ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំកម្មវិធីដ៏ឱឡារិកមួយនៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធិផលជាវិជ្ជមានរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ និងលោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។
ចំនុចសំខាន់ដែលត្រូវបានសង្កត់ធ្ងន់ក្នុងកម្មវិធីនេះ គឺការរីកចម្រើនដ៏ធំធេងរបស់ក្រុមហ៊ុន។ នេះជាការឆ្លុះបញ្ចាំងពីលទ្ធផលការងារដ៏អស្ចារ្យរបស់ទីប្រឹក្សាផែនការជីវិត AIA ដែលបានពង្រីកវិសាលភាពរបស់ខ្លួនដល់ទៅ៤ដងធំជាងឆ្នាំមុន ជាមួយនឹងការរីកចម្រើននៃអាជីវកម្មដ៏គួរឲ្យកត់សម្គាល់របស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ឆ្នាំ២០១៩ គឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ អេ អាយ អេ ខេមបូឌា ដូច្នេះវាពិតជាសាកសមបំផុតដែលយើងចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ២០២០ ជាមួយនឹងការអបអរសាទរនូវសមិទ្ធិផលរបស់ឆ្នាំចាស់ និងត្រៀមខ្លួនសម្រេចឲ្យបាននូវលទ្ធផលឆ្នាំថ្មី ឲ្យកាន់តែប្រសើរថែមទៀត។ សមិទ្ធិផល ដែលគួរជាទីមោទនៈនោះ គឺការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់នៅបុព្វលាភប្រចាំឆ្នាំ ដែលនេះជាការផ្តល់ទំនុកចិត្តយូរអង្វែងពីប្រជាជនកម្ពុជាចំពោះ អេ អាយ អេ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ និងសុខមាលភាពរបស់ពួកគាត់ជាច្រើនជំនាន់បន្តទៅមុខ។ ហើយយើងមិនអាចសម្រេចសមិទ្ធិផលនេះបាន ដោយមិនមានអ្នករាល់គ្នានៅ អេ អាយ អេ ឡើយ ជាពិសេសគឺទីប្រឹក្សាផែនការជីវិត AIA។»
ជាការឆ្លុះបញ្ចាំងពីការថ្លែងអំណរគុណនេះ កម្មវិធីបានប្រកាសទីប្រឹក្សាផែនការជីវិត AIA ១៩នាក់ ដែលទទួលបានសមាជិកភាពបទដ្ឋានលំដាប់ពិភពលោក Million Dollar Round Table (“MDRT”) សម្រាប់ឆ្នាំ ២០១៩ ដោយមានលោកស្រី កែវ សុចិន្តា ដែលសម្រេចបាននូវបទដ្ឋានលំដាប់អន្តរជាតិកាន់តែខ្ពស់ជាងនេះទៅទៀតនោះ គឺ Court of the Table (“COT”) ដល់ទៅ២ឆ្នាំជាប់ៗគ្នា។
សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ហ្មត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។
លោកស្រី កែវ សុចិន្តា បានលើកឡើង «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលខ្ញុំសម្រេចបាននូវផលិតភាពលំដាប់ Court of the Table ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ នេះគឺជាសមិទ្ធិផលដ៏មានមោទនៈភាព ហើយខ្ញុំមិនអាចទទួលបាននូវភាពជោគជ័យនេះបានឡើយ ប្រសិនបើគ្មានទំនុកចិត្តពីអតិថិជន និងការជួយគាំទ្រពីក្រុមការងាររបស់ខ្ញុំនិង ក្រុមហ៊ុន អេ អាយ អេ ទាំងមូល។ ហើយឥឡូវនេះ ខ្ញុំប្តេជ្ញាចិត្តសម្រេចឲ្យបាននូវភាពជោគជ័យកាន់តែខ្លាំងក្លាជាងនេះទៅទៀតក្នុងឆ្នាំ ២០២០។
ខ្លឹមសារសំខាន់ៗដែលបានលើកឡើងដោយ លោកស្រី Pauline Teoh និងលោក Tan Hak Leh បានគូសបង្ហាញអំពីផែនការជាច្រើនសម្រាប់ឆ្នាំនេះ ដោយផ្តោតសំខាន់លើការបង្កើតដំណោះស្រាយថ្មី ដែលផ្តល់អត្ថប្រយោជន៍បន្ថែម ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីជួយការពារសុវត្ថិភាពហរិញ្ញវត្ថុរបស់អតិថិជនរយៈពេលវែង។ លើលពីនេះទៅទៀត ក៏មានការពង្រឹងការប្ដេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនឲ្យរស់នៅដោយមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការជួយជ្រោមជ្រែងពីបុគ្គលិក ការផ្ដល់ជូនថ្មីៗ និងការគាំទ្រពីសម្ព័ន្ធ អេ អាយ អេ និងដៃគូអាជីវកម្មក្នុងស្រុក រួមមានធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត។
សម្រាប់ឆ្នាំ ២០២០ នេះ ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ក៏បានលើកឡើងនូវគម្រោងពង្រីកវិសាលភាពបន្ថែមក្នុងប្រទេស បន្ទាប់ពីការសម្ពោធការិយាល័យនៅក្នុងខេត្តសៀមរាបកាលពីឆ្នាំកន្លងទៅថ្មីៗនេះ។ ការធ្វើដូច្នេះ នឹងផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត នូវឱកាសទទួលបានសេវាកម្មលំដាប់អន្តរជាតិ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលឈានមុខគេរបស់ អេ អាយ អេ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រ សម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។