ការការពារសុខភាព
ទទួលយកដំណោះស្រាយការពារសុខភាពបុគ្គល
20/09/2018
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ – ស្ថានភាពបេះដូងកាន់តែល្អ រចនាសម្ព័ន្ធរបស់ឆ្អឹង និងសាច់ដុំកាន់តែរឹងមាំ ប្រព័ន្ធប្រសាទដំណើរការកាន់តែប្រសើរ៖ ទាំងនេះ គឺជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលយើងអាចទទួលបានពីការរត់ហាត់ប្រាណជាប្រចាំសាមញ្ញៗ ដែលមិនត្រូវការចំណាយច្រើន។ លើសពីនេះ ការរត់ជាប្រចាំថែមទាំងអាចបន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ[1]។
ដោយយល់ច្បាស់ពីគុណប្រយោជន៍សម្រាប់សុខភាពទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបង្កើតជាផ្លូវមួយសម្រាប់ការដើរ និងការរត់ហាត់ប្រាណជាសាធារណៈ។ “ផ្លូវរត់ AIA” ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយជំរុញឲ្យប្រជាជនខ្មែរទទួលបានអត្ថប្រយោជន៍ពីការរស់នៅប្រកបដោយសុខភាពល្អ។ ដោយមិនចាំបាច់បារម្ភអំពីចរាចរណ៍ដ៏មមារញឹកនៅក្នុងទីក្រុង អ្នកដើរ និងអ្នករត់ទាំងឡាយ អាចហាត់ប្រាណដោយមិនមានការរំខាន ហើយថែមទាំងមានការលើកទឹកចិត្តតាមរយៈបង្គោលស្លាកសញ្ញាបង្ហាញចំងាយផ្លូវរៀងរាល់ ៥០ម៉ែត្រ នៅលើផ្លូវរត់នេះ។
“ផ្លូវរត់ AIA” ត្រូវបានសម្ពោធ និងអបអរសាទរដោយបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA រាប់រយនាក់។ ថ្លែងនៅក្នុងពិធីសម្ពោធនោះ នាយកប្រតិបត្តិប្រចាំតំបន់របស់ AIA លោក Jacky Chan បានមានប្រសាសន៍ថា "AIA ប្តេជ្ញាជួយឲ្យប្រជាពលរដ្ឋជាទូទៅ ដោយរួមទាំងប្រជាជនខ្មែរទាំងអស់ផងដែរ ទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។ ប្រជាជននៅកម្ពុជា ចាប់អារម្មណ៍ និងយល់ដឹងអំពីសុខភាពរបស់ពួកគេកាន់តែច្រើនឡើងៗ ហើយយើងនៅទីនេះដើម្បីជួយពួកគាត់អាចចាប់ផ្តើម ថែរក្សា និងលើកកំពស់បែបផែននៃការរស់នៅប្រកបដោយសុខភាពល្អ។ ផ្លូវរត់ AIA ដែលបានសម្ពោធនៅថ្ងៃនេះ ផ្តល់ជាមូលដ្ឋានដ៏មានប្រសិទ្ធិភាព និងបើកចំហរចំពោះសាធារណជននៅទីនេះ ឲ្យពួកគាត់អាចចាប់យកនូវបែបផែនរស់នៅបែបនេះបានយ៉ាងងាយស្រួល។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានយល់ស្រប ដោយបន្ថែមថា “ចាប់តាំងពីដំបូងមកម្ល៉េះ អេ អាយ អេ ខេមបូឌា បានកំណត់យកសុខុមាលភាពប្រជាជនជាចំណុចយកចិត្តទុកដាក់សំខាន់បំផុតសម្រាប់ប្រតិបត្តិការទាំងអស់របស់យើង។ “ផ្លូវរត់ AIA” នេះ គឺជាធាតុផ្សំបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់យើងកន្លងមក ដើម្បីបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សគ្រប់រូប ដោយជំរុញឲ្យមានការរស់នៅប្រកបដោយសុខភាពល្អ។ យើងជឿជាក់ថា “ផ្លូវរត់ AIA” មិនត្រឹមតែជួយអោយអ្នករាល់គ្នាធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យពួកគាត់មានទឹកចិត្តឈានជំហានឆ្ពោះទៅរកការរស់នៅដោយមានសុខភាពកាន់តែប្រសើរ”។
“ផ្លូវរត់ AIA” មានប្រវែងជាង ៨៥០ម៉ែត្រ លាតសន្ធឹងតាមបណ្តោយច្រាំងទន្លេចតុម្មុខ ចន្លោះសាលសន្និសីទចតុម្មុខ និងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។ “ផ្លូវរត់ AIA” នេះ ស្វាគមន៏រាល់សាធារណជនជាទូទៅដោយមិនគិតថ្លៃ។
[1]Friedenreich, C. M., & Orenstein, M. R. (2002). Physical activity and cancer prevention: Etiologic evidence and biological mechanisms. The Journal of Nutrition, 132(11), 3456S-3464S.
Schnohr, P., O’Keefe, J. H., Marott, J. L., Lange, P., & Jensen, G. B. (2015). Dose of jogging and long-term mortality: the Copenhagen City Heart Study. Journal of the American College of Cardiology, 65(5), 411-419.
Ahlskog, J. E., Geda, Y. E., Graff-Radford, N. R., & Petersen, R. C. (2011, September). Physical exercise as a preventive or disease-modifying treatment of dementia and brain aging. In Mayo Clinic Proceedings (Vol. 86, No. 9, pp. 876-884). Elsevier.
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២២១ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។
ទំនាក់ទំនងសារព័ត៌មាន
ហាក់ បញ្ញារ័ត្ន
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
០១៦/០១៧ ៣៦៩ ១៥៥
Panharath.Hak@aia.com