រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ – គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League បានមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីចាប់ផ្តើមវគ្គទីបី នៃ«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”)។ គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមនៅដើមឆ្នាំនេះក្នុងខែកុម្ភៈដោយភ្ជាប់ជាមួយ Spurs ក្នុងគោលដៅលើកកម្ពស់បទដ្ឋានបាល់ទាត់កម្ពុជានៅកម្រិតមូលដ្ឋាន ស្របគ្នានឹងការជួយឲ្យសហគមន៍មានសុខភាព និងជីវិតកាន់តែប្រសើរ។
គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Shaun Harris បានធ្វើការចែករំលែកចំណេះដឹងដល់គ្រូបង្វឹកជាង ៥០ រូបរបស់ CNCC និងក្លិបនានាក្នុងក្របខណ្ឌកំពូលនៅកម្ពុជាជាច្រើនដងពេញមួយឆ្នាំនេះ។ ហើយវគ្គទីបីនេះ ផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះបណ្តាល ដែលស្របទៅនឹងទស្សនៈវិស័យរបស់ Spurs ដែលគេស្គាល់ថាជាយុទ្ធសាស្ត្រមុំទាំងបួន។
ដោយបានលើកឡើងពីយុទ្ធសាស្ត្រមុំទាំងបួននេះ គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមានប្រសាសន៍ថា «ដំណាក់កាលទីបី នៃកម្មវិធីបណ្តុះបណ្តាលរបស់យើង នឹងផ្តោតលើការចែករំលែកទស្សនៈវិស័យនៃក្លិប Tottenham Hotspur ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍបាល់ទាត់ទាំងបួនជ្រុងដូចជា យុទ្ធសាស្ត្រ បច្ចេកទេស ចិត្តសាស្ត្រ និងសង្គមសាស្ត្រ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតរបស់គ្រូបង្វឹកក្នុងការអភិវឌ្ឍយុវជន»។
អេ អាយ អេ ខេមបូឌា បាននាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនជាដៃគូផ្លូវការសាកលរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពនៃការលេងកីឡាជាប្រចាំ។
លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលបាល់ទាត់នេះដំណើរការពេញមួយឆ្នាំ។ តាមរយៈការជំរុញទឹកចិត្ត និងការជួយបណ្តុះជំនាញយុវជននៅក្នុងប្រទេស អេ អាយ អេ ខេមបូឌា បានបង្ហាញជាសាធារណៈ និងបានបំពេញនូវការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជននៅទីនេះឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ យើងរំពឹងថាកិច្ចផ្តួចផ្តើមនេះ អាចអភិវឌ្ឍគុណភាពនៃការបណ្តុះបណ្តាលបាល់ទាត់មូលដ្ឋាននៅកម្ពុជា និងលើកកំពស់ចំណាប់អារម្មណ៍ និងការចូលរួមក្នុងវិស័យបាល់ទាត់ជាពិសេសសម្រាប់កុមារ និងយុវវ័យ។
ដូចវគ្គពីរមុនៗដែរ វគ្គបណ្តុះបណ្តាលទីបីនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានទាំងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន។ នេះគឺជាវគ្គទីបីនៃវគ្គបណ្តុះបណ្តាលនេះ ហើយវគ្គចុងក្រោយគឺនៅចុងឆ្នាំនេះ ដោយផ្តោតលើវិធីសាស្រ្តក្នុងការជួយឲ្យគ្រូបង្វឹកទាំងអស់អាចផ្សារភ្ជាប់វិធីសាស្រ្តដែលគាត់ទទួលបាន ដើម្បីធានាថាពួកគាត់អាចអនុវត្តកម្មវិធីបណ្តុះបណ្តាលពិស្តារ ដែលមានរចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមយុវជនកម្ពុជានាពេលអនាគត។
គ្រូបង្វឹកទាំងអស់ដែលបានចូលរួម ធ្លាប់បានរៀនពីរបៀបអភិវឌ្ឍទម្រង់បណ្តុះបណ្តាលល្អបំផុត រួមជាមួយព័ត៌មានលម្អិតបន្ថែមអំពីវិធីរៀបចំផែនការ និងបង្កើតវគ្គបណ្តុះបណ្តាលបាល់ទាត់យ៉ាងសមស្របបំផុតសម្រាប់ក្រុមយុវជន។
គ្រូបង្វឹកម្នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា «វាជាកិត្តិយសណាស់ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្វឹកជំនាញដែលជាគ្រូបាល់ទាត់អាជីពក្នុងវិស័យបាល់ទាត់កម្រិតកំពូល។ ខ្ញុំបានរៀនសូត្រច្រើនពីពីរវគ្គមុន ដូច្នេះខ្ញុំប្រាកដថាវគ្គបន្ទាប់នេះនឹងកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត នៅពេលយើងសិក្សាកាន់តែស៊ីជម្រៅលើជំនាញបាល់ទាត់ និងយុទ្ធសាស្ត្របណ្តុះបណ្តាល»។
អំពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅចុងឆ្នាំ ២០១៦ CNCC ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំងការិយាល័យទីផ្សារ និងការផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពីក្លិបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។
មូលនិធិដែលទទួលបានពានរង្វាន់ដែលបានបង្កើតឱកាស ៣ លានដង ដើម្បីជួយលើកកម្ពស់ជីវិតប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំ ការងារ សុខភាព និងកម្មវិធីផ្សេងៗដែលមានក្នុងសង្គម។