លោក David Beckham ជាឯកអគ្គរដ្ឋទូតរបស់ AIA ដើម្បីលើកកំពស់ការយល់ដឹងលើការរសនៅដោយមានសុខភាពល្អ នៅក្នុងទ្វីបអាស៊ី
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ – ថ្ងៃនេះ ក្រុមហ៊ុន AIA Group Limited (“AIA” ឬ “ក្រុមហ៊ុន”) បានប្រកាសការសម្ពោធជាផ្លូវការនូវការចាប់ដៃគូរបស់ខ្លួនជាមួយនឹងលោក David Beckham ដោយរំលេចនូវយុទ្ធនាការថ្មីដ៏ធំមួយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺយុទ្ធនាការ ‘What’s Your Why?’ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញារបស់ភាគីទាំងពីរដើម្បីជួយប្រជាពលរដ្ឋទាំងឡាយឲ្យរស់នៅបានកាន់តែយូរអង្វែង មានសុខភាពកាន់តែល្អ និងមានជីវិតរស់នៅកាន់តែប្រសើរ។ តាមរយៈយុទ្ធនាការនេះ AIA សង្ឃឹមថានឹងអាចលើកទឹកចិត្តមនុស្សគ្រប់រូបទូទាំងតំបន់នេះ ដោយរួមមានប្រជាពលរដ្ឋកម្ពុជាផងដែរ ឲ្យពិចារណាអំពីគោលដៅរយៈពេលវែង និងតម្រូវការរបស់ខ្លួន ដោយផ្តោតលើការរស់នៅដោយមានសុខភាពល្អ។
ជាផ្នែកមួយនៃការសម្ពោធនេះដែរ លោក David Beckham នឹងមានដំណើរទេសចរណ៍សុខភាព AIA Healthy Living Tour ទៅកាន់ទីក្រុងហុងកុង ប្រទេសកូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី នៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា នេះ។
យុទ្ធនាការ ‘What’s Your Why?’ មានបង្ហាញវីដេអូថ្មីមួយ ដែលបានដឹកនាំ និងថតដោយម្ចាស់ពានរង្វាន់ Academy Award គឺលោក Wally Pfsiter នៅទីក្រុងបាងកក។ វីដេអូនេះ បង្ហាញអំពីរឿងរ៉ាវ និងការលើកទឹកចិត្តផ្ទាល់ខ្លួនរបស់អ្នកដែលកំពុងរស់នៅដោយមានសុខភាពល្អប្រសើរ ដែលក្នុងនោះក៏រួមមានហេតុផលរបស់លោក David Beckham ផ្ទាល់ សម្រាប់ការរស់នៅដោយមានសុខភាពល្អផងដែរ។
នាយកផ្នែកទីផ្សាររបស់ AIA Group គឺលោក Stuart A. Spencer បានមានប្រសាសន៍ថា “យើងពិតជារីករាយណាស់ចំពោះ ការចាប់ដៃគូជាផ្លូវការជាមួយលោក David Beckham តាមរយៈដំណើរទេសចរណ៍សុខភាព AIA Healthy Living Tour និងយុទ្ធនាការ ‘What’s Your Why?’ ដែលចង្អុលបង្ហាញនូវហេតុផលជាច្រើន ដែលមនុស្សទូទៅចង់រស់នៅឲ្យមានសុខភាពល្អ។ យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំរបស់ AIA ក្នុងការចាប់ដៃគូជាមួយនឹងអតិថិជនរបស់យើងនៅក្នុងទីផ្សារទាំង ១៨ ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយពួកគាត់ឲ្យឈានទៅរកជីវិតដែលមានសុខភាពកាន់តែប្រសើរ។”
លោក Eric Ho នាយកផ្នែកទីផ្សារ និងការវាយតម្លៃហានិភ័យធានារ៉ាប់រង របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានបន្ថែមថា “យើងចង់ឲ្យប្រជាពលរដ្ឋទូទៅឃើញថា AIA គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតបែបថ្មីមួយ។ យើងមិនគ្រាន់តែជាដៃគូរបស់ពួកគាត់នៅពេលមានហេតុការណ៍អកុសលនោះឡើយ។ យើងថែមទាំងជាដៃគូប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អទៀតផង។ យុទ្ធនាការ ‘What’s Your Why?’ របស់យើងជាមួយលោក David Beckham ជួយឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងរកការលើកទឹកចិត្តរបស់ខ្លួនដើម្បីសុខភាព។ នៅពេលដែលពួកគាត់មានហេតុផលដើម្បីសុខភាពល្អហើយនោះ AIA អាចជួយគាត់លើមធ្យោបាយសម្រាប់សុខភាពល្អនោះបាន។”
លោក David Beckham ក៏បានលើកឡើងថា “ខ្ញុំសប្បាយរីករាយដែលបានក្លាយទៅជាផ្នែកមួយនៃយុទ្ធនាការ ‘What’s Your Why?’។ ខ្ញុំសង្ឃឹមថាខ្លឹមសារនៃយុទ្ធនាការនេះ ស្របគ្នាជាមួយនឹងហេតុផលរបស់មនុស្សទូទៅដែលព្យាយាមថែរក្សាបែបផែនរស់នៅដោយមានសុខភាពល្អ។ ខ្ញុំមានសំណាង ដែលអាជីពរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំរក្សាភាពរឹងមាំបានល្អ។ មនុស្សទូទៅមានការរវល់ខ្លាំងក្នុងជីវិតរស់នៅរបស់គេ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាយើងអាចជួយគ្រួសារទាំងឡាយឲ្យមានភាពសកម្ម និងសុខភាពល្អ តាមរយៈវិធីសាស្ត្រសាមញ្ញៗ។”
កាលពីខែមិនា ដើមឆ្នាំនេះ AIA បានធ្វើកិច្ចព្រមព្រៀងរយៈពេលវែងមួយ ជាមួយលោក David Beckham ដែលតែងតាំងលោកជាឯកអគ្គរដ្ឋទូតតំណាងក្រុមហ៊ុន។ តាមរយៈតួនាទីនេះ លោក David Beckham នឹងមានវត្តមាននៅក្នុងសហគមន៍សំខាន់ៗមួយចំនួន ព្រមទាំងសកម្មភាពអាជីវកម្មនានារបស់ AIA ដើម្បីតំណាង និងបង្ហាញអំពីអត្ថប្រយោជន៍ និងសារៈខាន់ជាច្រើននៃការថែរក្សាការរស់នៅឲ្យមានសុខភាពល្អ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលថ្មីប្លែក ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។