សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ប្រកាសបន្តឧបត្ថម្ភបីឆ្នាំបន្ថែមទៀត ធ្វើឲ្យបរិយាកាសកាន់តែរីករាយក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship

04 មិថុនា 2023 dot អាន 6 នាទី

ភ្នំពេញ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)  បានបន្តបង្ហាញការគាំទ្រយ៉ាងមុតមាំដល់កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ដើម្បីលើកស្ទួយកុមារជួបការខ្វះខាត តាមរយៈការបន្តជាអ្នកឧបត្ថម្ភធំ់រយៈពេល 3ឆ្នាំបន្ថែមទៀត ដល់បាល់ទាត់ថ្នាក់មូលដ្ឋានដែលធំជាងគេរបស់កម្ពុជានេះ។

ការបន្តនាមជាអ្នកឧបត្ថម្ភរយៈពេលបីឆ្នាំទៀតនេះនឹងបន្តរហូតដល់ឆ្នាំ2026 ដែលត្រូវបានប្រកាសជាផ្លូវការក្នុងការប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យកុមារ និងយុវជនចូលរួមលេងបាល់ទាត់កាន់តែច្រើនក្នុងបរិយាកាសដ៏រីករាយ មានសុវត្ថិភាព អំណោយផល ក៏ដូចជាផ្ដល់ឲ្យពួកគេនូវជំនាញដែលអាចប្រើប្រាស់សម្រាប់ចាប់យកឱកាសណាមួយដែលពួកគេស្រមៃចង់បាន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន AIA Stadium, KMH Park បានស្វាគមន៍កុមារ និងយុវជនពោរពេញដោយទេពកោសល្យចំនួន 144នាក់ មកពី 12 ក្រុម ផ្សេងៗគ្នាដែលបានឈ្នះការប្រកួតនៅតាមតំបន់ 2 គឺ ខេត្តកំពង់ធំ និងភ្នំពេញ។ នេះជារដូវកាលទី 7  របស់កម្មវិធីបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League និង ជាឆ្នាំទី 2 របស់ AIA-ISF Grand Championship ។

អ្វីដែលគួរកត់សម្គាល់នាកម្មវិធីនោះ អេ អាយ អេ ខេមបូឌា បានប្រកាសផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងសុខភាព AIA ComCare និង AIA MedCare ដល់បុគ្គលិករបស់អង្គការផ្កាយសមុទ្រកម្ពុជា ដើម្បីជាការថ្លែងអំណរគុណ។ អត្ថប្រយោជន៍សំខាន់ៗដែលផ្តល់ជូនរួមមាន៖ការធានារ៉ាប់រងលើអាយុជីវិត បូករួមទាំងការការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ ប្រាក់ឧបត្ថម្ភលើការចំណាយនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា បានចាប់ដៃគូជាមួយ អង្គការផ្កាយសមុទ្រកម្ពុជាក្នុងឆ្នាំ 2017 ដើម្បីរួមគ្នាជួយកុមារជួបការខ្វះខាតនៅកម្ពុជារាប់ពាន់នាក់ឲ្យមានជីវិតកាន់តែប្រសើរ។ យោងតាមកម្មវិធីយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា 2019-2023 (UNICEF in Cambodia Country Program 2019-23) កុមារជិត 49% រស់នៅក្នុងភាពក្រីក្រ លើបញ្ហាជីវភាព ការសិក្សាអប់រំ និងសុខភាព។ កិច្ចសហការនេះ ផ្តោតលើការអប់រំ និងកីឡា ក្នុងគោលបំណងជួយជម្រុញការចូលរួមលេងកីឡាបាល់ទាត់ដើម្បីបណ្តុះនូវគុណតម្លៃដ៏សំខាន់ ដូចជាការធ្វើការងារជាក្រុម ស្មារតីជាអ្នកកីឡា និងភាពស្មោះត្រង់ ដើម្បីជួយលើកម្ពស់ការរស់នៅរបស់កុមារដែលបានចូលរួមទាំងអស់។ ទាំងនេះនឹងជួយពួកគេឲ្យទម្លាប់នឹងជីវិតសកម្ម និងផ្ដល់ឲ្យពួកគេនូវអត្ថប្រយោជន៍ដែលបានមកពីការរស់នៅមានសុខភាពល្អ។

