រីដែលបានចូលរួមក្នុងសកម្មភាពពិនិត្យសុខភាពរបស់យើង។ ការចូលរួមទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់សាធារណជនអំពីសុខភាពសុដន់ និងសារៈសំខាន់នៃការពិនិត្យបឋមរកជំងឺឱ្យបានឆាប់នៅកម្ពុជា ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

“តាមរយៈយុទ្ធនាការ AIA Fit for Hope យើងមានគោលបំណងបម្លែងការយល់ដឹងឱ្យទៅជាសកម្មភាពប្រកបដោយអត្ថន័យ តាមរយៈការផ្តល់ឱ្យស្ត្រីនូវចំណេះដឹងដែលអាចទុកចិត្តបាន ឱកាសទទួលបានការពិនិត្យបឋមរកជំងឺឱ្យបានឆាប់ដោយឥតគិតថ្លៃ និងការគាំទ្រចាំបាច់សម្រាប់ការពិនិត្យបន្ត។ វិសាលភាព និងការចូលរួមជាបន្តបន្ទាប់ក្នុងយុទ្ធនាការនេះ បង្ហាញពីផលវិជ្ជមានដែលយុទ្ធនាការបានបន្តផ្តល់ជូនស្ត្រី និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

“យើងសូមថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិរៀបចំការរត់ម៉ារ៉ាតុងកម្ពុជា មន្ទីរពេទ្យដៃគូ និងស្ថាប័នគាំទ្រទាំងអស់ ដែលបានរួមចំណែកជំរុញបេសកកម្មដ៏មានសារៈសំខាន់នេះ។ AIA ខេមបូឌា នឹងបន្តសហការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ចំណេះដឹង ទំនុកចិត្ត និងធនធានចាំបាច់ដល់ស្ត្រីកាន់តែច្រើន ក្នុងការចាត់វិធានការជាមុនដើម្បីការពារសុខភាពរបស់ខ្លួន។”

យុទ្ធនាការ AIA Fit for Hope ដែលបានប្រព្រឹត្តទៅរយៈពេលបីខែ និងបិទបញ្ចប់ជាមួយព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ក្នុងខែតុលា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ AIA ខេមបូឌា ក្នុងការជួយកសាងសហគមន៍ដែលមានសុខភាពកាន់តែប្រសើរ តាមរយៈការលើកកម្ពស់ការបង្ការជំងឺ ការអប់រំផ្នែកសុខភាព ការពិនិត្យបឋមរកជំងឺឱ្យបានឆាប់ និងការរស់នៅប្រកបដោយសកម្មភាព។

ចាប់តាំងពីការដាក់ឱ្យដំណើរការនៅឆ្នាំ 2017 មក យុទ្ធនាការ AIA Fit for Hope បាននាំមកនូវការចូលរួមពីប្រជាជនកម្ពុជារាប់ពាន់នាក់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ កម្មវិធីអប់រំ និងការផ្តល់លទ្ធភាពទទួលបានសេវាពិនិត្យបឋមរកជំងឺឱ្យបានឆាប់។ យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកដែលកើតមានញឹកញាប់បំផុតលើស្ត្រី ព្រមទាំងបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្ការ ការពិនិត្យសុខភាពជាប្រចាំ និងការរកឃើញជំងឺឱ្យបានឆាប់។ គំនិតផ្តួចផ្តើមនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AIA ខេមបូឌា ក្នុងការជួយផ្តល់ចំណេះដឹង និងធនធានចាំបាច់ដល់ស្ត្រី ដើម្បីឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ និងចាត់វិធានការជាមុនក្នុងការថែទាំសុខភាព និងសុខុមាលភាពរបស់ខ្លួន។

យុទ្ធនាការនេះក៏គាំទ្រដល់គំនិតផ្តួចផ្តើម AIA One Billion ដែលមានគោលបំណងជួយមនុស្សមួយពាន់លាននាក់នៅទូទាំងតំបន់អាស៊ី ឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ នៅត្រឹមឆ្នាំ 2030។

សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការ AIA Fit for Hope និងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run សូមចូលទៅកាន់ www.facebook.com/AIACambodia ។

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង AIA ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA គ្រុប (AIA Group Limited) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឯករាជ្យ និងឈានមុខគេ ដែលបានចុះបញ្ជីជាសាធារណៈធំជាងគេនៅអាស៊ី។  AIA គ្រុប មានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយត្រូវបានចុះបញ្ជីនៅលើផ្ទាំងចម្បងនៃផ្សារភាគហ៊ុនហុងកុងលីមីតធីត (Main Board of the Stock Exchange of Hong Kong Limited)។

ចាប់តាំងពីបើកដំណើរការនៅក្នុងឆ្នាំ 2017 មក AIA ខេមបូឌា បានរីកចម្រើនក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខានៅខេត្តសៀមរាប កំពង់ចាម និងបាត់ដំបង យើងប្តេជ្ញាចិត្តជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។

យើងផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងអាយុជីវិត សុខភាព និងការការពារ ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បុគ្គល គ្រួសារ និងក្រុមហ៊ុនសាជីវកម្ម។ AIA ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងគេនៅកម្ពុជាដែលផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ ផែនការការពារជំងឺធ្ងន់ធ្ងររបស់យើង បានវិវឌ្ឍន៍បន្ថែមទៀត ដោយផ្តល់ការធានារ៉ាប់រងលើជំងឺ និងស្ថានភាពសុខភាពរហូតដល់ 118 ប្រភេទ រួមមានជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្រាប់ក្រុមហ៊ុនសាជីវកម្ម ដំណោះស្រាយធានារ៉ាប់រងជាក្រុមរបស់យើង ដែលមានដូចជា ការការពារអាយុជីវិត ការការពារលើគ្រោះថ្នាក់ចៃដន្យ ការចំណាយលើការសម្រាកក្នុងមន្ទីពេទ្យ និងផ្តល់ការការពារដល់បុគ្គលិក និងសមាជិកក្រុមហ៊ុនសាជីវកម្ម តាមរយៈដំណោះស្រាយដែលមានភាពបត់បែន សមស្របតាមតម្រូវការ និងថវិការបស់ខ្លួន។

ជាមួយនឹងបច្ចេកវិទ្យា និងសមត្ថភាពឌីជីថលដ៏ទូលំទូលាយរបស់យើង AIA ខេមបូឌា ក៏កំពុងជំរុញបទពិសោធន៍អតិថិជនតាមបែបឌីជីថល ដែលកាត់បន្ថយភាពស្មុគស្មាញ និងផ្តល់នូវសេវាទាមទារសំណងធានារ៉ាប់រងដែលរួមបញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទ (App) AIA+ និងដំណោះស្រាយឌីជីថលដែលធ្វើឱ្យបទពិសោធន៍អតិថិជន កាន់តែមានភាពងាយស្រួល ។

លើសពីការផ្តល់សេវាធានារ៉ាប់រង យើងប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ដែលមានសុខភាពល្អ និងបរិយាបន្ន។ តាមរយៈកម្មវិធី AIA Fit for Hope កម្មវិធី AIA-ISF Youth League និងកម្មវិធី AIA សាលាសុខភាពឆ្នើម យើងធ្វើការជាមួយដៃគូ ដូចជា ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខភាពស្ត្រី របៀបរស់នៅប្រកបដោយសុខភាពល្អ ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារ ជាពិសេសតាមរយៈការទទួលបានការអប់រំ។

AIA ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតែមួយគត់នៅកម្ពុជា ដែលទទួលបានការទទួលស្គាល់ពី HR Asia ជា “Best Companies to Work for in Asia” រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ 2020 ដល់ 2025 ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះបុគ្គលិក និងវប្បធម៌នៅកន្លែងធ្វើការ។

 

ទំនាក់ទំនងសារព័ត៌មាន

សេក ចាន់បូរ៉ា

ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម និងទំនួលខុសត្រូវសង្គម

Chanbora.Sek@aia.com