ភ្នំពេញ ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ថ្ងៃនេះបានបន្តភាពជាដៃគូជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងរយៈពេលយូរអង្វែងក្នុងការលើកស្ទួយយុវជនកម្ពុជាដែលជួបការខ្វះខាតរាប់ពាន់នាក់តាមរយៈកីឡាបាល់ទាត់ និងការអប់រំ។
ភាពជាដៃគូនេះបង្ហាញពីការបន្តកិច្ចឧបត្ថម្ភគាំទ្រ ដែលនឹងបន្តនៅឆ្នាំ 2024 ដល់ឆ្នាំ 2026 ដែលត្រូវបានប្រកាសជាផ្លូវការ និងបានចុះហត្ថលេខាដោយអគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងអ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជានាពេលថ្មីៗនេះ។ ក្នុងកម្មវិធីនេះ យើងឃើញមានវត្តមានរបស់កុមារ និងយុវជនរបស់អង្គការផ្កាយសមុទ្រកម្ពុជា ចំនួន 200 នាក់ រួមនឹង អាណាព្យាបាល គណៈគ្រប់គ្រង និងបុគ្គលិកមកពីស្ថាប័នទាំងពីរជាតំណាងសក្ខីភាពសបញ្ជាក់ពីកិច្ចសហការនេះ។
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានពានរង្វាន់លើការណែនាំគំនិតផ្តួចផ្តើម និងសកម្មភាពជាច្រើនតាមរយៈវិស័យអប់រំ កីឡាបាល់ទាត់ និងការអភិវឌ្ឍន៍សហគមន៍ រួមទាំងគម្រោងថ្នាក់ពន្លឿនរបស់ពួកគេ ដើម្បីដឹកនាំកុមារជួបការខ្វះខាតទៅរកអនាគតដ៏ត្រចះត្រចង់។ អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងឈានមុខគេលើទីផ្សារ ដែលស្របតាមគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
អេ អាយ អេ ខេមបូឌា នឹងបន្តធ្វើជាដៃគូ និងអ្នករៀបចំ កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ប្រចាំឆ្នាំ និងកម្មវិធីប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship។ ពួកគេក៏មានបំណងពង្រីក ថ្នាលបាល់ទាត់នេះ ដែលជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំបំផុតរបស់កម្ពុជាផងដែរ។
ទន្ទឹមនឹងកិច្ចបន្តភាពជាដៃគូនេះ អេ អាយ អេ ខេមបូឌា ក៏បានផ្ដល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាព ដោយឥតគិតថ្លៃដល់បុគ្គលិករបស់អង្គការផ្កាយសមុទ្រកម្ពុជាផងដែរ។ ការផ្ដល់ជូននេះដើម្បីធានាថាបុគ្គលិករបស់អង្គការ ទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត ដូច្នេះពួកគាត់អាចបន្តផ្តោតការយកចិត្តទុកដាក់លើការថែទាំសុខភាព និងសុខុមាលភាពសិស្សបានយ៉ាងដិតដល់។
តាំងពី អេ អាយ អេ ខេមបូឌា បានចាប់ផ្តើមក្លាយជាដៃគូជាមួយអង្គការផ្កាយសមុទ្រកម្ពុជាក្នុងឆ្នាំ 2017 មក ថ្នាលបាល់ទាត់មូលដ្ឋាននេះបានទទួល និងបណ្តុះកុមារ-យុវជនជួបការខ្វះខាតជាង 8,000 នាក់ តាមរយៈការជួយឲ្យពួកគាត់មានសុខភាពល្អ អភិវឌ្ឍជំនាញកីឡាបាល់ទាត់ និងរៀនអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរដើម្បីបណ្តុះនូវគុណតម្លៃដ៏សំខាន់ ដូចជាការធ្វើការងារជាក្រុម និងស្មារតីជាអ្នកកីឡា។
កិច្ចសហការនេះផ្ដល់ឱកាសក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ ក្នុងពេលបច្ចុប្បន្ន ចំណោមកីឡាករដែលបានធំធាត់ចេញពី AIA-ISF Youth League បានក្លាយជាកីឡាករអាជីពលេងឲ្យក្លឹបធំៗក្នុងលីគកំពូលកម្ពុជា Cambodian Premier League និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។
កម្មវិធីបាល់ទាត់វិលជុំយុវជន និងកុមារ AIA-ISF Youth League ក្រោមកិច្ចសហការរវាង អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Laureus Sport for Good Global Summit នៅទីក្រុងឡុងដ៍ ឆ្នាំ 2023 ជាគំនិតផ្តួចផ្តើមបាល់ទាត់យុវជនរបស់ អង្គការផ្កាយសមុទ្រកម្ពុជា ដែលផ្តល់នូវចំណេះជំនាញបាល់ទាត់សំខាន់ៗដល់ក្រុមយុវតី។
សមិទ្ធផលសំខាន់ៗក្រោមភាពជាដៃគូរយៈពេល 7ឆ្នាំនេះ យើងឃើញមានដូចជា AIA Group បានបញ្ជូនយុវតីជួបការខ្វះខាត 24 នាក់ទៅចូលរួម AIA-Spurs Elite Football Camp នៅ កោះសាមុយ ប្រទេសថៃ កាលពីខែមិថុនា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលក្រោមការបង្វឹករបស់អ្នកគ្រូផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិ ពីក្លឹបបាល់ទាត់ Tottenham Hotspur។ អេ អាយ អេ ខេមបូឌា ក៏បានបញ្ជូន កុមារកម្ពុជាបួននាក់ មកពីអង្គការផ្កាយសមុទ្រកម្ពុជាទៅទីក្រុងឡុងដ៍ដើម្បីដឹកដៃកីឡាកររបស់ក្លឹបបាល់ទាត់ Spurs ចូលទីលានប្រកួតក្នុងក្របខណ្ឌ Premier League។
អ្នកស្រី ជួប វិច្ឆិកា មានប្រសាសន៍ថា៖ “អង្គការផ្កាយសមុទ្រកម្ពុជា (ISF) និង អេ អាយ អេ ខេមបូឌា ជាស្ថាប័នគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់ និងមានមហិច្ចតាក្នុងការបណ្តុះមូលដ្ឋាននៃការធ្វើលំហាត់ប្រាណ សុខភាពល្អ និងអាហារូបត្ថម្ភ ដែលជាគន្លឹះឆ្ពោះទៅកាន់សុខុមាលភាពពេញលេញ។ យើងក៏ចាត់ទុកការអប់រំថាជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតកាន់តែប្រសើរ ហើយភាពជាដៃគូនេះអនុញ្ញាតឲ្យយើងសម្រេចបាននូវគោលដៅទាំងពីរនេះ ក៏ដូចជាបង្កើតការយល់ដឹងបន្ថែមទៀតអំពីយុវជនដែលជួបការខ្វះខាតរបស់យើង។”
“យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមពង្រឹងទំនាក់ទំនងប្រកបដោយផលិតភាពរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា ឲ្យកាន់តែប្រសើរ។ សម្រាប់អង្គការផ្កាយសមុទ្រកម្ពុជា (ISF) ការចាប់ដៃគ្នានេះ បង្ហាញពីការគាំទ្រលើកកម្ពស់ទាំងសិស្សានុសិស្ស ក៏ដូចជាបុគ្គលិករបស់អង្គការ តួយ៉ាង អេ អាយ អេ បានផ្តល់គម្រោងធានារ៉ាប់រងដល់ពួកគាត់ ដើម្បីជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុ។”
លោក Andrew Loh មានប្រសាសន៍ថា៖ “យើងមានមោទកភាពក្នុងការបន្តការឧបត្ថម្ភដល់លីគ និងបន្តភាពជាដៃគូរបស់យើងជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយគួរឲ្យកោតសរសើរបំផុតក្នុងប្រទេស និងជាអង្គការមួយដែលគាំទ្រលើកស្ទួយការរស់នៅ និងជីវិតរបស់កុមារជួបការខ្វះខាតរាប់ពាន់នាក់។”
“អេ អាយ អេ ខេមបូឌា ចាប់ដៃគូជាមួយស្ថាប័ននានាដែលមានបេសកកម្មដូចទៅនឹងគោលបំណងតែមួយក្នុងការជួយប្រជាជនកម្ពុជាឲ្យមានរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយការខិតខំប្រឹងប្រែងរបស់អង្គការផ្កាយសមុទ្រកម្ពុជា ស្របតាមគោលដៅដែលយើងចង់បាន។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរបស់យើងនឹងហុចផ្លែផ្កាកាន់តែច្រើននាពេលអនាគត និងលើកកម្ពស់ការរស់នៅ និងជីវិតរបស់យុវជនកម្ពុជាដែលជួបភាពខ្វះខាតកាន់តែច្រើន។”
សម្រាប់ព័ត៌មានបន្ថែមអំពី កិច្ចសហការរបស់ អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រកម្ពុជា សូមផ្ញើអ៉ីមែលមក kh.marketing@aia.com។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។