រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ – ជំហ៊ានទីពីរនៃ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ក្រោមការសហការណ៏រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) បានចាប់ផ្តើមក្នុងថ្ងៃនេះ ជាមួយគ្រូបង្វឹកពីររូបលំដាប់ English Premier League ដែលបានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្វឹកកម្ពុជាចំនួន ៥៦នាក់ដែលមកពីក្លិបនានាក្នុងក្របខណ្ឌ កំពូលនៅកម្ពុជា Cambodian League។
កម្មវិធីនេះបានផ្តួចផ្តើមឡើងកាលពីខែកុម្ភៈក្នុងឆ្នាំនេះ ដោយមានការចូលរួមពីក្រុមគ្រូបង្វឹកនៃក្លិប Tottenham Hotspur Football Club (“Spurs”) នៅក្នុងក្របខណ្ឌ English Premier League។ កម្មវិធីនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាក្នុងកម្រិតមូលដ្ឋាន ស្របពេលនឹងការជួយឲ្យសហគមន៍ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
នេះគឺជាវគ្គទីពីរនៃគម្រោងផ្តួចផ្តើមដែលមានបួនវគ្គ ហើយត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលផ្តោតលើការបង្កើតបរិយាកាសបង្ហាត់បង្រៀន និងការរៀបចំផែនការសកម្មភាពបណ្តុះបណ្តាលដែលល្អបំផុតសម្រាប់ក្មេងៗ។ គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Aaron Arthur បានចំណាយពេលពេញមួយព្រឹកនេះក្នុងការផ្តល់ជូននូវបទពិសោធន៍ និងផ្ទេរចំណេះជំនាញដល់អ្នកចូលរួមទាំងអស់ ដែលរួមមានទ្រឹស្ដីទាំងនៅក្នុងថ្នាក់រៀន និងការអនុវត្តជាក់ស្តែងក្នុងតារាងបាល់ទាត់ផ្ទាល់។
លោក Anton Blackwood បានលើកឡើងថា «ចំនុចសំខាន់នៃវគ្គទីពីរនៃកម្មវិធីនេះ គឺផ្តល់ឲ្យគ្រូបង្វឹកកម្ពុជានូវជំនាញ និងវិធី សាស្ត្រកម្រិតពិភពលោក ដែលយើងបានកសាងឡើងនៅក្នុងក្លិប Spurs ដើម្បីជួយឲ្យគ្រូបង្វឹកនៅទីនេះ អាចបង្កើតបរិយាកាសហ្វឹកហាត់ល្អបំផុតសម្រាប់ក្រុមយុវជន រួមជាមួយនឹងអត្ថប្រយោជន៍ច្រើនទៀតពីវគ្គបណ្តុះបណ្តាលនីមួយៗ។ ដោយឃើញពីកម្រិតទទួលយកខ្ពស់លើការហ្វឹកហាត់កន្លងមក យើងទុកចិត្តថាគ្រូបង្វឹកម្នាក់ៗកំពុងរីករាយនឹងកម្មវិធីនេះ ហើយក៏ស្វាគមន៍ទទួលយកចំណេះដឹងជាច្រើនដែលយើងកំពុងចែករំលែកផងដែរ»។
អេ អាយ អេ ខេមបូឌា អាចនាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជាដោយសារតែខ្លួនជាដៃគូផ្លូវការរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលពីរនាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា។
លោកស្រី Pauline Teoh ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ការជួយសហគមន៍ឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែពេញលេញ គឺជាផ្នែកសំខាន់នៃការងាររបស់យើងនៅ អេ អាយ អេ ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើចំនុចនេះ។ ដូច្នេះយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលឃើញដៃគូរបស់យើងផ្តល់ជាអត្ថប្រយោជន៍ដល់ស្ថាប័នក្នុងស្រុកដូចជា CNCC និងក្លិបក្នុងក្របខណ្ឌ Cambodian League។ យើងសង្ឃឹមថាកម្មវិធីនេះ នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងទៅលើការហ្វឹកហាត់កីឡាបាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជា ព្រមទាំងអាចទាក់ទាញការចូលរួមពីកុមារា កុមារីតូចៗកាន់តែច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលេងកីឡាផងដែរ»។
កម្មវិធីនេះ រួមបញ្ចូលពីរវគ្គបន្ថែមទៀតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ។ ហើយវគ្គបន្ទាប់ នឹងផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះ បណ្តាលពិស្តារលើការរៀបចំផែនការវគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយសប្តាហ៍។ វគ្គចុងក្រោយនឹងផ្តោតទៅលើវិធីសាស្ត្រដែលគ្រូបង្វឹកអាចប្រើប្រាស់វិធីសាស្រ្តទាំងអស់ ដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលទាំងមូល ដើម្បីអាចបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងពេញលេញ។
លោកគ្រូបង្វឹក ឈុន សុធារ័ត្ន ដែលមកពីក្លិបដែលចូលរួម បានមានប្រសាសន៍ថា «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំបានយល់ដឹងច្រើនណាស់ថ្ងៃនេះ។ នេះជាឱកាសពិសេសខ្លាំងណាស់ ដែលខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយគ្រូបង្វឹកលំដាប់ពិភពលោកដូចលោក Anton និង Aaron។ ខ្ញុំនឹងចូលរួមវគ្គបន្ទាប់ទៀត ដើម្បីអាចបង្កើនជំនាញបង្វឹករបស់ខ្ញុំបន្ថែមទៀត»។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រង ៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅចុងឆ្នាំ ២០១៦ CNCC ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំងការិយាល័យទីផ្សារ និងការផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។
អំពីក្លឹបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។