សេចក្តីប្រកាសសារព័ត៌មាន

យុទ្ធនាការ FIT FOR HOPE BY AIA៖ រួមគ្នាលើកកំពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

20/10/2018 dot អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ២0 ខែតុលា ឆ្នាំ ២០១៨​ – យុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោក ត្រូវ​បាន​ប្រារព្វឡើង សម្រាប់ខែតុលា ដែល​ជាខែសម្រាប់ការ​លើកកំពស់ការយល់ដឹងពីជំងឺមហារីកសុដន់។ត្រូវ​បាន​ប្រារព្វឡើង សម្រាប់ខែតុលា ដែលត្ បូពណ៌ផ្កាឈូកគ្រប់ទំហំ លេចចេញរូបរាងនៅគ្រប់ទីកន្លែងទាំងនៅតាមបណ្តាញអ៊ីនធើនែត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះ បាន​ធ្វើឡើងគ្រប់សណ្ឋាន។ នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ “FIT FOR HOPE by AIA” បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ ប្រមូលផ្តុំគ្នានៅទីលានកោះពេជ្រ ដោយបានទទួល​ថវិកាបរិច្ចាគចំនួន ៣០,០០០ ដុល្លារអាមេរិក សម្រាប់បុព្វហេតុ​មួយនេះ។

តាមរយៈ​ការ​គាំទ្រពីសាលារាជធានីភ្នំពេញ និងការចូលរួម​ពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ យុទ្ធនាការ "FIT FOR HOPE by AIA" បានប្រព្រឹត្តិទៅរយៈពេលជាងមួយខែ ក្រោមការរៀបចំដោយក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)  និងមន្ទីរពេទ្យព្រះ​សីហនុ មណ្ឌល​នៃ​ក្តី​សង្ឃឹម (“SHCH”)។ SHCH គឺជាមន្ទីរ​ពេទ្យ​សប្បុរសធម៌ ដែលមាន​កម្មវិធីពិនិត្យ និងព្យាបាលជំងឺមហារីកសុដន់រយៈពេលយូឆ្នាំជាងគេនៅក្នុងប្រទេសកម្ពុជា។

មហារីកសុដន់ គឺ​ជាប្រភេទជំងឺ​មហារីកដែល​​កើតមាន​​ឡើងច្រើន​បំផុត​ចំពោះ​ស្ត្រី​ទូទាំងពិភពលោក។ នៅ​កម្ពុជា បញ្ហា​ទាក់ទិននឹង​ជំងឺនេះ គឺកាន់តែធ្ងន់ធ្ងរ ​ដោយការ​យល់​ដឹងនៅមានកម្រិតទាប​ និងកង្វះធនធានសម្រាប់ការ​ព្យាបាល។ នេះបណ្តាលឲ្យមានករណីជាច្រើនមិនអាចព្យាបាលបាន ដោយសារតែការធ្វើរោគវិនិច្ឆ័យឲ្យដឹងពីជំងឺនេះ ត្រូវ​បាន​ធ្វើឡើង​ក្នុងដំណាក់កាលធ្ងន់ធ្ងរ។​ មាន​ប្រសាសន៍នៅពេល​ដឹក​នាំក្រុម​អ្នកជំនាញផ្តល់​ការ​ពិនិត្យ និង​ពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃក្នុងថ្ងៃនេះផ្ទាល់ លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បាន​លើកឡើង​ថា “រហូតដល់ទៅ ៧0% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំ គឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ប្រសិនបើគាត់មកកាន់មន្ទីរពេទ្យអោយបានឆាប់ជាងនេះ គឺពិតជាអាចជួយបានច្រើន។ ”លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា“ ក្នុងករណីខ្លះ ដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តង ដែលបានរារាំង បន្ទុចបង្អាក់មិនអោយអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃ គឺជារឿងមិនសមរម្យទាល់តែសោះ។ ក្រោមហេតុផលនេះហើយដែលបង្ហាញឲ្យឃើញថា យុទ្ធនាការ FIT FOR HOPE by AIA ពិតជាមាន​សារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា។ ហើយយើងខ្ញុំ ពិតជាអរគុណខ្លាំងណាស់ ដែលមាន​យុទ្ធនាការនេះឡើង។"

ព្រឹត្តិការណ៍ "FIT FOR HOPE by AIA" បានចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ដោយ អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានសហការជាមួយភាគីជាច្រើនដើម្បីលើកកំពស់ការយល់ដឹង រួមនឹងសកម្មភាពដូចជា៖

