សេចក្តីប្រកាសសារព័ត៌មាន

AIA CAMBODIA បញ្ចប់យុទ្ធនាការ FIT FOR HOPE ឆ្នាំ ២០២២ ដោយមានការសហការ និងគាំទ្រដោយក្រសួងកិច្ចការនារី និងការរួមចំណែកពីដៃគូសហការ និងសាធារណជន

22/10/2022 dot អាន 4 នាទី

ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានបញ្ចប់យុទ្ធនាការលើកកម្ពស់ការយល់ដឹង​អំពីជំងឺមហារីក​សុដន់​ប្រចាំឆ្នាំ Fit for Hope ដោយជោគជ័យដ៏ធំគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះជាមួយការសហការ និងគាំទ្រពីក្រសួងកិច្ចការនារី រួមនឹងមានការចូលរួមដ៏ច្រើនកុះករពីសាធារណជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។

AIA CAMBODIA បញ្ចប់យុទ្ធនាការ FIT FOR HOPE ឆ្នាំ ២០២២ ដោយមានការសហការ និងគាំទ្រដោយក្រសួងកិច្ចការនារី និងការរួមចំណែកពីដៃគូសហការ និងសាធារណជន

វេទិកាចុះដល់មូលដ្ឋាន និងសកម្មភាពដទៃរបស់យុទ្ធនាការ Fit for Hope ក៏បានបន្តឡើងវិញបន្ទាប់ពីអាកខានអស់រយៈពេលពីរឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ជាលទ្ធផលសរុបរបស់យុទ្ធនាការ Fit for Hope ឆ្នាំនេះបានផ្តល់ការពិនិត្យ ស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃរហូតដល់ទៅ ៣.១២៥នាក់ នៅតាមបណ្តាខេត្តចំនួន ៤ គឺខេត្តកំពត កំពង់ចាម សៀមរាប និងបាត់ដំបង និង ៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដែលក្នុងចំណោមនោះបានរកឃើញករណីសង្ស័យចំនួន ៤១៩ ករណី។ យុទ្ធនាការនេះក៏បានរៃអង្គាសទឹកប្រាក់សរុប ៤៥.០០០ដុល្លាអាមេរិក តាមរយៈការបរិច្ចាគពីសាធារណជន និងដៃគូអាជីវកម្ម​ ដែលទឹកប្រាក់ទាំងអស់នេះបានប្រគល់ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម។

ទឹកប្រាក់បរិច្ចាគសរុបដែលផ្តល់ដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម បានមកពីការចូលរួមបរិច្ចាគធំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារព្រីនស៍ រួមនឹងការបរិច្ចាគផ្សេងទៀតពី ក្រុមហ៊ុន SP Building Management ឬ អគារ GIA មូលនិធិ KHM Foundations និង ក្រុមហ៊ុន MSA Marketing Solutions Asia ។

ដោយឡែក ដំណើរពណ៌ផ្កាឈូក “Pink Walk”  ដ៏ធំរបស់យុទ្ធនាការ Fit For Hope ត្រូវបានចូលរួម​ពីសំណាក់សាធារណជនរាប់ពាន់នាក់ ដែលបានអញ្ជើញមកចូលរួមដើរនៅទីក្រុងកោះពេជ្រ ជាមួយ​ឈុតសម្លៀកបំពាក់​ពណ៌​ផ្កាឈូក ​ដើម្បីប្រារព្ធ​ទិវានៃការ​យល់​ដឹងអំ​ពី​ជំងឺ​មហារីក​សុដន់​។ ព្រឹត្តិការណ៍នាថ្ងៃនោះក៏មានការប្រគំតន្ត្រីដ៏ធំសម្បើម សម្រាប់សាធារណជនចូលដោយសេរី ដើម្បីទស្សនាការសម្តែងរបស់តារាចម្រៀងល្បីៗប្រចាំកម្ពុជា ក៏ដូចជាការអបអរ និងថ្លែងអំណរគុណដល់សាធារណជន។

