សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា នឹងចាប់ផ្តើមយុទ្ធនាការ “AIA CARE – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា

14/06/2017 dot អាន 4 នាទី

អេ អាយ អេ ខេមបូឌា នឹង​ចាប់ផ្តើម​យុទ្ធនាការ “AIA Care – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិន​សួរេន ម.ក (“អេ អាយ អេ” ខេមបូឌា) នឹង​ចាប់​ផ្តើម​យុទ្ធ​នាការ “AIA Care – ខ្ញុំដឹង” ដែល​អនុញ្ញាត​ឲ្យ​សាធារណៈជន​ទទួល​បាន​នូវ​ការ​ពិនិត្យសុខភាព​ដោយ​ឥត​គិត​ថ្លៃ នៅ​ថ្ងៃ​សៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​ពហុកីឡាដ្ឋាន​ជាតិអូឡាំពិក។

ដើម្បី​រួម​ចំណែក​​ជួយ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​រស់​នៅ​កាន់តែ​យូរ​អង្វែង មាន​សុខភាព​ល្អ និង​មាន​ជីវិត​កាន់​តែ​ប្រសើរ អេ អាយ អេ ខេមបូឌា នឹង​រួម​សហការ​គ្នា​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ សង់​ត្រាល់ ចាប់​ផ្តើម​យុទ្ធ​នាការ​ “AIA Care – ខ្ញុំដឹង” ដែល​​ផ្តល់​ការ​ពិនិត្យ​សុខភាព​ជូន​ដល់​សាធារណៈជន​ដោយ​ឥត​គិត​ថ្លៃ។ យុទ្ធនាការ​នេះ មាន​គោល​បំណង​ជួយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ឲ្យ​បានដឹង​កាន់តែ​ច្បាស់​អំពី​សុខភាព​ផ្ទាល់​ខ្លួន ដើម្បី​ការ​ពារ​ការ​វិវត្ត​​ជំងឺ​ធ្ងន់​ធ្ងរ។ ការ​យល់​ដឹង​នេះ មាន​សារៈសំខាន់​ចំពោះ​សុខមាលភាព​របស់​ពួក​គាត់ និង​អាច​ជួយ​ជម្រុញ​​ឲ្យ​ពួក​គាត់​ចាប់​ផ្តើម​ធ្វើសកម្មភាព​សម​ស្រម​ដើម្បី​ការ​ពារ​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា។

ការ​ពិនិត្យ​សុខភាព​ជា​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​​យុទ្ធ​នា​ការ​នេះ នឹង​ធ្វើ​ឡើង​នៅ​ពហុ​កី​ឡា​ដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី១៧ ខែមិថុនា ចាប់​ពី​ម៉ោង ៦:០០ព្រឹក ដល់​ម៉ោង ៧:០០ល្ងាច ដោយ​មាន​រូប​សំគាល់​ដូច​ខាង​ក្រោម។ អ្នក​ឯក​ទេស​វេជ្ជសាស្ត្រ ព្រម​ទាំង ឧបករណ៍​ទំនើប​មក​ពី​មន្ទីរ​ពេទ្យ សង់​ត្រាល់ នឹង​ត្រៀម​ខ្លួន​ផ្តល់​ជូន​នូវ​ការ​ពិនិត្យ​សុខ​ភាព​មួយ​ចំនួន​ រួម​មាន​ការ​ពិនិត្យ​ទំងន់ និង​កំពស់ សញ្ញាជីវិត​សំខាន់​ៗ ​កំហាប់​ឆ្អឹង និង​មានការ​ពិនិត្យ​ឈាមមើលកម្រិតជាតិស្ករ (Glycemia Rapid Test) ជាតិ​ខ្លាញ់Triglycerides ជាតិ​ខ្លាញ់​Total Cholesterol ជាតិ​ខ្លាញ់HDL (HDL Cholesterol) អង់ស៊ីមTransaminase និងមេរោគ​រលាក​ថ្លើម​ប្រភេទB (HBsAg)។ ការ​ពិនិត្យទាំង​នេះ ផ្តល់ជា​សូចនាករ​សំខាន់​ៗបញ្ជាក់​អំពី​ស្ថានភាព​បេះ​ដូង ថ្លើម សសៃ​ឈាម​ខួរ​ក្បាល ​ក្រលៀន និង​ស្ថាន​ភាព​សុខភាព​ទូទៅ។ របាយការណ៍​វេជ្ជ​សាស្ត្រ ព្រម​ទាំង​ការ​ពិគ្រោះ​ប្រកប​ដោយ​ជំនាញ​អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ទាំង​នោះ នឹង​​មាន​ផ្តល់​ជូន​នៅ​នឹង​ទី​តាំង​ផ្ទាល់។ 

អេ អាយ អេ ខេមបូឌា នឹងចាប់ផ្តើមយុទ្ធនាការ “AIA CARE – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា

លោក Richard Bates អគ្គ​នាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា “អេ អាយ អេ ខេមបូឌា គឺ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​បែប​ថ្មី។ យើង​ចង់​ជួយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ការ​ពារ​ខ្លួន​ពី​ជំងឺ​ធ្ងន់​ធ្ងរ មុនពេលវា​ជះ​ឥទ្ធិពល​លើ​ក្រុមគ្រួសាររបស់​គាត់។ការ​​ធ្វើ​ដូច្នោះ​បាន គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​យល់​ដឹង​។ យើង​ជឿង​ជាក់​យ៉ាងមុតមាំ​ថា ការ​ពិនិត្យ​សុខភាព​ទាំង​នេះ នឹង​ជួយ​ពលរដ្ឋ​ខ្មែរ ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​អំពី​សុខ​ភាព​របស់​ខ្លួន ដើម្បី​អាច​ធ្វើ​សកម្មភាព​ចាំ​បាច់​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ជាទី​ស្រឡាញ់។”

យុទ្ធនាការ ​“AIA Care – ខ្ញុំដឹង” នៅ​ថ្ងៃទី១៧ ខែ​មិថុនាខាង​មុខ​នេះ នឹងរៀបចំ​ការ​ហាត់​ Yoga និង​ការ​រាំ Zumba នៅ​ពេល​ព្រឹក និងពេលល្ងាច ដែល​​សាធារណៈជនអាច​ចូល​រួម​ដោយ​សេរី។ ព័ត៌មាន​បន្ថែមអំពីការ​ពិនិត្យ​សុខភាព​បន្ត​បន្ទាប់​នៃយុទ្ធនាការនេះ នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី១៧ ខែ​មិថុនា នោះ​តែ​ម្តង។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។


ទំនាក់ទំនង​សារព័ត៌មាន៖

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥ / ០១៧​ ៣៦៩​ ១៥៥

Panharath.Hak@aia.com