រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៧ – រៀងរាល់ខែតុលា មានព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោកដើម្បីប្រារព្វខែសម្រាប់ការលើកកំពស់ការយល់ដឹងអំពីជំងឺមហារីក ដែលជាយុទ្ធនាការសុខភាពជាអន្តរជាតិប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺនេះ និងដើម្បីអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ ការបង្កា និងការព្យាបាល។ នៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំព្រឹត្តិការណ៍ “Fit for Hope” ដើម្បីជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (“SHCH”) ក្នុងកិច្ចខំប្រឹងប្រែងរបស់ខ្លួនលើការលើកកំពស់ការយល់ដឹង និងព្យាបាលជំងឺមហារីកសុដន់។ SHCH ជាមន្ទីរពេទ្យសប្បុរសធម៌មួយ មានកម្មវិធីជំងឺមហារីកសុដន់យូរជាងគេបំផុតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅ Central Park Sports Complex នៅទីតាំងបឹងកក់ និងបានបើកចូលរួមដោយសេរី ដោយមានផ្តល់ជូននូវការពិនិត្យ និងការអប់រំអំពីជំងឺមហារីកសុដន់ ពីអ្នកជំនាញមកពី មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ ព្រឹត្តិការណ៍ “Fit for Hope” បានទទួលការចូលរួមពីសាធារណៈជនប្រមាណ ១៥០០នាក់ ដែលបានចូលរួមរីករាយហាត់យោគៈ និងរាំហ្សូមបា សកម្មភាពកម្សាន្តបែបក្រុមគ្រួសារ និងម្ហូបអាហារសុខភាពជាច្រើន។ នៅល្ងាចនោះផងដែរ ក៏មានការប្រគំតន្ត្រីសប្បុរសធម៌ ដែលមានការសម្តែងដោយតារាចម្រៀង ពេជ្រ សោភា ទេព បូព្រឹក្ស ចិត្ត កញ្ចនា និងក្រុម SmallWorld SmallBand។
មហារីកសុដន់ គឺជាជំងឺមហារីកដែលមានកើតឡើងច្រើនបំផុតចំពោះស្ត្រីទូទាំងពិភពលោក។ នៅកម្ពុជា អ្នកកើតជំងឺនេះមានអត្រារស់រានមានជីវិតទាប ដោយសារតែកង្វះការយល់ដឹង និងព័ត៌មានអំពីការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យតាំងពីដំណាក់កាលដំបូង ព្រមទាំងកង្វះការព្យាបាលផងដែរ។ លោកវេជ្ជបណ្ឌិត ព្រាប លៃ ប្រធានផ្នែកវះកាត់នៃ SHCH បានមានប្រសាសន៍ថា “អ្នកជំងឺជាច្រើនបានឈានដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយនៅពេលដែលគាត់មកកាន់មន្ទីរពេទ្យយើង ដែលជាកត្តាធ្វើឲ្យការព្យាបាលលំបាកនឹងទទួលជោគជ័យ។” ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញនៅក្នុងព្រឹត្តិការណ៍ “Fit for Hope” បានពិនិត្យរោគសញ្ញាជំងឺមហារីកជូនដល់ស្ត្រីចំនួន ១៧៤នាក់ ដោយមានផ្តល់នូវការបង្ហាត់បង្ហាញពួកគាត់ឲ្យចេះពិនិត្យរោគសញ្ញាដោយខ្លួនឯង និងចេះកាត់បន្ថយហានិភ័យពីជំងឺនេះ។ លោកវេជ្ជបណ្ឌិត ព្រាប លៃ បានបន្តថា “ស្ត្រីកម្ពុជាជាច្រើន នៅតែមានការស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីក្តីបារម្ភផ្នែកសុខភាពរបស់ខ្លួន មិនថាជាមួយក្រុមគ្រួសាររបស់គាត់ ឬជាមួយនឹងវេជ្ជបណ្ឌិតឡើយ។ យើងសង្ឃឹមថា ព្រឹត្តិការណ៍មួយនេះបានលើកទឹកចិត្តពួកគាត់ឲ្យមានភាពក្លាហាន ហើយទទួលបាននូវចំណេះដឹង និងការគាំទ្រពីគ្រួសាររបស់គាត់។”
ការចែករំលែកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នេះ មានសារៈសំខាន់យ៉ាងខ្លាំង។ ភ្នាក់ងារមិត្តអប់រំមិត្ត ប្រាំពីរនាក់ពីមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដែលជាអ្នកជាសះស្បើយពីជំងឺមហារីកសុដន់ បានចែករំលែកបទពិសោធន៍របស់ខ្លួនចាប់តាំងពីឃើញរោគសញ្ញាដំបូង រហូតដល់ពេលវះកាត់ និងការព្យាបាលជាបន្តបន្ទាប់។ ម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា “ប្រសិនបើបទពិសោធន៍របស់ខ្ញុំអាចជួយស្ត្រីម្នាក់ទៀតឲ្យមានភាពក្លាហានក្នុងការទទួលយកការពិនិត្យមហារីកសុដន់ ខ្ញុំរីករាយនឹងជួយគាត់។”
ព្រឹត្តិការណ៍ “Fit for Hope” បានទទួលការឧបត្ថម្ភគាំទ្រចំនួន US $១០០០០ សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលថវិកាទាំងនេះនឹងប្រើប្រាស់សម្រាប់កម្មវិធីអប់រំ និងព្យាបាលជំងឺមហារីកសុដន់។ លោកវេជ្ជបណ្ឌិត ព្រាប លៃ មានប្រសាសន៍ថាព្រឹត្តិការណ៍នេះល្អលើសការរំពឹងទុករបស់គាត់។ “ជាមួយនឹងការឧបត្ថម្ភគាំទ្រនេះ យើងអាចជួយដល់ស្ត្រី ១០០០នាក់ ក្នុងការធ្វើរោគវិនិច្ឆ័យដោយថតកាំរស្មីអ៊ិច/អេកូ ឬអាចផ្តល់ព័ត៌មានអប់រំអំពីមហារីកសុដន់ទៅកាន់ប្រជាពលរដ្ឋច្រើនជាង ៤០០ ០០០នាក់។” លោកវេជ្ជបណ្ឌិត ក៏មានសេចក្តីរីករាយ ដែលក្រុមការងាររបស់គាត់អាចជួយចែករំលែកការយល់ដឹងដល់ក្រុមគ្រួសារជាច្រើន និងអាចជម្រាបប្រជាពលរដ្ឋទាំងឮក្មេងទាំងចាស់អំពីជំងឺមហារីកសុដន់។ “ទាល់តែមានការយល់ដឹង និងព័ត៌មានច្រើន ទើបយើងអាចកាត់បន្ថយចំនួនអ្នកកើតជំងឺនេះ និងបង្កើនអត្រាជោគជ័យនៃការព្យាបាលជំងឺនេះបាន។”
អេ អាយ អេ ខេមបូឌា កន្លងមកបានផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “នៅពេលដែលយើងឃើញមនុស្សរាប់រយអ្នកមកចូលរួម ខ្លះធ្វើដំណើរពីខេត្តមកតាំងពីយប់ ដើម្បីទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ យើងដឹងថាវាមានសារៈសំខាន់ប៉ុណ្ណាសម្រាប់យើងក្នុងការបន្តផ្តល់ការជ្រោមជ្រែងដល់អ្នកដែលត្រូវការ។ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំសហគមន៍ និងព្យាបាលជំងឺមហារីកសុដន់។ ដូច្នេះយើងចង់ចូលរួមគាំទ្រកិច្ចខំប្រឹងប្រែងរបស់មន្ទីរពេទ្យនេះ។
លោក Richard ក៏បានលើកឡើងពីផលប៉ះពាល់នៃជំងឺមហារីកទៅលើក្រុមគ្រួសារទាំងឡាយ ថា “មានគ្រួសារជាច្រើន ដែលបានរងឥទ្ធិពលយ៉ាងដំណំពីជំងឺមហារីកសុដន់ ហើយស្ត្រីក្នុងគ្រួសារទាំងនោះពុំបានទទួលការព្យាបាលពីដំណាក់កាលដំបូងឡើយ។ ពី អេ អាយ អេ យើងចង់ជួយស្ត្រីកម្ពុជាដោយធានាថាពួកគាត់ ព្រមទាំងក្រុមគ្រួសាររបស់គាត់ ទទួលបានការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ ដែលពួកគាត់ត្រូវការដើម្បីយកឈ្នះជំងឺមហារីកសុដន់ និងបន្តការរស់នៅដោយមានសុខភាពល្អ។”
