សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ឈានជើងចូលទីផ្សារធានារ៉ាប់រងលើសុខភាព ដោយផ្តល់ឲ្យបុគ្គលិកក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានា នូវដំណោះស្រាយដែលផ្តោតសំខាន់លើការថែទាំសុខភាព

01/11/2022 dot អាន 4 នាទី

ភ្នំពេញ ថ្ងៃទី ១ វិច្ឆិកា ២០២២ - ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានដាក់សម្ពោធដំណោះស្រាយថ្មីរបស់ខ្លួន AIA MedCare  ជាដំណោះស្រាយធានារ៉ាប់រងសុខភាពដំបូងដែលផ្ដល់ការធានាដល់ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានា ក្នុងការមើលថែសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ដើម្បីលើកទឹកចិត្ត និងបង្កើនផលិតភាពការងារ។

អេ អាយ អេ ខេមបូឌា ឈានជើងចូលទីផ្សារធានារ៉ាប់រងលើសុខភាព ដោយផ្តល់ឲ្យបុគ្គលិកក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានា នូវដំណោះស្រាយដែលផ្តោតសំខាន់លើការថែទាំសុខភាព

ការបង្ហាញខ្លួនលើកដំបូងរបស់ អេ អាយ អេ ខេមបូឌា នៅក្នុងធានារ៉ាប់រងសុខភាព គឺដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅអាស៊ី។ ទន្ទឹមនឹងគម្រោងធានារ៉ាប់រងអាយុជីវិត ការពារលើជំងឺធ្ងន់ធ្ងរ និងការពារលើគ្រោះថ្នាក់ដោយចៃដន្យដែលបានផ្ដល់ជូន គម្រោងធានារ៉ាប់រងសុខភាពរបស់ អេ អាយ អេ ខេមបូឌា គឺជាដំណោះស្រាយដំបូងគេដែលជួយប្រជាជនកម្ពុជាកាន់តែច្រើនឱ្យសុខភាព និងជីវិតកាន់តែប្រសើរ។

ដោយផ្តោតសំខាន់លើនិយោជកដែលកំពុងស្វែងរកការការពារផ្នែកសុខភាពរបស់បុគ្គលិក AIA MedCare គឺជាដំណោះស្រាយធានារ៉ាប់រងបន្ថែមសម្រាប់ភ្ជាប់ជាមួយ AIA ComCare  ដែលត្រូវបានដាក់សម្ពោធក្នុងឆ្នាំ ២០២១ ជាមួយនឹងអត្ថប្រយោជន៍ការពារលើជំងឺធ្ងន់ធ្ងរ ការពារលើគ្រោះថ្នាក់ដោយចៃដន្យ អត្ថប្រយោជន៍លើការព្យាបាលជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងជំនួយការក្នុងការព្យាបាលបន្ទាន់នៅក្រៅប្រទេស រួមបញ្ចូលគ្នាក្នុងកញ្ចប់តែមួយ។  AIA Medcare ក៏ជួយបំពេញបន្ថែមនូវការផ្តល់ឲ្យនូវការធានារ៉ាប់រងអាយុជីវិត និងការការពារលើជំងឺធ្ងន់ធ្ងរដែល អេ អាយ អេ ខេមបូឌា កំពុងមាននាពេលបច្ចុប្បន្ន។

AIA MedCare ផ្តល់ការធានារ៉ាប់រងសុខភាពដែលមានភាពទូលំទូលាយជាមួយនឹងអត្ថប្រយោជន៍ថែទាំសុខភាពដូចជា សំណងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ ការព្យាបាលដែលបណ្ដាលពីជំងឺ គ្រោះថ្នាក់ចៃដន្យ និងការសង្រ្គោះបន្ទាន់។ គម្រោងនេះក៏ផ្ដល់ប្រយោជន៍បន្ថែមដល់បុគ្គលិក លើការព្យាបាលដែលមិនសម្រាកក្នុងមន្ទីរពេទ្យ ការថែទាំដើម្បីបង្ការជំងឺផ្សេងៗ ការថែទាំធ្មេញ និងការសម្រាលកូន រួមទាំងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។

អតិថិជនមានជម្រើសក្នុងការជ្រើសរើសកញ្ចប់ដែលបត់បែនទៅតាមតម្រូវការ និងកញ្ចប់ថវិកាដែលសមស្របជាមួយស្ថានភាពស្ថាប័នការងាររបស់ខ្លួន។ ជាលទ្ធផលក្រុមហ៊ុនអាចធានាបាននូវអត្ថប្រយោជន៍សុខភាព និងសុខុមាលភាពបានយ៉ាងល្អដើម្បីជួយលើកទឹកចិត្ត ទាក់ទាញ និងរក្សាបុគ្គលិកក្នុងក្រុមហ៊ុន។

AIA MedCare ក៏ផ្តល់ជូនភាពងាយស្រួលក្នុងការទទួលបានការការពារផ្នែកវេជ្ជសាស្រ្ដដែលអាចទាញយកតាមប្រព័ន្ធអនឡាញ សម្រាប់បុគ្គលិកការិយាល័យធនធានមនុស្សរបស់និយោជក និងអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់ AIA។ វាផ្តល់នូវការប្រើប្រាស់ជាមួយមុខងារជាច្រើនដូចជា ការចុះបញ្ជីសមាជិក ការទាញយកទិន្នន័យ ពិនិត្យមើលសកម្មភាពកន្លងទៅ និងការដាក់ស្នើគោលការណ៍អត្ថប្រយោជន៍ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។ វាផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រងទូទៅ ក៏ដូចជាដំណើរការចូលព្យាបាលនៅមន្ទីរពេទ្យ និងការចាកចេញពីមន្ទីរពេទ្យដោយមិនមានភាពស្មុគស្មាញ។

