ភ្នំពេញ ថ្ងៃទី04 ខែមិថុនា ឆ្នាំ2026៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរឹន ភីអិលស៊ី (“អេ អាយ អេ ខេមបូឌា”) នៅថ្ងៃនេះ បានប្រារព្ធពិធីអបអរសាទរភាពជោគជ័យឆ្នាំដំបូងនៃ «កម្មវិធីសាលាសុខភាពឆ្នើម ឆ្នាំ 2025 2026) ក្នុងពិធីប្រគល់រង្វាន់ជ័យលាភី ដែលមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូសហការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីនេះត្រូវបានផ្តល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ដោយ លោកជំទាវ បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក Stuart Spencer អគ្គនាយកផ្នែកទីផ្សារនៃ AIA Group។
កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសកម្ពជាក្នុងឆ្នាំ2025 ដែលជាផ្នែកមួយនៃគោលបំណងរបស់ អេ អាយ អេ ក្នុងការជួយឱ្យប្រជាជនរស់នៅមានសុខភាព និង ជីវិតកាន់តែប្រសើរ។ កម្មវិធីនេះបង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពគ្រប់ជ្រុងជ្រោយសម្រាប់សិស្សានុសិស្ស តាមរយៈប្រធានបទអាទិភាពសម្រាប់សាលារៀនចំនួន4 រួមមាន៖ អាហារសុខភាព ទម្លាប់រស់នៅឲ្យមានសុខភាពល្អ សុខុមាលភាពផ្លូវចិត្ត សុខភាពនិងចីរភាពបរិស្ថាន។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានអនុវត្តក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងឆ្នាំដំបូងនេះ កម្មវិធីសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់រួមមាន៖ ការចូលរួមពីសាលារៀនប្រមាណ 200សាលា នៅទូទាំងប្រទេស ដោយមានអ្នកចុះឈ្មោះចូលរួមជាង 170នាក់ សមាជិកសកម្មជាង570នាក់ ព្រមទាំងមានការដាក់ពាក្យប្រកួតប្រជែងចំនួន 36គម្រោង ដែលបង្ហាញពីភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តចំពោះការរស់នៅប្រកបដោយសុខភាពល្អ។
សាលារៀនជ័យលាភីចំនួន6 ក្នុងនោះរួមមាន៖ សាលាបឋមសិក្សាចំនួន3 (សាលាជ័យលាភីលេខ1 គឺបានទៅលើសាលាបឋមសិក្សាស្វាយជ្រំ សាលាជ័យលាភីលេខ2 បានទៅសាលាបឋមសិក្សាចតុមុខ និងសាលាជ័យលាភីលេខ3 សាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថសីហនុ) និងសាលាអនុវិទ្យាល័យចំនួន3 (សាលាជ័យលាភីលេខ1 គឺបានទៅលើអនុវិទ្យាល័យអង្គជុំ សាលាជ័យលាភីលេខ2 បានទៅអនុវិទ្យាល័យក្តីតាកុយ និងសាលាជ័យលាភីលេខ3 សាលារៀនអន្តរជាតិប្រាយឡាញ) ត្រូវបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ឆ្នើម ក្នុងការលើកកម្ពស់សុខុមាលភាព និងការបញ្ចូលទម្លាប់រស់នៅប្រកបដោយសុខភាពល្អទៅក្នុងសហគមន៍សាលារៀនរបស់ពួកគេ។
សាលាជ័យលាភីទាំងនេះនឹងទទួលបានរង្វាន់ដែលតម្លៃស្មើនឹងទឹកប្រាក់់សរុបចំនួន 100,000 ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការបន្តអនុវត្ត និងពង្រីកកម្មវិធីសុខភាព និងសុខុមាលភាពរបស់ពួកគេបន្ថែមទៀត។
លើសពីនេះទៅទៀត សាលាជើងឯកចំនួន2 នឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជាមួយសាលារៀនមកពីទីផ្សារចំនួន9 ផ្សេងទៀតរបស់ អេ អាយ អេ នៅក្នុងការប្រកួតប្រជែងថ្នាក់តំបន់ប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ2026 ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើសុខុមាលភាពយុវជនថា៖ «សិស្សានុសិស្ស គឺជាអនាគតរបស់ប្រទេសកម្ពជា ហើយការវិនិយោគលើសុខុមាលភាពរបស់ពួកគេគឺជាឬសគល់ដ៏សំខាន់ក្នុងការកសាងជាតិឱ្យកាន់តែរឹងមាំ។ តាមរយៈគំនិតផ្តួចផ្តើមនានាដូចជា កម្មវិធីសាលាសុខភាពឆ្នើម នេះ យើងមានគោលបំណងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់ការរស់នៅ ប្រកបដោយសុខភាពល្អ ការគិតដែលមានភាពច្នៃប្រឌិត និងបង្កើតទម្លាប់វិជ្ជមាន ដែលទម្លាប់ទាំងនេះនឹងអាចស្ថិតស្ថេរនៅជាមួយពួកគេអស់មួយជីវិត។ តាមរយៈការជម្រុញលើកទឹកចិត្តដល់ពួកគេនៅថ្ងៃនេះ យើងកំពុងកសាងយុវជនជំនាន់ក្រោយ ដែលមិនត្រឹមតែមានសុខភាពល្អជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងទំនុកចិត្ត ភាពអត់ធ្មត់ និងការត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពជា»។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ ក្នុងពិធីនេះក៏បានបង្ហាញពីការច្នៃប្រឌិតថ្មីផងដែរ តាមរយៈការថ្លែងសុន្ទរកថាជាភាសាខ្មែរដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលជានិមិត្តរូបបង្ហាញពីរបៀបដែលបច្ចេកវិទ្យាអាចជួយលើកកម្ពស់ការអប់រំ និងទំនាក់ទំនង។
ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងស្មោះសរចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ភាពជាដៃគូ និងការណែនាំ ក្នុងការអនុវត្តកម្មវិធីនេះ ក៏ដូចជាការអរគុណចំពោះ និយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការគាំទ្រដ៏មានតម្លៃ ។
ក្រុមហ៊ុនក៏បានអរគុណផងដែរចំពោះ លោក Stuart Spencer អគ្គនាយកផ្នែកទីផ្សារនៃ AIA Group និង AIA Group ទាំងមូលសម្រាប់ការដឹកនាំ និងបន្តការកំាំទ្រ ការរួមចំណែកដ៏មានន័យពីសំណាក់សាលារៀនដែលបានចូលរួម លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងដៃគូសហការទាំងអស់។ ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នារបស់ពួកគេ គឺជាកត្តាលីករដ៏សំខាន់ក្នុងការនាំមកនូវជោគជ័យសម្រាប់ឆ្នាំដំបូងនៃកម្មវិធីនេះ និងក្នុងការជំរុញសុខុមាលភាពរបស់សិស្សានុសិស្សនៅទូទាំងប្រទេស។
ទៅមុខទៀត អេ អាយ អេ ខេមបូឌា មានគោលបំណងពង្រីកវិសាលភាពនៃកម្មវិធីនេះឱ្យកាន់តែទូលំទូលាយ បង្កើនការចូលរួមឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់សិស្សានុសិស្សបន្ថែមទៀត ដើម្បីក្លាយជាគំរូដឹកនាំក្នុងការរស់នៅប្រកបដោយសុខភាពល្អនៅទូទាំងប្រទេស។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ អេ អាយ អេ អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
នៅឆ្នាំ 2025 អេ អាយ អេ ខេមបូឌា មានមោទនភាពនាំមកជូននូវ AIA Healthiest Schools (សាលាសុខភាពឆ្នើម) ដែលជាកម្មវិធីប្រចាំតំបន់ដោយ AIA Group បង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពរួមសម្រាប់កុមារថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីនេះផ្តោតសំខាន់លើការបណ្តុះទម្លាប់រស់នៅឲ្យមានសុខភាពល្អតាំងពីក្មេង តាមរយៈកម្មវិធីសិក្សាដែលគាំទ្រដល់ សុខភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្ត និងអាហារូបត្ថម្ភ។ កម្មវិធីសាលាសុខភាពឆ្នើម នៅកម្ពុជា ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធី ដែលអនុលោមតាមអាទិភាពនៃការអប់រំ និងសុខុមាលភាពជាតិ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 6ឆ្នាំជាប់គ្នាពី 2020 ដល់ 2025 អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។