ចាប់តាំងពីការចាប់ផ្តើមមក កម្មវិធីបាល់ទាត់នេះ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur (“Spurs”) ដែលជាដៃគូសកលរបស់ អេ អាយ អេ។  ជាសរុបមកដល់បច្ចុប្បន្ន ថ្នាលបាល់ទាត់មូលដ្ឋាននេះបានទទួល និងបណ្តុះកុមារ-យុវជនជួបការខ្វះខាតជាង 7,000 នាក់ ដែលក្នុងនោះពួកគេមួយចំនួនបានក្លាយជាកីឡាករអាជីពលេងឲ្យក្លឹបធំៗក្នុងស្រុក និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ កម្មវិធីបាល់ទាត់នេះ បានផ្តល់បទពិសោធន៍ដ៏គួរឲ្យស្ញប់ស្ញែងដល់កុមារ និងយុវជនដទៃទៀតដែរ។ កាលពីខែ ឧសភា អេ អាយ អេ  បានបញ្ជូនកុមារកម្ពុជា4នាក់ មកពីអង្គការផ្កាយសមុទ្រកម្ពុជាទៅទីក្រុងឡុងដ៍ ដើម្បីដឹកដៃកីឡាកររបស់ក្លឹបបាល់ទាត់ Spurs ចូលទីលានប្រកួត។ នេះក៏ជាលើកទីមួយរបស់ពួកគាត់ដែលបានជិះយន្តហោះ និងបានធ្វើដំណើរទៅក្រៅប្រទេស។

ក្រៅពីនេះទៀតសោត អេ អាយ អេ ខេមបូឌា ក៏បានណែនាំគំនិតផ្តួចផ្តើម និងសកម្មភាពជាច្រើនទៀត ដូចជាការនាំគ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ Spurs មកកាន់ភ្នំពេញ ដើម្បីធ្វើការជាមួយអ្នកចូលរួម និងបណ្តុះបណ្តាលគ្រូបង្វឹកស្ម័គ្រចិត្តរបស់ អង្គការផ្កាយសមុទ្រកម្ពុជា។

នៅក្នុងខែនេះផងដែរ AIA Group នឹងបញ្ជូនកុមារីមកពី អង្គការផ្កាយសមុទ្រកម្ពុជា ចំនួន 24 នាក់ ទៅកាន់កោះ សាមុយ ប្រទេសថៃ ដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp រយៈពេល 6ថ្ងៃ ដែលពួកគេនឹងទទួលបានការហ្វឹកហាត់ពីគ្រូបង្វឹកជំនាញរបស់ Spurs។

គំនិតផ្តួចផ្តើមទាំងនេះ បង្ហាញពីយុទ្ធសាស្ត្ររបស់ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកគាំទ្រកីឡាយ៉ាងពេញទំហឹង ដែលស្របតាមគោលដៅរបស់ អេ អាយ អេ ខេមបូឌា “ឆ្ពោះទៅមុខកាន់តែប្រសើរ” ដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេក្នុងការជួយប្រជាជនកម្ពុជាទាំងអស់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ហើយវាក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។

លោក Andrew Loh បានមានប្រសាសន៍ថា៖ “យើងមានមោទកភាពក្នុងការបន្តការឧបត្ថម្ភដល់លីគ និងបន្តភាពជាដៃគូរបស់យើងជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ គួរឲ្យកោតសរសើរបំផុតក្នុងប្រទេស។ ហើយយើងមានកិត្តិយសក្នុងការផ្តល់ជូនពួកគេនូវដំណោះស្រាយសុខភាព AIA ComCare និង AIA MedCare របស់យើង ដើម្បីការពារផ្នែកហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរ ក្នុងករណីពួកគេជួបប្រទះបញ្ហានានា។” លោក Andrew Loh ក៏បានបន្តទៀតថា “ការចាប់ដៃគ្នាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា អេ អាយ អេ ខេមបូឌា នឹងអាចពង្រឹងយុទ្ធសាស្ត្ររបស់យើងក្នុងការបណ្ដុះថ្នាលជើងឯកកីឡា តាមរយៈគម្រោងពង្រីកលីគទៅកាន់បណ្ដាខេត្តផ្សេងទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ។ យើងចង់ឲ្យកុមារជួបការខ្វះខាតទូទាំងប្រទេសកម្ពុជាមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការទាញយកអត្ថប្រយោជន៍ដែលពួកគេទទួលបានតាមរយៈការលេងបាល់ទាត់ ដើម្បីបង្កើតអនាគតដែលពួកគេចង់បាន។”

សម្រាប់ព័ត៌មានលម្អិតអំពីគំនិតផ្តួចផ្តើមនានាលើផ្នែកសុខភាពរបស់ អេ អាយ អេ ខេមបូឌា សូមផ្ញើអ៉ីមែល kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។

 

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

 

ម៉េង ដាណែត

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ       

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com