រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ – កុមារកម្ពុជា២៤នាក់ត្រូវបានជ្រើសរើសដោយក្លិបបាល់ទាត់ Tottenham Hotspur Football Club (“Spurs”) នៃក្របខណ្ឌ English Premier League ដើម្បីទទួលបានអាហារូបករណ៍ហ្វឹកហាត់បាល់ទាត់លំដាប់ថ្នាក់ពិភពលោក AIA Elite Football Camp នៅភូកេត ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)។ ការហ្វឹកហាត់រយៈពេល៦ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅរមណីដ្ឋានសុខភាព និងពហុកីឡា Thanyapura មានគោលដៅជួយឲ្យក្មេងៗអាចអភិវឌ្ឍទម្លាប់នៃការរស់នៅដែលមានសុខភាពល្អ ព្រមទាំងផ្តល់ឱកាសដល់ពួកគេទទួលបាននូវការលេងបាល់ទាត់ និងការហ្វឹកហាត់ ជាមួយគ្រូបង្វឹក និងទីតាំងលំដាប់អន្តរជាតិ។
អតិថិជនដែលបានការពារដោយ អេ អាយ អេ ខេមបូឌា ចាប់ពីចន្លោះពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ទទួលបានឱកាសឲ្យកូនរបស់គាត់ចូលរួមវគ្គវាយតម្លៃដោយគ្រូបង្វឹក Spurs នៅកីឡដ្ឋាន អេ អាយ អេ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក។ គោលបំណងនៃការវាយតម្លៃនេះ គឺដើម្បីស្វែងរកកុមារដែលសមត្ថភាពកីឡាបាល់ទាត់ និងវិន័យល្អ។ អេ អាយ អេ ខេមបូឌា ក៏បានរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ចំនួន៤ដងមុននេះផងដែរ ដោយឥតគិតថ្លៃ សម្រាប់កុមារដែលចូលរួម ដើម្បីជួយពួកគេអភិវឌ្ឍជំនាញ និងបង្កើនឱកាសទទួលបានការជ្រើសរើស។
គ្រូបង្វឹក Spurs លោក Anton Blackwood បានលើកឡើងថា «ខ្ញុំពិតជារីករាយណាស់ ដែលបានឃើញកុមារមានទេពកោសល្យជាច្រើននៅវគ្គវាយតម្លៃនេះ ហើយវាធ្វើឲ្យយើងមានការពិបាកក្នុងការសម្រេចចិត្ត ព្រោះអាហារូបករណ៍នេះមានចំនួនកំណត់។ យ៉ាងណាក៏ដោយ យើងមានទំនុកចិត្តថាយើងពិតជាបានជ្រើសរើសកុមារ ដែលមានសក្តានុពលពិតប្រាកដ អាចឲ្យយើងខ្ញុំជួយអភិវឌ្ឍពួកគាត់នៅក្នុងការហ្វឹកហាត់ពេញលេញនៅភូកេត ខែក្រោយ។»
ការហ្វឹកហាត់នេះ នឹងធ្វើឡើងដោយគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិ Spurs ក្នុងបំណងអភិវឌ្ឍជំនាញបាល់ទាត់ និងសុខភាពរាងកាយរបស់កុមារតាមរយៈការហ្វឹកហាត់ និងការប្រកួត។ បន្ថែមពីនេះ អាហារូបករណ៍នេះក៏នឹងមានការអភិវឌ្ឍបុគ្គលិកលក្ខណៈរួមជាមួយនឹងមេរៀន និងការរៀបចំរបបអាហាររូបត្ថម្ភល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ។ អេ អាយ អេ ខេមបូឌា នឹងទទួលរ៉ាប់រងលើការចំណាយទាំងស្រុងសម្រាប់កម្មវិធីអាហារូបករណ៍នេះ។
AIA គឺជាដៃគូផ្លូវការរបស់ក្លិប Spurs ដែលជាក្លិបបាល់ទាត់ឈានមុខគេនៅក្នុងក្របខណ្ឌ English Premier League ហើយថ្មីៗនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ Champions League ផងដែរ។ ក្រោមការចាប់ដៃគូនេះ ក្លិបបាល់ទាត់ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកលំដាប់កំពូលពីរនាក់នៅទ្វីបអាស៊ី ដើម្បីសហការជាមួយ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះក្តីស្រឡាញ់លើវិស័យបាល់ទាត់។ ភាគីទាំងពីរ បានរួមគ្នារៀបចំនូវគំនិតផ្តួចផ្តើមផ្នែកបាល់ទាត់ជាច្រើនដែលបានជួយកុមារ និងប្រជាជនកម្ពុជារាប់ពាន់នាក់ឲ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
លោកស្រី Pauline Teoh ថ្នាក់គ្រប់គ្រង អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយណាស់ ដែលតាមរយៈការចាប់ដៃគូជាមួយនឹងក្រុមកីឡាបាល់ទាត់ឈានមុខគេដូចជាក្លិប Tottenham Hotspur យើងអាចផ្តល់ឲ្យកុមារនៅកម្ពុជានូវឱកាសហ្វឹកហាត់បាល់ទាត់លំដាប់ពិភពលោក។ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ស្របពេលនឹងការផ្សព្វផ្សាយសារដ៏សំខាន់របស់យើង ដែលថាការធ្វើលំហាត់ប្រាណ ជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសុខភាពល្អ»។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពីក្លឹបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខបួន នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League បួនឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។