សេចក្តីប្រកាសសារព័ត៌មាន

AIA CAMBODIA និង ក្លឹបបាល់ទាត់ TOTTENHAM HOTSPUR ប្តេជ្ញាបន្តឧបត្ថម្ភអង្គការផ្កាយសមុទ្រ

14/08/2022 dot អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 14 ខែសីហា ឆ្នាំ 2022 – តាមរយៈភាពជាដៃគូយូរអង្វែងដ៏សំខាន់​រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA និងក្លឹបបាល់ទាត់​ដ៏ធំនៅអង់គ្លេស Tottenham Hostpur ទឹកប្រាក់ 4ម៉ឺនដុល្លារ ត្រូវបានបរិច្ចាគដល់​អង្គការផ្កាយសមុទ្រ (ISF Cambodia) នៅក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ លីគយុវជន AIA-ISF Grand Championship Youth League ដើម្បីផ្គត់ផ្គង់កម្មវិធីសិក្សាកុមារ​កម្ពុជា​ដែលជួបការខ្វះខាត​ឲ្យបានចូលរៀន ឬត្រឡប់ទៅរៀនបន្តវិញ។​

AIA CAMBODIA និង ក្លឹបបាល់ទាត់ TOTTENHAM HOTSPUR ប្តេជ្ញាបន្តឧបត្ថម្ភអង្គការផ្កាយសមុទ្រ

ក្លឹបបាល់ទាត់ Tottenham Hotspur គឺជាដៃគូយូរអង្វែងដ៏សំខាន់ របស់ AIA ដោយស្ថាប័នទាំងពីរចូលរួម លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

AIA Cambodia និង គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham​ Hotspur បានធ្វើការយ៉ាងសកម្មជាច្រើនឆ្នាំជាមួយបុគ្គលិកអង្គការផ្កាយសមុទ្រ (ISF Cambodia) និងគ្រូបង្វឹកស្ម័គ្រចិត្ត ដើម្បីគាំទ្រគំនិតផ្តួចផ្តើមលើបាល់ទាត់ថ្នាក់មូលដ្ឋានរបស់អង្គការនេះ។

Tottenham Hotspur ក៏ផ្តោតលើការចូលរួមលើកកម្ពស់ការសិក្សារបស់កុមារ ដែលសង្កត់ធ្ងន់លើការអប់រំថ្នាក់ពន្លឿន ជាការអប់រំដែលកុមារក្រីក្រ ដែលមិនធ្លាប់បានចូលរៀន ទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលត្រូវឲ្យពួកគេរៀន​ពីរថ្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេអាចូលរៀនថ្នាក់ដែលសមស្របទៅនឹងអាយុរបស់ខ្លួន​ ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន។ កម្មវិធីសិក្សាថ្នាក់ពន្លឿនពិសេសនេះ ផ្តល់នូវកម្មវិធី សិក្សា និងការថែទាំសុខភាព អាហារូបត្ថម្ភ និងការជ្រោមជ្រែងគ្រួសាររបស់កុមារៗដែលមិនធ្លាប់បានទៅសាលារៀន ឬត្រូវបានបង្ខំឱ្យបោះបង់ការសិក្សាដោយបញ្ហាជីវភាពក្រីក្រ។

ទឹកប្រាក់ឧបត្ថម្ភក្នុងឆ្នាំនេះ ជាផ្នែកមួយនៃការប្តេជ្ញាលើភាពជាដៃគូរវាង AIA Cambodia និងក្លឹប​ Tottenham Hotspur ក្នុងការចូលរួមគាំទ្រជាបន្តបន្ទាប់ដល់អង្គការ ផ្កាយសមុទ្រ (ISF Cambodia)។

កាលពីខែ ឧសភា ឆ្នាំ 2021 ក្លឹបបាល់ទាត់ Tottenham Hotspur បានដាក់ដេញថ្លៃអាវកីឡាករពាក់ក្នុងពេលប្រកួត ដែលមានហត្ថលេខាកីឡាករ ដែលនៅលើអាវនោះមាននិមិត្តសញ្ញា (ឡូហ្គោ) ISF ភ្ជាប់ជាមួយពាក្យ 'ពីកម្ពុជាដោយ AIA' ដែលត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក។

