ភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានចាប់បើក យុទ្ធនាការ Fit for Hope ២០២២ ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្នាំនេះ AIA Cambodia ទទួលបានការគាំទ្រ និងសហការពីក្រសួងកិច្ចការនារី ដោយឈរលើគោលបំណងធំមួយ គឺបង្កើនការយល់ដឹង ផ្សព្វផ្សាយសារៈសំខាន់លើវិធានការបង្ការ និងជួយស្ត្រីកម្ពុជាឲ្យទទួលបានសុខភាពល្អ។
គួរកត់សម្គាល់ថា ពិធីបើកយុទ្ធនការនេះ ទទួលបានការចូលរួមពីគណអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA Cambodia តំណាងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដៃគូអាជីវកម្ម បុគ្គលិកនិងទីប្រឹក្សាផែនការជីវិត AIA Cambodia។
យុទ្ធនាការនេះមានរយៈពេលមួយខែ ដែលនឹងផ្តោតលើការរៃអង្គាសថវិកាដើម្បីគាំទ្រដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម សម្រាប់ផ្តល់ការពិនិត្យជំងឺប្រកបដោយគុណភាពខ្ពស់ ការពិគ្រោះ និងការព្យាបាលជំងឺមហារីកសុដន់ ក៏ដូចជាណែនាំដំណោះស្រាយសេវាធានារ៉ាប់រងលើផ្នែកសុខភាពដែលមានតម្លៃសមរម្យទៅកាន់ទូទាំងប្រទេស។
AIA Cambodia នឹងបន្តផ្តល់ការគាំទ្រដល់ដៃគូយូរអង្វែងគឺ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម តាមរយៈការឧបត្ថម្ភដល់នាយកដ្ឋានមហារីកសុដន់។ មន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមួយនេះ បានចាប់ដៃគូជាមួយ AIA Cambodia ចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមដំណើរការនៅកម្ពុជាមកម្ល៉េះ។
កម្មវិធីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ដែលកកើតចេញពីភាពជាដៃគូនេះ បានក្លាយជាកម្មវិធី មានអាយុកាលវែងជាងគេបំផុតនៅកម្ពុជា ជាមួយការផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ការពិនិត្យរោគវិនិច្ឆ័យ និងមធ្យោបាយផ្សេងៗសម្រាប់អ្នកជំងឺដែលមិនមានលទ្ធភាព ។
តាមរយៈយុទ្ធនាការ Fit for Hope ២០២២ នេះ AIA Cambodia នឹងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះតាមរយៈ ផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ និងវេទិកាអប់រំសុខភាពនៅតាមបណ្តាខេត្តចំនួន ៤ រួមានកំពត កំពង់ចាម សៀមរាប បាត់ដំបង និង ៣ទីតាំងនៅភ្នំពេញ គឺនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម អគារ City Tower និង Factory Phnom Penh។
សកម្មភាពដ៏ទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍មួយនៃយុទ្ធនាការ Fit for Hope នេះ គឺ “ដំណើរពណ៌ផ្កាឈូក” និងការប្រគំតន្ត្រីនៅទីក្រុងកោះពេជ្រ នៅថ្ងៃទី ២២ ខែតុលា ត្រូវនឹងខែដែលពិភពលោកប្រារព្ធទិវាយល់ដឹងអំពីជំងឺមហារីកសុដន់។ លើសពីនេះ បុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA Cambodia នឹងទទួលបានចំណេះដឹងបំប៉ន ដើម្បីទទួលយកតួនាទីថ្មី ជាបុគ្គលដ៏សំខាន់របស់យុទ្ធនាការនេះ ក្នុងការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអំពីការយល់ដឹងនៃជំងឺមហារីកសុដន់ទៅកាន់អតិថិជន និងមហាជន។
ក្នុងកម្មវិធីនោះ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា៖ «ជំងឺមហារីកសុដន់សព្វថ្ងៃនេះ គឺជាជំងឺមហារីកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញច្រើនជាងគេបំផុតក្នុងពិភពលោក ហើយដែលតួលេខអ្នកស្លាប់ភាគច្រើនជាស្ត្រី។ គោលបំណងរបស់យើង គឺចង់ផ្តល់ការអប់រំដល់ស្ត្រីទូទាំងប្រទេស នូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដែលផ្តល់ផលប៉ះពាល់ដល់ពួកគេមិនត្រឹមតែសុខភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវចិត្ត និងហិរញ្ញវត្ថុផងដែរ។
“ខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុន AIA Cambodia មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ក្រុមការងារ និងដៃគូពាក់ព័ន្ធទាំងអស់សម្រាប់គំនិតផ្តួចផ្តើមលើយុទ្ធនាការប្រចាំឆ្នាំនេះឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីជំងឺមហារីកសុដន់ដល់សាធារណជន។ តាមរយៈផ្តល់ការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ និងការគាំទ្រនេះ អាចឲ្យស្ត្រីកម្ពុជាកាន់តែច្រើនទទួលបានចំណេះដឹងកាន់តែច្បាស់អំពីជំងឺនេះ ក៏ដូចជារបៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិតផងដែរ។”
លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានលើកឡើងថា “ នេះ ជាកិត្តិយសដ៏ធំធេងរបស់យើងដែល Fit for Hope ក្នុងឆ្នាំនេះត្រូវបានគាំទ្រដោយក្រសួងកិច្ចការនារី។ AIA Cambodia បានចុះអនុស្សរណៈយោគយល់លើកិច្ចសហការជាមួយក្រសួងកិច្ចការនារីកាលពីខែ មេសា ឆ្នាំនេះ លើគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា” ដើម្បីបង្កើនការយល់ដឹងដល់ស្ត្រី សមភាពយេនឌ័រនិងសិទ្ធិស្ត្រី។ យើងខ្ញុំសូមអរគុណអស់ពីចិត្ត ដល់ក្រសួងកិច្ចការនារីចំពោះការចូលរួមសហការ និងគាំទ្រយុទ្ធនាការនេះ ហើយយើងខ្ញុំជឿជាក់ថាតាមរយៈការជួយជ្រោមជ្រែងរបស់ក្រសួងកិច្ចការនារីនេះ នឹងជួយជម្រុញ ដល់ការបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់ដល់សហគមន៍ឲ្យបានកាន់តែទូលំទូលាយ»។
“យើងខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងដែលរាល់កម្មវិធីចុះដល់មូលដ្ឋាន និងសកម្មភាពទាំងអស់របស់យុទ្ធនាការនេះត្រឡប់មកវិញ បន្ទាប់ពីអាក់ខានដោយសារជំងឺរាតត្បាតកូវីដ។
កត្តាទាំងនេះពិតជាជួយបង្កើតប្រសិទ្ធិភាពរយៈពេលយូរអង្វែង ដើម្បីឲ្យព័ត៌មានទាំងអស់បានទៅដល់ដៃប្រជាជនកម្ពុជាកាន់តែច្រើន និងអនុញ្ញាតឱ្យយើងខ្ញុំបានភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយប្រជាជនថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថារាល់តម្រូវការ ឬបញ្ហាត្រូវបានពិភាក្សារវាងប្រជាជនកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យព្រះសីហនុមន្ទីរមណ្ឌលនៃក្តីសង្ឃឹម បុគ្គលិកនិងទីប្រឹក្សាផែនការជីវិត AIA Cambodia របស់យើង»។
លោកបានបន្ថែមថា AIA Cambodia មានកិត្តិយសក្នុងការបន្តភាពជាដៃគូជាមួយមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យធ្វើការដោយឥតស្រាកស្រាន្តអស់រយៈពេលជិតបួនទសវត្សរ៍ដើម្បីជួយស្ត្រីកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ កិច្ចសហការនេះក៏ជួយឱ្យ AIA Cambodia សម្រេចបាននូវគោលបំណងក្នុងការជួយប្រជាជនកម្ពុជារស់ឲ្យនៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ហើយស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយដល់ប្រជាជនមួយពាន់លាននាក់នៅអាស៊ីឱ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០។
“យើងខ្ញុំសូមគោរពអញ្ជើញប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រួមគ្នាធ្លុងមួយ ដើម្បីគាំទ្រដល់យុទ្ធនាការនេះ និងចូលរួមបរិច្ចាគដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ នៅពេលយើងពួតដៃធ្វើការរួមគ្នា យើងប្រាកដជាអាចសម្រេចកិច្ចការធំៗជាច្រើន ហើយ Fit for Hope នឹងរង់ចាំអ្នកទាំងអស់គ្នាដើម្បីបង្កើតភាពជឿជាក់ ធានាថាស្ត្រីកម្ពុជាទាំងអស់នឹងទទួលបានសុខភាព និងជីវិតកាន់តែប្រសើរឡើង»។
ចំពោះសាធារណជន និងអ្នកដែលបានអញ្ជើញទៅវេទិកាអប់រំស្តីពីជំងឺមហារីកសុដន់នៅតាមទីតាំងខេត្ត/ក្រុងទាំងប្រាំពីរខាងលើ អាចចូលរួមបរិច្ចាគចាប់ពី 1ដុល្លារជាសាច់ប្រាក់ ឬតាមរយៈគណនីធនាគារ ABA ខាងក្រោម៖
• លេខគណនី ABA ៖ ០០៤៤០០៥៣៩
• ឈ្មោះគណនី ៖ AIA (CAMBODIA) LIFE INSURANCE PLC
សម្រាប់រាល់ការបរិច្ចាគ ៥ ដុល្លារ នឹងទទួលបានអាវយឺត ឬ ឆត្រយុទ្ធនាការ Fit for Hope ដើម្បីជាការថ្លែងអំណរគុណ។
ថវិកាទាំងអស់ដែលទទួលបានទាំងអស់នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដើម្បីជួយដល់ស្ត្រីកម្ពុជាដែលត្រូវការជំនួយឲ្យទទួលបានការពិនិត្យ និងការព្យាបាលជំងឺមហារីកសុដន់នេះទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការ Fit for Hope និងដំណោះស្រាយពី AIA Cambodia លើផែនការអនាគត និងការពារជំងឺធ្ងន់ធ្ងរលើគ្រួសាររបស់លោកអ្នក សូមតាមដានទំព័រហ្វេសប៊ុករបស់ AIA Cambodia ឬចូលទៅកាន់គេហទំព័រ aia.com.kh។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។
ទំនាក់ទំនងសារព័ត៌មាន
ម៉េង ដាណែត
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក