រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ – គម្រោង “ទីលានបាល់ទាត់១០០” របស់ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) បានចាប់ផ្តើមដំណើរការនៅរាជធានីភ្នំពេញនាថ្ងៃនេះ។ សាលាបឋមសិក្សាចំនួនបួនបានទទួលសំភារៈកីឡាបាល់ទាត់ថ្មីៗ ដែលប្រគល់ជូនដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងទីប្រឹក្សាផែនការជីវិត AIA។ សិស្សានុសិស្សពីសាលាទាំងនោះ ក៏បានទទួលការហ្វឹកហាត់ពីគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលចំនួន២រូប ពីក្លិប Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League ពីចក្រភពអង់គ្លេស។ គម្រោង ទីលានបាល់ទាត់១០០ ត្រូវបានប្រកាសកាលពីខែមុនក្នុងពិធីគម្រប់ខួប១០០ ឆ្នាំរបស់សម្ព័ន្ធ AIA ដែលមានគោលបំណងផ្តល់នូវសំភារៈកីឡាដែលមានបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ ដល់សាលាបឋមសិក្សាចំនួន១០០ ទូទាំងប្រទេសកម្ពុជា ។
សាលាបឋមសិក្សា៤ដំបូងគេបំផុត ដែលបានទទួលសំភារៈនោះគឺ សាលាបឋមសិក្សាសំរោង ព្រៃសរ របាស់អង្កាញ់ និងសាលារៀនរបស់អង្គការផ្កាយសមុទ្រ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញផ្ទាល់។ ពិធីប្រគល់ ដែលបានធ្វើឡើងនៅកីឡដ្ឋាន AIA រួមមានការប្រគល់សំភារកីឡាជាផ្លូវការ ការហ្វឹកហាត់បាល់ទាត់ជាមួយនឹងគ្រូបង្វឹក Spurs គឺលោក Anton Blackwood និង លោក Shaun Harris និងមានការលេងបាល់រួមគ្នារវាងបុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA និងកុមារា កុមារីនៃសាលាទាំង៤។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «យើងពិតជារីករាយណាស់ ដែលយើងបានចាប់ផ្តើមគម្រោង ទីលានបាល់ទាត់១០០ របស់យើងតាមការគ្រោងទុក។ ធនធានមនុស្សទាំងអស់របស់ អេ អាយ អេ ខេមបូឌា បានខិតខំប្រឹងប្រែងយ៉ាងមុតមាំ ក្នុងការចាប់ផ្តើមគម្រោងនេះ។ ហើយការដែលយើងឃើញកុមារទាំងអស់ទទួលបានឱកាសលេងបាល់ទាត់យ៉ាងសប្បាយរីករាយ និងថែមទាំងបានទទួលការហ្វឹកហាត់ជំនាញបាល់ទាត់ពីគ្រូបង្វឹកមកពីក្រុម Spurs ទៀតនេះ ធ្វើឲ្យយើងគ្រប់គ្នា មានមោទនភាពយ៉ាងក្រៃលែង»។
ក្រុមហ៊ុន AIA ដែលបានអញ្ជើញគ្រូបង្វឹកក្រុម Spurs ២នាក់មកកាន់កម្ពុជា គឺជាដៃគូផ្លូវការនៃក្លិបបាល់ទាត់ក្នុងក្របខណ្ឌកំពូលមួយនេះ។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ ក្លិប Spurs បានដាក់មូលដ្ឋានសម្រាប់គ្រូបង្វឹកកម្រិតខ្ពស់ ២នាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍ និងការចូលរួមរបស់ពួកគេក្នុងវិស័យកីឡាបាល់ទាត់។
លោកគ្រូបង្វឹក Shaun Harris បានលើកឡើងថា «ការជួយក្មេងៗឲ្យបានលេងកីឡាបាល់ទាត់ និងអាចអភិវឌ្ឍជំនាញរបស់ពួកគេ គឺមានសារៈសំខាន់ណាស់ចំពោះក្លិប Tottenham Hotspur ទាំងមូល។ តាមរយៈការងារដ៏មានអត្ថប្រយោជន៍របស់យើងជាមួយនឹង AIA និងតាមរយៈគម្រោងទីលានបាល់ទាត់១០០ ដ៏អស្ចារ្យនេះ យើងសង្ឃឹមថានឹងអាចផ្តល់ផលវិជ្ជមានយ៉ាងជ្រាលជ្រៅលើការចូលរួម និងគុណភាពនៃកីឡាបាល់ទាត់សម្រាប់ថ្នាក់មូលដ្ឋាននៅកម្ពុជា»។
គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសដំបូងក្នុងពិធីគម្រប់ខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA ទាំងមូល ដែលបានចាប់ផ្តើមនៅប្រទេសកម្ពុជាផ្ទាល់ កាលពីខែមុន ជាមួយនឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យមនុស្សគ្រប់រូបទទួលបានជីវិត និងសុខភាពកាន់តែប្រសើរ។ ការអបអរខួប១០០ឆ្នាំនេះ នឹងបន្តដំណើរនៅតាមទីផ្សារទាំង១៨ របស់ AIA ពេញមួយឆ្នាំនេះតែម្តង។
គម្រោងទីលានបាល់ទាត់១០០ នៅតែបើកឱកាសឲ្យសាលាបឋមសិក្សាផ្សេងៗទៀត នៅទូទាំងកម្ពុជាធ្វើការដាក់ពាក្យស្នើសុំរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យ និងសិក្សាបន្ថែមអំពីគម្រោងនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ឈ្មោះ AIA Cambodia ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រង ៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។