រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ – នៅក្នុងថ្ងៃនេះ គម្រោងទីលានបាល់ទាត់១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានចាប់ផ្តើមជំហ៊ានថ្មីបំផុតរបស់ខ្លួន ដោយមានសាលាបឋមសិក្សាចំនួន៥ចូលរួម ដើម្បីទទួលយកសម្ភារៈកីឡាថ្មីៗ និងការបង្ហាត់បាល់ទាត់ ក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពយ៉ាងខ្ពង់ខ្ពស់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះ នឹងបន្តឈ្ពោះទៅកាន់ខេត្តផ្សេងៗបន្ថែមទៀតនៅថ្ងៃបន្ទាប់ រួមមានខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ។ សាលាបឋមសិក្សាសរុបចំនួន២៤សាលាក្នុងទីតាំងទាំងអស់នេះ នឹងទទួលបានសម្ភារៈកីឡាបាល់ទាត់ពីគម្រោង។
ពិធីប្រគល់សម្ភារៈកីឡានៅថ្ងៃនេះ ទទួលបានការចូលរួមពីសិស្សសាលាជាង២00នាក់ ដឹកនាំដោយលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូពីសាលាបឋមសិក្សាទាំង៥ គឺសាលាបឋមសិក្សា និងអនុវិទ្យាល័យស្វាយជ្រុំ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ព្រែកលួង សាលាបឋមសិក្សា និងអនុវិទ្យាល័យ ព្រែកក្របៅ សាលាបឋមសិក្សា សុវណ្ណសាគរ និងសាលាបឋមសិក្សា សារិកាកែវ។ លើសពីនេះ ក៏មានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន អេ អាយ អេ ខេមបូឌា អាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ឃុំ និងស្រុក និងគណៈប្រតិភូជាច្រើនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី Pauline Teoh ដែលជាថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា លោកស្រីមានក្តីរំភើបយ៉ាងខ្លាំងដែលបានឃើញកុមារជាច្រើនចូលរួមយ៉ាងរីករាយ ហើយលោកស្រីទន្ទឹងរង់ចាំរៀបចំកម្មវិធី យុទ្ធនាការ និងគម្រោងជាច្រើនទៀតដើម្បីសុខភាពប្រជាជនខ្មែរនាពេលអនាគត។
“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញថាគម្រោងកិច្ចការសង្គមរបស់ អេ អាយ អេ ខេមបូឌា បានផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់សហគមន៍។ នេះគឺជាសក្ខីភាពនៃការប្តេជ្ញារបស់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ហើយខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញានេះ។ កាន់តែពិសេសថែមទៀតនោះ យើងទាំងអស់គ្នាមានកិត្តិយសជាអនេកប្បការ ដែលបានទទួលវត្តមានយ៉ាងឧត្តុងឧត្តមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឃើញយ៉ាងជាក់ច្បាស់ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការលើកកំពស់ការរស់នៅប្រកបដោយសុខភាពល្អ។ យើងខ្ញុំនឹងបន្តរៀបចំគម្រោងផ្សេងៗបន្ថែមទៀត ដើម្បីចូលរួមជួយឲ្យប្រជាជនកម្ពុជាចាប់យកជម្រើសនៃបែបផែនរស់នៅដោយមានសុខភាពកាន់តែប្រសើរ។”
បន្ទាប់ពីពិធីប្រគល់សម្ភារៈបាល់ទាត់ជាផ្លូវការនេះរួចរាល់ហើយ កុមារា កុមារីទាំងអស់ បានទទួលអំណោយអនុស្សាវរីយ៍បន្ថែមទៀត ព្រមទាំងការហ្វឹកហាត់បាល់ទាត់ជាមូលដ្ឋាន រួមមានការកំដៅសាច់ដុំ និងការហាត់ជំនាញបាល់ទាត់មួយចំនួន។
សូមបញ្ជាក់ផងដែរថា គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ ក្នុងការប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលដៅបំពាក់សម្ភារៈកីឡាដល់សាលាបឋមសិក្សាចំនួន១00សាលា នៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈទាំងនោះ រួមមានបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។ គំនិតផ្តួចផ្តើមនេះត្រូវបាន
បង្កើតឡើងដើម្បីបញ្ជ្រាបក្តីស្រលាញ់លើកីឡា និងការរស់នៅដោយសុខភាពល្អ ដល់កេ្មងៗជំនាន់ក្រោយនៅកម្ពុជា ដែលស្របតាមការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
រហូតមកដល់ពេលនេះ គម្រោងទីលានបាល់ទាត់១00 បានចែកជូនសម្ភារៈកីឡាដល់សាលារៀនចំនួន៦២សាលា ដែលរួមបញ្ចូលជាមួយដំណាក់កាលនេះ គឺមានចំនួនសរុប៨៦សាលា។ សាលាបឋមសិក្សាចំនួន១៤ចុងក្រោយនៃគម្រោង ត្រូវបានជ្រើសរើសតាមរយៈការដាក់ពាក្យស្នើសុំទំព័រលើហ្វេសប៊ុករបស់ អេ អាយ អេ ខេមបូឌា និងដៃគូអាជីវកម្មរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ហើយសាលាទាំងនោះ នឹងទទួលបានសម្ភារៈកីឡាដូចគ្នាក្នុងឆ្នាំ២០១៩នេះ៕
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។