សេចក្តីប្រកាសសារព័ត៌មាន

AIA ខេមបូឌា អបអរសាទរបេក្ខជន Court of the Table (COT) ខណៈពេល AIA រក្សាតំណែងរបស់ខ្លួនជាក្រុមហ៊ុនអន្តរជាតិលេខ 1 លំដាប់ពិភលោករយៈពេល 12ឆ្នាំជាប់ៗគ្នា ក្នុងក្របខ័ណ្ឌ Million Dollar Round Table (MDRT)

24 កក្កដា 2026 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃសុក្រ ទី24 ខែកក្កដា ឆ្នាំ2026៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA ខេមបូឌា”) មានមោទនភាពក្នុងការប្រកាសពីសមិទ្ធផលដ៏សំខាន់ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈការទទួលបានបេក្ខជនឆ្នើម 1រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក  Court of the Table (COT)  សម្រាប់ឆ្នាំ2026។ សមិទ្ធផលនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់របស់ AIA ខេមបូឌា ក្នុងការអភិវឌ្ឍទីប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈកម្រិតស្តង់ដារអន្តរជាតិ។

Ms. Pok Siev Ing

AIA គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអន្តរជាតិចំណាត់ថ្នាក់លេខ1 ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក Million Dollar Round Table (MDRT) រយៈពេល 12ឆ្នាំជាប់ៗគ្នា  ដោយសារតែភាពរឹងមាំនៃយុទ្ធសាស្រ្តចែកចាយធានារ៉ាប់រង AIA Premier Agency និងការប្រឹក្សាធានារ៉ាប់រងដែលផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង។ ការទទួលស្គាល់មួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AIA  ក្នុងការរក្សាបាននូវឧត្តមភាព វិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាដែលផ្តោតលើតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ី ព្រមទាំងបានកំណត់ជាស្តង់ដារសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។

សម្រាប់ឆ្នាំ2026នេះ AIA ខេមបូឌា មានទីប្រឹក្សាផែនការជីវិត 1រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក  COT និងទីប្រឹក្សាផែនការជីវិត15រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក MDRT។  សមិទ្ធផលនេះឆ្លុះបញ្ចាំងពីភាពជោគជ័យជាបន្តបន្ទាប់របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍទីប្រឹក្សាផែនការហិរញ្ញវត្ថុដែលមានសមត្ថភាពខ្ពស់ និងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ ដើម្បីជួយក្រុមគ្រួសារកម្ពុជាក្នុងការការពារសុខភាព និងអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

កញ្ញា ប៉ុក សៀវអ៉ីង ជាបេក្ខជនដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក COT ឆ្នាំ2026 កញ្ញាក៏ធ្លាប់ជាបេក្ខជនសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក Top of the Table (TOT) ដំបូងគេរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2025 ផងដែរ។ សមិទ្ធផលថ្មីរបស់កញ្ញាក្នុងឆ្នាំ2026នេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍអ្នកជំនាញផ្នែកប្រឹក្សាហិរញ្ញវត្ថុដែលមានសមត្ថភាពខ្ពស់ និងទទួលស្គាល់ពីអន្តរជាតិ។

COT គឺជាកម្រិតនៃការទទួលស្គាល់ដ៏ខ្ពស់មួយនៅក្នុងសហគមន៍ MDRT ដែលផ្តល់ជូនទៅដល់ទឹប្រឹក្សាផ្នែកហិរញ្ញវត្ថុ ដែលសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោ ព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងសេវាកម្មអតិថិជន។

លោកស្រី Jane Tay អគ្គនាយិកា ក្រុមហ៊ុន AIA ខេមបូឌា បានមានប្រសាសន៍ថា៖ «ខណៈពេលដែល AIA កំពុងអបអរសាទរក្នុងនាមជាក្រុមហ៊ុនអន្តរជាតិចំណាត់ថ្នាក់លេខ1 រយៈពេល12ឆ្នាំជាប់ៗគ្នា  ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក MDRT យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឃើញវប្បធម៌នៃឧត្តមភាពមួយនេះមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ការដែលកម្ពុជាមានបេក្ខជនសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក COT ឆ្នាំ2026 មិនត្រឹមតែជាសមិទ្ធផលដ៏គួរឱ្យកោតសរសើផ្ទាល់ខ្លួនរបស់ កញ្ញា ប៉ុក សៀវអ៉ីង តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពីគុណភាពនៃការផ្តល់ការប្រឹក្សា វិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស ដែល AIA ខេមបូឌា តែងតែយកចិត្តទុកដាក់។

«រួមគ្នាជាមួយនឹងបេក្ខជន MDRT ទាំង 15រូប របស់យើង សមិទ្ធផលនេះបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ស្តង់ដារ និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចកសាងអាជីពដែលមានអត្ថន័យ ក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។»

កញ្ញា ប៉ុក សៀវអ៉ីង បេក្ខជន COT ឆ្នាំ2026 បានមានប្រសាសន៍ថា៖ «ការក្លាយទៅជាបេក្ខជន COT គឺទទួលបានទាំងកិត្តិយស និងទំនួលខុសត្រូវដ៏ធំមួយ។ សមិទ្ធផលនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ការខិតខំរៀនសូត្រឥតឈប់ឈរ និងសំខាន់បំផុតនោះគឺទំនុកចិត្តដែលអតិថិជនបានផ្តល់ជូននាងខ្ញុំ។

«នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រពីក្រុមគ្រួសារ អតិថិជន និង AIA ខេមបូឌា សម្រាប់ដំណើរកិច្ចការងារមួយនេះ។ នាងខ្ញុំសង្ឃឹមថាបទពិសោធន៍របស់នាងខ្ញុំមួយនេះនឹងបង្ហាញថា ទីប្រឹក្សាផែនការជីវិតកម្ពុជាក៏អាចមានឱកាសក្នុងការទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ តាមរយៈអាជីពមួយដែលបង្កើតផលវិជ្ជមានទៅដល់ក្រុមគ្រួសារ និងសហគមន៍។»

AIA ខេមបូឌា នឹងបន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ឧត្តមភាពវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាហិរញ្ញវត្ថុដែលផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីបង្កើតជាឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទៀតក្នុងការសម្រេចបានភាពជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ ស្របតាមគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង AIA ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA គ្រុប មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ AIA ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ AIA អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។ ​ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា AIA ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

AIA ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

នៅឆ្នាំ2025 AIA ខេមបូឌា មានមោទនភាពនាំមកជូននូវ AIA Healthiest Schools (អេ អាយ អេ សាលាសុខភាពឆ្នើម) ដែលជាកម្មវិធីប្រចាំតំបន់ដោយ AIA គ្រុប បង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពរួមសម្រាប់កុមារថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីនេះផ្តោតសំខាន់លើការបណ្តុះទម្លាប់រស់នៅឲ្យមានសុខភាពល្អតាំងពីក្មេង តាមរយៈកម្មវិធីសិក្សាដែលគាំទ្រដល់ សុខភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្ត និងអាហារូបត្ថម្ភ។ កម្មវិធី អេ អាយ អេ សាលាសុខភាពឆ្នើម នៅកម្ពុជា ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធី ដែលអនុលោមតាមអាទិភាពនៃការអប់រំ និងសុខុមាលភាពជាតិ។

AIA ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 6ឆ្នាំជាប់គ្នាពី 2020​ ដល់ 2025។ AIA ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនងសារព័ត៌មាន

សេក ចាន់បូរ៉ា

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងទំនួលខុសត្រូវសង្គម

Chanbora.Sek@aia.com