រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨ – អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលលិខិតអនុញ្ញាតលេខ ធ ៧.០១៧.១០៩១ ឆត ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាបណ្ណលេខ ២២៩ សហវ.អឧហ.ធរ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ក្នុងការណែនាំដំណោះស្រាយធានារ៉ាប់រងជូនទៅកាន់អតិថិជនរបស់ខ្លួន។ អម្រឹត នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដើម្បីបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ និងលើកស្ទួយសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន ទូទាំងប្រទេសកម្ពុជា។
ការសហការនេះ នឹងផ្តល់ជូនអតិថិជនរបស់ អម្រឹត ប្រមាណ ៤សែននាក់ នូវឱកាសដើម្បីទទួលបានដំណោះស្រាយធានារ៉ាប់រងជីវិតឈានមុខគេរបស់ អេ អាយ អេ ខេមបូឌា ដែលដំណោះស្រាយទាំងនោះរួមមានជាពិសេសនូវការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមានជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីក គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ជាដើម។
លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “យើងខ្ញុំសូមអរគុណដល់ធនាគារជាតិនៃកម្ពុជាចំពោះការអនុញ្ញាត ហើយនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការផ្តល់អាជ្ញាបណ្ណនេះ។ ចាប់ពីពេលនេះតទៅ យើងអាចធ្វើឲ្យសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនយើងមានលក្ខណៈកាន់តែប្រសើរ តាមរយៈដំណោះស្រាយធានារ៉ាប់រងជីវិតរបស់ អេ អាយ អេ ខេមបូឌា។”
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏បានលើកឡើងថា “យើងខ្ញុំរីករាយចំពោះការទទួលបានឱកាសធ្វើការសហការជាមួយ អម្រឹត។ អម្រឹត មានសាវតារយ៉ាងល្អក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏លេចធ្លោ ដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់។ តាមរយៈការចាប់ដៃគូនេះ យើងនឹងជួយការពារសុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់អតិថិជន អម្រឹត និងគ្រួសាររបស់គាត់ ឲ្យបានកាន់តែប្រសើរ”។
អំពី អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្មនៅតាមទីជនបទ ទីប្រជុំជនស្រុក និងខេត្ត។ អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័ត សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយបត្រ សេវាទូទាត់រហ័ស និងCSS។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៣.៩៨១នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង៤០០.២៩៦នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង៣៥០លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណជាង៦៩៩លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ៨១៥ លានដុល្លារសហរដ្ឋអាមេរិក ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។