  • សកម្មភាពផ្សព្វផ្សាយចំពោះបណ្តាបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ព្រមទាំងអ្នកសហសេវិកនានា
  • ការផ្សព្វផ្សាយ និងគាំទ្រលើបណ្តាញសង្គម ដោយតារាល្បីៗ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ
  • សិក្ខាសាលាផ្តោតលើការលើកកម្ពស់ការយល់ដឹង​ និង​កត្តាប្រឈមនៃជំងឺមហារីកសុដន់ដល់និស្សិតសាកលវិទ្យាល័យរាប់រយនាក់ និង
  • សកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សារនានា និងសាកលវិទ្យាល័យមួយចំនួន។

យុទ្ធនាការនេះ បាន​សម្រេចបញ្ចប់នៅក្នុង​ថ្ងៃនេះផ្ទាល់ ដោយមានកម្មវិធីជាច្រើនទៀតផងដែរ ដូចជា៖

  • ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញ ជូន​ដល់សាធារណៈជនប្រមាណ ១,៣០០ នាក់
  • ក្បួនដើរដង្ហែរសប្បុរស់ធម៌ពណ៌ផ្កាឈូក ហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមក បានទទួលការចូលរួមពីមនុស្សចំនួនជិត ២,០០០ នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ
  • ការរាំហ្សូមបា ដែលមានអ្នកចូលរួមរាំប្រហែល ៨០០ នាក់
  • ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែល​បាន​ជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្ត្រីដែលមានតារាល្បីៗនៅកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០,០០០ នាក់បន្ថែមទៀត។

ឈរពីមុខអ្នកចូលរួមក្បួនដើរដង្ហែរ Pink Walk ដែលពោរពេញដោយភាពសប្បាយរីករាយ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា "យើងខ្ញុំ រីករាយណាស់ដែលឃើញមនុស្សជាច្រើនរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំ សប្បាយចិត្តយ៉ាងខ្លាំង ដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោលបល់ពីជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ ដល់មនុស្សប្រមាណ ៣,០០០ នាក់ នៅថ្ងៃនេះ។ ចំនួននេះ គឺប្រាំពីរដងច្រើនជាកាលដែលយើងបានផ្តល់ជូន​ក្នុង​ឆ្នាំមុន។” លោក Richard បានបន្ថែមជាមួយនឹងការសង្កត់ធ្ងន់លើកំណើននៃឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការនេះថា "ដោយមាន​ការចូលរួម​បរិច្ចាគពីដៃគូរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុន​ជាច្រើនទៀត ព្រមទាំងសប្បុរសជនដ៏សន្ធឹកសន្ធាប់ យុទ្ធនាការ "FIT FOR HOPE by AIA" នៅឆ្នាំនេះ បានទទួលថវិកាបរិចា្ចគសរុបចំនួន ៣០,០០០ ដុល្លាអាមេរិចសម្រាប់ទ្រទ្រង់កម្មវិធីមហារីសុដន់របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺច្រើនជាងបីដង បើធៀបនឹងថវិកាប្រមូលបានឆ្នាំមុន។ ជាមួយយុទ្ធនាការនេះ យើងអាចជួយសង្គ្រោះជីវិតបានកាន់តែច្រើន តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការព្យាបាលរបស់មន្ទីរពេទ្យនេះ។ "

លោកស្រី ហាក់ សំអាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្មគ័្រចត្តមិត្តអប់រំមិត្តម្នាក់នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងដោយក្តីរីករាយនៅក្នុងវគ្គចែករំលែកបទពិសោធន៍ មុនការប្រគុំតន្ត្រី ថា "សូមអរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ព្រោះដោយសារយុទ្ធនាការនេះ ក្រុមស្មគ្រ័ចិត្តមិត្តអប់រំមិត្តរបស់យើងអាចមានសំភារៈអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត ២លាននាក់នៅទូទាំងប្រទេស។ ថវិកាដ៏ច្រើននេះអាចអនុញ្ញាតអោយយើងជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដប្រមាណជាង ៤,០០០ នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយវិទ្យុសាស្រ្ត (X-Ray) ឬជួយមនុស្សច្រើនជាង ១,៣០០ នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយការវិភាគរកកោសិកាមហារីក។ យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើង អាច​ផ្តល់នូវការយល់ដឹងពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធភាពទទួលបានការថែទាំសុខភាព សម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់។ "

