ភ្នំពេញ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបន្តបង្ហាញការគាំទ្រយ៉ាងមុតមាំដល់កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ដើម្បីលើកស្ទួយកុមារជួបការខ្វះខាត តាមរយៈការបន្តជាអ្នកឧបត្ថម្ភធំ់រយៈពេល 3ឆ្នាំបន្ថែមទៀត ដល់បាល់ទាត់ថ្នាក់មូលដ្ឋានដែលធំជាងគេរបស់កម្ពុជានេះ។
ការបន្តនាមជាអ្នកឧបត្ថម្ភរយៈពេលបីឆ្នាំទៀតនេះនឹងបន្តរហូតដល់ឆ្នាំ2026 ដែលត្រូវបានប្រកាសជាផ្លូវការក្នុងការប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យកុមារ និងយុវជនចូលរួមលេងបាល់ទាត់កាន់តែច្រើនក្នុងបរិយាកាសដ៏រីករាយ មានសុវត្ថិភាព អំណោយផល ក៏ដូចជាផ្ដល់ឲ្យពួកគេនូវជំនាញដែលអាចប្រើប្រាស់សម្រាប់ចាប់យកឱកាសណាមួយដែលពួកគេស្រមៃចង់បាន។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន AIA Stadium, KMH Park បានស្វាគមន៍កុមារ និងយុវជនពោរពេញដោយទេពកោសល្យចំនួន 144នាក់ មកពី 12 ក្រុម ផ្សេងៗគ្នាដែលបានឈ្នះការប្រកួតនៅតាមតំបន់ 2 គឺ ខេត្តកំពង់ធំ និងភ្នំពេញ។ នេះជារដូវកាលទី 7 របស់កម្មវិធីបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League និង ជាឆ្នាំទី 2 របស់ AIA-ISF Grand Championship ។
អ្វីដែលគួរកត់សម្គាល់នាកម្មវិធីនោះ អេ អាយ អេ ខេមបូឌា បានប្រកាសផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងសុខភាព AIA ComCare និង AIA MedCare ដល់បុគ្គលិករបស់អង្គការផ្កាយសមុទ្រកម្ពុជា ដើម្បីជាការថ្លែងអំណរគុណ។ អត្ថប្រយោជន៍សំខាន់ៗដែលផ្តល់ជូនរួមមាន៖ការធានារ៉ាប់រងលើអាយុជីវិត បូករួមទាំងការការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ ប្រាក់ឧបត្ថម្ភលើការចំណាយនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា បានចាប់ដៃគូជាមួយ អង្គការផ្កាយសមុទ្រកម្ពុជាក្នុងឆ្នាំ 2017 ដើម្បីរួមគ្នាជួយកុមារជួបការខ្វះខាតនៅកម្ពុជារាប់ពាន់នាក់ឲ្យមានជីវិតកាន់តែប្រសើរ។ យោងតាមកម្មវិធីយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា 2019-2023 (UNICEF in Cambodia Country Program 2019-23) កុមារជិត 49% រស់នៅក្នុងភាពក្រីក្រ លើបញ្ហាជីវភាព ការសិក្សាអប់រំ និងសុខភាព។ កិច្ចសហការនេះ ផ្តោតលើការអប់រំ និងកីឡា ក្នុងគោលបំណងជួយជម្រុញការចូលរួមលេងកីឡាបាល់ទាត់ដើម្បីបណ្តុះនូវគុណតម្លៃដ៏សំខាន់ ដូចជាការធ្វើការងារជាក្រុម ស្មារតីជាអ្នកកីឡា និងភាពស្មោះត្រង់ ដើម្បីជួយលើកម្ពស់ការរស់នៅរបស់កុមារដែលបានចូលរួមទាំងអស់។ ទាំងនេះនឹងជួយពួកគេឲ្យទម្លាប់នឹងជីវិតសកម្ម និងផ្ដល់ឲ្យពួកគេនូវអត្ថប្រយោជន៍ដែលបានមកពីការរស់នៅមានសុខភាពល្អ។
ចាប់តាំងពីការចាប់ផ្តើមមក កម្មវិធីបាល់ទាត់នេះ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur (“Spurs”) ដែលជាដៃគូសកលរបស់ អេ អាយ អេ។ ជាសរុបមកដល់បច្ចុប្បន្ន ថ្នាលបាល់ទាត់មូលដ្ឋាននេះបានទទួល និងបណ្តុះកុមារ-យុវជនជួបការខ្វះខាតជាង 7,000 នាក់ ដែលក្នុងនោះពួកគេមួយចំនួនបានក្លាយជាកីឡាករអាជីពលេងឲ្យក្លឹបធំៗក្នុងស្រុក និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។