នៅឆ្នាំ 2022 នេះលីគយុវជន AIA-ISF Youth League បានតម្លើងថ្នាក់របស់ខ្លួនទៅជា AIA-ISF Grand Championship Youth League ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវធ្វើឡើងរវាងជើងឯកមកពីតំបន់/ខេត្តទាំង 4 ដូចជាកំពត កំពង់ស្ពឺ សៀមរាប និងភ្នំពេញ។ នេះជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់ AIA Cambodia និង អង្គការ ក្នុងការបង្កើនឱកាសឲ្យបានទៅដល់ កុមារកាន់តែច្រើនដើម្បីចូលរួមលេងនៅក្នុងលីគមូលដ្ឋានធំជាងគេរបស់​ព្រះរាជាណាចក្រកម្ពុជានេះ។

យើងអាចនិយាយបានថាវាលីគនេះពិតជាមានអត្ថន័យយ៉ាងធំធេង តាំងពីស្ថាប័នទាំងពីរបានចាប់ដៃគូកាលពី 5 ឆ្នាំមុន ក្នុងគោលបំណងបង្កើតឱកាសឱ្យកុមារ និងយុវជនដែលជួបបញ្ហាខ្វះខាត​អាចលេងបាល់ទាត់ក្នុងបរិយាកាសប្រកបដោយ​សុវត្ថិភាព អំណោយផល និងផ្តល់ឱកាសផ្សារភ្ជាប់ពួកគេទៅក្នុងសង្គមកាន់តែច្រើន។

កុមារ​ និងយុវជន 2533 នាក់មកពីក្រុមចំនួន 205 បានចូលប្រកួតក្នុងលីគ AIA-ISF​ Grand Champion Youth League ឆ្នាំ 2022 នេះ ដែលចាប់ផ្តើមតាំងពីខែ កុម្ភៈ ដោយមានពីរប្រកួតធ្វើនៅភ្នំពេញ និងមួយប្រកួតៗនៅកំពត សៀមរាប និងកំពង់ស្ពឺ។  ក្រុមដែលឈ្នះមកពីខេត្តនីមួយៗបានធ្វើដំណើរមកប្រកួតដើម្បីដណ្តើមជើងឯកនៅទីលាន បាល់ទាត់ ISF Sports Ground នៅថ្ងៃទីនេះ។

ក្នុង​ចំណោម​ភ្ញៀវកិត្តិយស​ដែល​បាន​ចូល​រួមដ៏ច្រើនកុះករ​ក្នុង​ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកនេះ យើងក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់​លោកស្រី ពុធ ធីតា សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់ស្ត្រី​​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កញ្ញា Shannon Moloney គ្រូ​បង្វឹក​ជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្រុម Tottenham Hotspur លោក Andrew Loh នាយក​ប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA Cambodia។​

គួរកត់សម្គាល់ផងដែរថា កុមារមួយចំនួនដែលធ្លាប់ទទួលបានឱកាសលេង និងឆ្លងកាត់ថ្នាលបណ្តុះបណ្តាល​ពីលីគនេះ  ឥឡូវបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករលេងឲ្យក្លឹបអាជីព និងមានឈ្មោះលេងឲ្យក្រុមជម្រើសជាតិផងដែរ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានមានប្រសាសន៍ថា “AIA មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាដៃគូសំខាន់ដ៏យូរអង្វែងជាមួយក្លឹបបាល់ទាត់ដ៏ធំ Tottenham Hotspur។ ភាពជាដៃគូនេះ គឺជាយាននាំទៅការពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយអតិថិជន និងសហគមន៍នានានៅទូទាំងតំបន់ ដែលយើងកំពុងធ្វើប្រតិបត្តិការ រួមទាំងប្រទេសកម្ពុជាផងដែរ។ យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយក្នុងការបន្តកិច្ចសហការជាមួយនឹងអង្គការ​ផ្កាយសមុទ្រ (ISF Cambodia) ជាអង្គការដែលជួយកុមារ​ និងយុវជននៅកម្ពុជាដែលជួបការខ្វះខាតតាមរយៈផ្តល់ការសិក្សាអប់រំ និងការផ្គត់ផ្គង់ផ្សេងៗដើម្បីជាទុនឈានទៅរកអនាគតដែលពួកគាត់សមនឹងទទួលបាន។​

ការចូលរួមជ្រោមជ្រែងលើការអប់រំ និងសេវាថែទាំសុខភាពដល់កុមារនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការលើគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្ស ១,000,000,000នាក់ (មួយពាន់លាននាក់) នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ ២០៣០។

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។


ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com