នៅក្នុងពិធីសម្ពោធនៅ Hyatt Regency យើងឃើញមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា  និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក Andrew Loh អគ្គនាយកប្រតិបត្តិ អេ អាយ អេ ខេមបូឌា ក្រុមប្រឹក្សាភិបាលរបស់ អេ អាយ អេ ខេមបូឌា នាយកប្រតិបត្តិ ប្រធានគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់ និងនាយកប្រតិបត្តិមកពីដៃគូសាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ដៃគូមន្ទីរពេទ្យ ក្រុមហ៊ុនជើងសារ​ធានារ៉ាប់រង ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូចនិងមធ្យម បុគ្គលិកនិងទីប្រឹក្សាចំផែនការជីវិត អេ​ អាយ អេ។

លោក Andrew Loh បានមានប្រសាសន៍ថា៖ «យើងជឿថា AIA MedCare ត្រូវបានដាក់សម្ពោធក្នុងកាលៈទេសៈដ៏សមស្រប ដោយសារក្រុមហ៊ុនកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ផ្តោតសំខាន់លើការថែរក្សាសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ជាពិសេសបន្ទាប់ពីឆ្លងកាត់ជំងឺរាតត្បាតកូវីដ។ ដំណោះស្រាយរបស់យើងផ្តល់នូវអត្ថប្រយោជន៍ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក ខណៈពេលដែលជួយនិយោជកបង្ហាញទឹកចិត្តរបស់ខ្លួនតាមរយៈការបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ឲ្យបុគ្គលិកនូវអារម្មណ៍រីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន។

“ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាតែមួយគត់ដែលទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី” ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ឆ្នាំ ២០២០ និង ២០២១ យើងមានកិត្តិយសក្នុងការរួមចំណែកផ្ដល់បទពិសោធន៍របស់យើងដល់ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានានៅព្រះរាជាណាចក្រកម្ពុជា។ អេ អាយ អេ ខេមបូឌា បានប្រារព្ធខួបលើកទីប្រាំរបស់យើងនៅឆ្នាំនេះ ហើយព្រឹត្តិការណ៍ដ៏សំខាន់នេះចូលរួមចំណែកជំរុញឱ្យពួកយើងជួយបង្កើតឱកាសបន្ថែមទៀតសម្រាប់ក្រុមហ៊ុននានា ដើម្បីបំពេញតម្រូវការការពារដល់និយោជក និងនិយោជិត និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ»។

លោកបានបន្ថែមថា “ការឈានជើងចូលក្នុងវិស័យធានារ៉ាប់រងសុខភាពរបស់ អេ អាយ អេ ខេមបូឌា ជាមួយគោលបំណងក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ វាក៏គាំទ្រនូវគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០។

ការសម្ពោធបានបញ្ចប់ទៅដោយការពិភាក្សាលើប្រធានបទ "កន្លែងធ្វើការដែលមានសុខុមាលភាពបុគ្គលិកល្អ ផលិតភាពការងារកាន់តែប្រសើរដោយ AIA" ដែលទទួលបានការសម្របសម្រួលដោយ បណ្ឌិត សុក ស៊ីផាន់ណា ដែលមានការចូលរួមពីវាគ្មិនបួនរូបពិភាក្សា អំពីទំនាក់ទំនងរវាងសុខុមាលភាព និងផលិតភាពនៅកន្លែងធ្វើការ និងភាពធម្មតាថ្មីនៃសុខភាពបុគ្គលិក និងសុខុមាលភាពបន្ទាប់ពីការរីករាលដាលរបស់កូវីដ១៩។

ក្នុងពិធីសម្ពោធនេះក៏បាននាំដៃគូអាជីវកម្ម អេ អាយ អេ ខេមបូឌា ចំនួនបួនរូបចូលរួមគឺ លោក Peter Downey នាយកផ្នែកធនធានមនុស្ស សាលាអន្តរជាតិ CIA FIRST លោកស្រី សូ ដារី ដៃគូសេវាកម្មពន្ធដារ និងសាជីវកម្ម KPMG Cambodia​ LTD លោក Travis Mitchell នាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងលោក Roy Manalili អ្នកគ្រប់គ្រងទូទៅ JTI Cambodia។

កម្មវិធីនេះក៏មានការធ្វើបទបង្ហាញស្តីពី “ដំណោះស្រាយអត្ថប្រយោជន៍របស់បុគ្គលិក AIA” ដោយលោកស្រីវេជ្ជបណ្ឌិត Myralini Santhira Thesan នាយិកាផ្នែកវេជ្ជសាស្ត្ររបស់ AIA Group។

សម្រាប់ព័ត៌មានបន្ថែមអំពី AIA MedCare និង AIA ComCare សូមផ្ញើអ៉ីមែលមកកាន់ kh.corporatesolutions@aia.com ។  សម្រាប់ព័ត៌មានលម្អិតអំពី អេ អាយ អេ ខេមបូឌា ការការពារជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ចៃដន្យ ដំណោះស្រាយការពារគ្រួសារអ្នក និងអ្នក សូមទាក់ទង AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ ២៤២​ ឬចូលទៅកាន់គេហទំព័រ aia.com.kh។

អំពី អេ​ អាយ​ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ​ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ អេ អាយ​ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ​ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ​ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ​ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

 “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង

រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។

អេ អាយ​ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com