លោកវេជ្ជបណ្ឌិត ព្រាប លៃ បានមានប្រសាសន៍ចុងក្រោយថា “យើងសូមអរគុណអ្នកចូលរួមទាំងអស់ចំពោះការឧបត្ថម្ភគាំទ្រ សូមអរគុណ អេ អាយ អេ សម្រាប់ការលើកកំពស់បុព្វហេតុរបស់យើង និងសូមអរគុណអ្នកទាំងឡាយដែលបានចំណាយពេលវេលា និងកម្លាំងជាច្រើនដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលថ្មីប្លែក ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
អំពី មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម
មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (“SHCH”) បានចាប់ផ្តើមនៅឆ្នាំ ១៩៩៦ ដោយមានបេសកកម្មផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វេជ្ជសាស្រ្តដល់បុគ្គលិក និងគ្រូពេទ្យកម្ពុជា រួមជាមួយនឹងសេវាព្យាបាល២៤ម៉ោង ប្រកបដោយ គុណភាពខ្ពស់ដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងប្រទេសកម្ពុជា។ SHCH បានចូលរួមលើកកំពស់សុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលក្រីក្របំផុត ជម្រុញជីវភាពរស់នៅ ហ្វឹកហ្វឺនក្រុមការងារសុខាភិបាលជំនាញ និងបង្ការការរង់គ្រោះពីជំងឺ និងពីភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចនៃជំងឺទាំងនោះ។ SHCH បានទទួលពិនិត្យជំងឺ និងពិគ្រោះយោបល់ច្រើនជាង ៣៩ ០០០ នាក់ក្នុងមួយឆ្នាំៗ ហើយគិតត្រឹមខែ កក្កដា ឆ្នាំ២០១៧ SHCH បានផ្តល់ជូនសេវាសុខាភិបាលជូនប្រជាពលរដ្ឋច្រើនជាង ១,៣ លាននាក់នៅកម្ពុជា។
SHCH បានដំណើរការកម្មវិធីជំងឺមហារីកសុដន់ (BCI) តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះគឺជាកម្មវិធីទទួលស្គាល់ជាអន្តរជាតិ ដែលរួមមានការបន្តលើកកម្ពស់នៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ការស្រាវជ្រាវរកជំងឺមហារីកសុដន់អោយទាន់ពេល និងការព្យាបាលជំងឺមហារីកសុដន់។ នៅក្នុងឆ្នាំ ២០១៦ មិត្តអប់រំមិត្ត និងគិលានុបដ្ឋាករបស់ SHCH បានផ្តល់ការអប់រំអំពីជំងឺមហារីកសុដន់ទៅកាន់ស្ត្រីជា ១០.០០០ នាក់ ដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ទៅកាន់ SHCH នៅពេលដែលពួកគាត់ត្រូវការ។ មានស្ត្រី ៧០៣ នាក់ ទទួលបានការពិនិត្យស្រាវជ្រាវរកជំងឺមហារីក។ មានអ្នកជំងឺមហារីកសុដន់ស្រាប់ ៥៧៦ នាក់ បន្តទទួលការព្យាបាល។ កម្មវិធី BCI ទទួលបានថវិកាភាគច្រើនពីក្រុមហ៊ុន AstraZeneca Pharmaceuticals និង អង្គការ AmeriCares។ ទោះជាទទួលបានថវិការពីក្រុមហ៊ុន និងអង្គការខាងលើក៏ដោយ SHCH នៅតែត្រូវការអ្នកឧបត្ថម្ភ និងការរៃអង្គាសថវិកាជារៀងរាល់ឆ្នាំ សម្រាប់ការទ្រទ្រង់កម្មវិធីនេះដើម្បីបន្តនិរន្តភាពសម្រាប់បម្រើប្រជាជនកម្ពុជា។
ទំនាក់ទំនងសារព័ត៌មាន