ទន្ទឹមនឹងនេះផងដែរ កម្មវិធីបាល់ទាត់នេះ បានផ្តល់បទពិសោធន៍ដ៏គួរឲ្យស្ញប់ស្ញែងដល់កុមារ និងយុវជនដទៃទៀតដែរ។ កាលពីខែ ឧសភា អេ អាយ អេ បានបញ្ជូនកុមារកម្ពុជា4នាក់ មកពីអង្គការផ្កាយសមុទ្រកម្ពុជាទៅទីក្រុងឡុងដ៍ ដើម្បីដឹកដៃកីឡាកររបស់ក្លឹបបាល់ទាត់ Spurs ចូលទីលានប្រកួត។ នេះក៏ជាលើកទីមួយរបស់ពួកគាត់ដែលបានជិះយន្តហោះ និងបានធ្វើដំណើរទៅក្រៅប្រទេស។
ក្រៅពីនេះទៀតសោត អេ អាយ អេ ខេមបូឌា ក៏បានណែនាំគំនិតផ្តួចផ្តើម និងសកម្មភាពជាច្រើនទៀត ដូចជាការនាំគ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ Spurs មកកាន់ភ្នំពេញ ដើម្បីធ្វើការជាមួយអ្នកចូលរួម និងបណ្តុះបណ្តាលគ្រូបង្វឹកស្ម័គ្រចិត្តរបស់ អង្គការផ្កាយសមុទ្រកម្ពុជា។
នៅក្នុងខែនេះផងដែរ AIA Group នឹងបញ្ជូនកុមារីមកពី អង្គការផ្កាយសមុទ្រកម្ពុជា ចំនួន 24 នាក់ ទៅកាន់កោះ សាមុយ ប្រទេសថៃ ដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp រយៈពេល 6ថ្ងៃ ដែលពួកគេនឹងទទួលបានការហ្វឹកហាត់ពីគ្រូបង្វឹកជំនាញរបស់ Spurs។
គំនិតផ្តួចផ្តើមទាំងនេះ បង្ហាញពីយុទ្ធសាស្ត្ររបស់ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកគាំទ្រកីឡាយ៉ាងពេញទំហឹង ដែលស្របតាមគោលដៅរបស់ អេ អាយ អេ ខេមបូឌា “ឆ្ពោះទៅមុខកាន់តែប្រសើរ” ដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេក្នុងការជួយប្រជាជនកម្ពុជាទាំងអស់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ហើយវាក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។
លោក Andrew Loh បានមានប្រសាសន៍ថា៖ “យើងមានមោទកភាពក្នុងការបន្តការឧបត្ថម្ភដល់លីគ និងបន្តភាពជាដៃគូរបស់យើងជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ គួរឲ្យកោតសរសើរបំផុតក្នុងប្រទេស។ ហើយយើងមានកិត្តិយសក្នុងការផ្តល់ជូនពួកគេនូវដំណោះស្រាយសុខភាព AIA ComCare និង AIA MedCare របស់យើង ដើម្បីការពារផ្នែកហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរ ក្នុងករណីពួកគេជួបប្រទះបញ្ហានានា។” លោក Andrew Loh ក៏បានបន្តទៀតថា “ការចាប់ដៃគ្នាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា អេ អាយ អេ ខេមបូឌា នឹងអាចពង្រឹងយុទ្ធសាស្ត្ររបស់យើងក្នុងការបណ្ដុះថ្នាលជើងឯកកីឡា តាមរយៈគម្រោងពង្រីកលីគទៅកាន់បណ្ដាខេត្តផ្សេងទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ។ យើងចង់ឲ្យកុមារជួបការខ្វះខាតទូទាំងប្រទេសកម្ពុជាមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការទាញយកអត្ថប្រយោជន៍ដែលពួកគេទទួលបានតាមរយៈការលេងបាល់ទាត់ ដើម្បីបង្កើតអនាគតដែលពួកគេចង់បាន។”
សម្រាប់ព័ត៌មានលម្អិតអំពីគំនិតផ្តួចផ្តើមនានាលើផ្នែកសុខភាពរបស់ អេ អាយ អេ ខេមបូឌា សូមផ្ញើអ៉ីមែល kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។