លោក Richard ក៏បានលើកឡើងដែរថា "ជំងឺមហារីកសុដន់ អាចប៉ះពាល់ដល់សមាជិកក្រុមគ្រួសារទាំងមូល ប៉ុន្តែបើមាន​ការពិនិត្យរកឃើញនៅដំណាក់កាលដំបូង ជំងឺនេះគឺអាចព្យាបាលបានភាគច្រើន។ អេ អាយ អេ ខេមបូឌា មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដៃគូសាជីវកម្មរបស់យើង អ្នកសិល្បៈល្បីៗ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំងអ្នកចូលរួមក្នុងយុទ្ធនាការនេះជាច្រើន បានរួមគ្នាជួយសង្គ្រោះខ្លួនឯង និងអ្នកដទៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ និងដើម្បីទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ"។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២២១ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣២​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ល្អ រស់នៅ​បាន​យូរអង្វែង និង​មានជីវិត​កាន់តែប្រសើរ។

 

អំពី មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (“SHCH”) បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៩៩៦ ដោយ​មាន​បេសកកម្មផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វេជ្ជសាស្រ្តដល់បុគ្គលិក និងគ្រូពេទ្យកម្ពុជា រួមជាមួយនឹងសេវាព្យាបាល២៤ម៉ោង ប្រកបដោយ គុណភាពខ្ពស់ដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងប្រទេសកម្ពុជា។ SHCH បាន​ចូលរួមលើកកំពស់សុខភាពសម្រាប់​ប្រជាពលរដ្ឋកម្ពុជាដែលក្រីក្របំផុត​ ជម្រុញ​ជីវភាព​រស់នៅ ហ្វឹកហ្វឺន​ក្រុមការងារ​សុខាភិបាលជំនាញ និង​បង្ការ​ការរង់គ្រោះពីជំងឺ និងពីភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចនៃ​ជំងឺទាំងនោះ។ SHCH បានទទួលពិនិត្យជំងឺ និងពិគ្រោះយោបល់ច្រើនជាង ៤៥ ០០០ នាក់ក្នុងមួយឆ្នាំៗ ហើយ​គិត​ត្រឹមខែ សីហា ឆ្នាំ២០១៨ SHCH បាន​ផ្តល់ជូនសេវាសុខាភិបាលជូន​ប្រជាពលរដ្ឋ​ច្រើន​ជាង ១.៤ លាននាក់​នៅ​កម្ពុជា។

SHCH បានដំណើរការកម្មវិធីជំងឺមហារីកសុដន់ (BCI) តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះគឺជាកម្មវិធីទទួលស្គាល់ជាអន្តរជាតិ ដែល​រួម​មានការបន្តលើកកម្ពស់នៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ការស្រាវជ្រាវរកជំងឺមហារីកសុដន់អោយទាន់ពេល និងការព្យាបាលជំងឺមហារីកសុដន់។ នៅក្នុង​ឆ្នាំ ២០១៧ មិត្តអប់រំមិត្ត និង​គិលានុបដ្ឋាករបស់ SHCH បានផ្តល់​ការអប់រំអំពី​ជំងឺមហារីក​សុដន់​ទៅកាន់​ស្ត្រី​ជា ១០,០០០ នាក់ ដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ទៅកាន់ SHCH នៅ​ពេលដែល​ពួកគាត់ត្រូវការការពិនិត្យ និងការព្យាបាល។ មាន​ស្ត្រីច្រើនជាង ៧០០ នាក់ ទទួល​បានការ​​ពិនិត្យស្រាវជ្រាវរកជំងឺមហារីក។ មាន​អ្នកជំងឺមហារីកសុដន់ស្រាប់ប្រមាណ ៦០០ នាក់ ដែលកំពុងបន្តទទួលការ​ព្យាបាល។ កម្មវិធីមហារីកសុដន់ (BCI) ទទួល​បាន​ថវិកាភាគច្រើន​ពីក្រុមហ៊ុន AstraZeneca Pharmaceuticals និង អង្គការ AmeriCares។ ទោះជាទទួលបានថវិការពីក្រុមហ៊ុន និងអង្គការខាងលើក៏ដោយ SHCH នៅតែ​ត្រូវ​ការ​អ្នកឧបត្ថម្ភ និង​ការ​រៃអង្គាសថវិកាជារៀងរាល់ឆ្នាំ​ សម្រាប់​ការ​ទ្រទ្រង់កម្មវិធីនេះដើម្បីបន្តនិរន្តភាពសម្រាប់បម្រើប្រជាជនកម្ពុជា។

 

ទំនាក់ទំនងសារព័ត៌មាន

ហាក់ បញ្ញារ័ត្ន                                                                   

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

សុខ ប៊ួយ​

ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍

០៩២ ៨៦៨ ៦៨១

sokbouy@sihosp.org