រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ – គ្រូបង្វឹកពីក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» លើកទីបួន និងជាវគ្គបញ្ចប់ផងដែរ។ កម្មវិធីនេះ ជាកិច្ចផ្តួចផ្តើមដំបូងគេបំផុត ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) រួមគ្នាជាមួយក្លិបបាល់ទាត់ Spurs ព្រមទាំងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”)។ កិច្ចផ្តួចផ្តើមនេះ បានចាប់ផ្តើមពីខែកុម្ភៈ ដើមឆ្នាំនេះ ដោយមានគោលដៅលើកកំពស់វិស័យបាល់ទាត់សម្រាប់សហគមន៍ថ្នាក់មូលដ្ឋាននៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលចំណេះ ជំនាញអភិវឌ្ឍកម្មវិធីសម្រាប់យុវជន ដល់គ្រូបង្វឹកបាល់ទាត់ក្នុងស្រុក។ បុព្វហេតុចំបងនៃកិច្ចផ្តួចផ្តើមនេះ កើតឡើងចេញពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ដើម្បីជំរុញឲ្យប្រជាជនខ្មែរមានសុខភាព និងជីវិតកាន់តែប្រសើរ។
គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Tottenham Hotspur ពីររូបគឺលោក Anton Blackwood និង Aaron Tillbrook បានមកកម្ពុជាជាច្រើនដងក្នុងឆ្នាំនេះ ផ្តល់ការហ្វឹកហាត់ដល់គ្រូបង្វឹកប្រមាណ ៥០រូបពី CNCC និងពីក្លិបនានាក្នុងក្របខណ្ឌខេមបូឌាន លីគ។
វគ្គបណ្តុះបណ្តាលកាលពីខែកុម្ភៈ មិថុនា និងខែកញ្ញាកន្លងទៅនេះ ផ្តោតលើវិធីសាស្ត្របង្កើតបរិយាកាសហ្វឹកហាត់ដ៏ល្អ វិធីសាស្ត្ររៀបចំវគ្គហ្វឹកហាត់សម្រាប់ក្រុមក្មេងៗ វិធីសាស្ត្ររៀបចំកម្មវិធីបង្ហាត់ពិស្តារ វិធីសាស្ត្ររៀបចំវគ្គ៦សប្តាហ៍សម្រាប់សហគមន៍ដោយជោគជ័យផ្អែកលើវិធីសាស្ត្រមុំបួន ដែលជាវិធីសាស្ត្រពិសេសមួយរៀបរៀងដោយក្លិប Spurs ផ្ទាល់។
វគ្គចុងក្រោយ នៃកម្មវិធីនេះ រួមមានទាំងការបណ្តុះបណ្តាលក្នុងថ្នាក់រៀន និងការហ្វឹកហាត់នៅក្នុងតារាងបាល់ទាត់នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ វគ្គនេះ ផ្តោតលើការផ្សារភ្ជាប់វិធីសាស្ត្រទាំងឡាយដែលបានលើកឡើងកន្លងមក ដើម្បីធានាថាគ្រូបង្វឹកចូលរួមអាចអនុវត្តនូវកម្មវិធីហ្វឹកហាត់ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ សម្រាប់ក្រុមយុវជននៃក្លិបនីមួយៗរៀងៗខ្លួនក្នុងពេលអនាគត។ ការអនុវត្តរបស់គ្រូបង្វឹកនីមួយៗ ក៏ត្រូវបានវាយតម្លៃផងដែរ។
គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមានប្រសាសន៍ថា «ពេលយើងមើលលើការហ្វឹកហាត់ដែលបានធ្វើឡើងក្នុងឆ្នាំនេះ យើងពិតជារីករាយដែលបានឃើញគ្រូបង្វឹកកម្ពុជាទទួលបានបទពិសោធន៍ថ្មីៗជាច្រើន។ មកដល់ពេលនេះ យើងបានចែករំលែកជំនាញ និងវិធីសាស្ត្របង្វឹកមូលដ្ឋានទាំងឡាយ។ ដូច្នេះ នៅក្នុងវគ្គចុងក្រោយនេះ យើងពិនិត្យមើលលើកម្មវិធីទាំងមូលជាពិស្តារ និងផ្តោតលើវិធីសាស្ត្រល្អបំផុតក្នុងការអនុវត្តជំនាញដែលបានរៀនកន្លងមក ក្នុងការបង្វឹកជាក់ស្តែង។»
អេ អាយ អេ ខេមបូឌា អាចរៀបចំ«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍»នេះបាន ដោយសារតែក្រុមហ៊ុននេះជាដៃគូសាកលផ្លូវការរបស់ក្លិបបាល់ទាត់ Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ ស្របពេលនឹងការជួយឲ្យពួកគេទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ ដែលនេះគឺជាការប្តេជ្ញារបស់ អេ អាយ អេ ទាំងមូល។
លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅលើពិភពលោក ដែលមានសាវតាប្រកបមោទភាពក្នុងការលើកកំពស់ការរស់នៅដោយសុខភាពល្អ យើងពិតជារីករាយណាស់ដែលយើងអាចអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកពីក្លិប Spurs ដៃគូរបស់យើង មកកម្ពុជា និងជួយអភិវឌ្ឍបទដ្ឋានបាល់ទាត់សហគមន៍។ យើងប្តេជ្ញាចាប់យកតួនាទីយ៉ាងសកម្មលើការងាយជួយសហគមន៍របស់យើង ហើយសម្រាប់កម្មវិធីនេះ ជំនួយរបស់យើងផ្តោតលើការធ្វើឲ្យការហ្វឹកហាត់បាល់ទាត់ថ្នាក់សហគមន៍កាន់តែប្រសើរ និងផ្តោតលើការអភិវឌ្ឍទេពកោសល្យក្មេងៗ។ បើទោះបីជាកម្មវិធីបណ្តុះបណ្តាលមួយនេះបានមកដល់ទីបញ្ចប់ក៏ពិតមែន តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចផ្តួចផ្តើមជាច្រើនផ្សេងទៀតនាពេលអនាគត ដែលផ្តល់គុណប្រយោជន៍ដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋខ្មែរ។»
អំពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅចុងឆ្នាំ ២០១៦ CNCC ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំងការិយាល័យទីផ្សារ និងការផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពីក្លិបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។
មូលនិធិដែលទទួលបានពានរង្វាន់ដែលបានបង្កើតឱកាស ៣ លានដង ដើម្បីជួយលើកកម្ពស់ជីវិតប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំ ការងារ សុខភាព និងកម្មវិធីផ្សេងៗដែលមានក្នុងសង្គម។