ក្នុងកម្មវិធីបិទយុទ្ធនាការនេះក៏ទទួលបានការចូល​រួមជាកិត្តិយស​ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ពេជ ពិទូរ្យរដ្ឋា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group លោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA Cambodia លោក យ៉ាន​ សាឌីន ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងលោក Leslie Lee Chee Wei ជានាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មនៃធនាគារ ព្រីនស៍ បុគ្គលិក និងទីប្រឹក្សាផែនការជីវិតរបស់ AIA Cambodia រួមទាំងដៃគូអាជីវកម្មជាច្រើនទៀត។

លោកជំទាវ ពេជ ពិទូរ្យរដ្ឋា បានមានប្រសាសន៍ថា៖ «មានតែការបង្កើនការយល់ដឹងប៉ុណ្ណោះដែលអាចជួយកាត់បន្ថយអត្រាកើនឡើងនៃជំងឺមហារីកសុដន់ ហើយក្រសួងកិច្ចការនារី នឹងនៅតែបន្តគាំទ្រ AIA Cambodia និងយុទ្ធនាការ Fit For Hope ដើម្បីសម្រេចគោលបំណងមួយនេះ។ យើងក៏លើកទឹកចិត្តក្រុមហ៊ុនក្នុងវិស័យឯកជន ឲ្យចូលរួមបង្កើតគំនិតផ្តួចផ្តើមផ្សេងៗទៀតទាក់ទងនឹងសុខភាព និងសុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីបង្កើនគុណភាពជីវិតរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរ»។

លោក យ៉ាន សាឌីន បានមានប្រសាសន៍ថា៖ «យើងសូមអរគុណយ៉ាងជ្រៀលជ្រៅដល់ម្ចាស់ឧបត្ថម្ភក្នុងយុទ្ធនាការ Fit For Hope ទាំងអស់គ្នា ដែលការចូលរួមនេះនឹងជួយបង្កើនការពិនិត្យជំងឺ ការប្រឹក្សា និងការព្យាបាលក្នុងមន្ទីពេទ្យមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម។ តាមរយៈការបរិច្ចាគ និងការបង្កើនការយល់ដឹងជាសាធារណៈ អំពីហានិភ័យនៃ ជំងឺមហារីកសុដន់ អាចជួយសង្គ្រោះជីវិតអ្នកជំងឺមហារីកសុដន់ បង្កើនអត្រាជោគជ័យនៃការព្យាបាល និងលើកទឹកចិត្តស្រ្តីនៅកម្ពុជាផ្សេងទៀតឲ្យមានវិធានការទប់ស្កាត់ជំងឺនេះតាំងពីដំណាក់កាលដំបូង»។ 

លោក Andrew Loh មានបានប្រសាសន៍ថា៖ “ទោះបីជា AIA Cambodia គឺជាអ្នកដឹកនាំយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដ៏ធំជាងគេនៅកម្ពុជា ភាពជោគជ័យដ៏ធំរបស់ Fit for Hope គឺបានមកពីការសហការនិងគាំទ្រដោយក្រសួងកិច្ចការនារី មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម សាធារណជន អ្នកចូលរួមបរិច្ចាគ និងដៃគូអាជីវកម្មរបស់យើង។ យើងពិតជាអរគុណសម្រាប់ការគាំទ្រ និងចូលរួមរបស់សាធារណជន ដែលនេះជាកម្លាំងចិត្តឲ្យយើងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធានាបានថាស្ត្រីនៅកម្ពុជាទាំងអស់ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ  រួមទាំងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពួកគាត់អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់»។ 

Fit for Hope គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ យុទ្ធនាការនេះក៏ស្របទៅនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់ (១​.០០០.០០០.០០០នាក់) នៅអាស៊ីឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ ២០៣០។

សម្រាប់ព័ត៌មានបន្ថែមអំពី Fit for Hope និងគម្រោងការពារជំងឺធ្ងន់ធ្ងររបស់ AIA Cambodia ក្នុងការការពារគ្រួសារ និងលោកអ្នក សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ ២៤២  ឬ ចូលទៅកាន់គេហទំព័រ aia.com.kh។

អំពី អេ​ អាយ​ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ AIA Cambodia ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា AIA Cambodia ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

AIA Cambodia ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

AIA Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

 “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង

រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។

AIA Cambodia មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com