រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ – ក្នុងអំឡុងរយៈពេលប្រាំមួយខែកន្លងមក មានក្រុមបាល់ទាត់ចំនួន១០០ក្រុម ដែលមានកុមារា និងកុមារីសរុបជិត១៥០០នាក់ បានចូលរួមប្រកួតប្រជែងក្នុងការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League នៅក្នុងរាជធានីភ្នំពេញ។ ការប្រកួតបាល់ទាត់យុវជននេះ មិនមែនជាការប្រកួតធម្មតានោះទេ ដោយហេតុថាកីឡាករនិងកីឡាការនីវ័យក្មេងដែលចូលរួមប្រកួត រួមមានកុមារដែលមានជីវភាពលំបាក និងងាយរងគ្រោះ ហើយការប្រកួតប្រជែងនេះ មានឥទ្ធិពលផ្លាស់ប្ដូរជីវិតជាវិជ្ជមានសម្រាប់មនុស្សជាច្រើនអ្នក។
កុមារកម្ពុជាភាគច្រើនមិនមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតកីឡា និងលេងក្នុងទីលានមួយដែលមានសុវត្ថិភាពនោះទេ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពលំបាក។ ជាធម្មតា កុមារីមានឱកាសតិចជាងកុមារាចំណែកឯឱកាសសម្រាប់កុមារពិការ គឺសឹងតែមិនមាន។ យ៉ាងណាមិញ អង្គការផ្កាយសមុទ្រ (“ISF”) ដែលជាអង្គការមួយដំណើរការក្នុងរាជធានីភ្នំពេញ និងកំពុងផ្ដល់ឱកាសដ៏កម្រក្នុងការលេងបាល់ទាត់ ការអភិវឌ្ឍកាយសម្បទារឹងមាំ ដើម្បីកសាងជំនាញក្នុងជីវិតដ៏មានតម្លៃ និងមានភាពសប្បាយរីករាយដល់កុមារគ្រប់មជ្ឈដ្ឋាន រួមទាំងកុមារដែលពិការកាយសម្បទា និងបញ្ញា។
អង្គការផ្កាយសមុទ្រ ISF បាននៅពីក្រោយបាល់ទាត់មូលដ្ឋានចាប់តាំងពីអង្គការនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះធ្វើការជាមួយកុមារជួបការលំបាកចំនួន៣០០០នាក់ ដោយមានការហ្វឹកហាត់ ការប្រកួត និងកម្មវិធីផ្សេងៗ។ ការប្ដេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រ ISF ក្នុងការបង្កើតឱកាសរួមគ្នាសម្រាប់កីឡាករវ័យក្មេង ត្រូវបានដឹកនាំដោយគោលការណ៍ដែលកុមារទាំងអស់មានសិទ្ធិក្នុងការលេងកីឡា។ គោលគំនិតសំខាន់នៃការប្រកួតប្រជែងបាល់ទាត់យុវជនរបស់អង្គការផ្កាយសមុទ្រ ISF គឺការជឿថាកីឡាមានសក្ដានុពលក្នុងការលុបបំបាត់បញ្ហាសង្គមជាច្រើន ដែលយុវវ័យក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះដូចជាការរើសអើង កង្វះនៃការអប់រំ ភាពអត់ការងារធ្វើ និងជំងឺដែលអាចការពារបាន។
នេះគឺជាឆ្នាំទីពីរហើយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានគាំទ្រ និងឧបត្ថម្ភការប្រកួតបាល់ទាត់យុវជនរបស់អង្គការផ្កាយសមុទ្រ ISF ដោយអង្គភាពទាំងពីរមានការប្ដេជ្ញាចិត្តតែមួយ គឺការទំនាក់ទំនងកុមារ និងសហគមន៍ដែលជួបការលំបាក និងផ្តល់ឱកាសការងារ និងជម្រើសជីវិតដ៏ល្អប្រសើរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រ ISF គឺកំពុងប្រើប្រាស់បាល់ទាត់ដើម្បីផ្ដល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម ការមានវិន័យ និងការហ្វឹកហាត់កីឡាលើជីវិតរបស់កុមារស្របទៅតាមជំនឿថា ការចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
ចូលរួមក្នុងពិធីបិទការប្រកួតនៅថ្ងៃនេះ ថ្នាក់គ្រប់គ្រងរបស់ អេ អាយ អេ ខេមបូឌា លោកស្រី Pauline Teoh បានមានប្រសាសន៏ថា «ការដែលបានឃើញ និងជាពិសេស ការដែលបានជួយគាំទ្រការងារដ៏មានឥទ្ធិពលរបស់អង្គការផ្កាយសមុទ្រ ISF ក្នុងការ រៀបចំកម្មវិធីបាល់ទាត់សម្រាប់សហគមន៍ធំជាងគេនៅកម្ពុជា គឺជារឿងដែលយើងគ្រប់គ្នានៅ អេ អាយ អេ ខេមបូឌា និងនៅសម្ព័ន្ធ AIA ផងដែរ មានមោទនភាពយ៉ាងខ្លាំង។ ទាំងនេះផ្តល់តម្លៃដ៏សំខាន់ទៅលើការប្ដេជ្ញារបស់យើង ក្នុងការជួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានឲ្យបានរស់នៅមានសុខភាពល្អ ចាប់តាំងពីវ័យក្មេង»។
យោងទៅតាម អង្គការសុខភាពពិភពលោក (“WHO”) ជំងឺធ្ងន់ធ្ងរត្រូវបានប៉ាន់ប្រមាណថាជាមូលហេតុនៃការស្លាប់ ៦៤% ក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា។ ដោយឡែក ការជ្រើសរើសយករបៀបរស់នៅដែលមានសុខភាពល្អ ដូចជាការធ្វើលំហាត់ប្រាណជាដើម អាចកាត់បន្ថយនូវជំងឺបែបនេះបានយ៉ាងច្រើន។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការហាត់បាល់ទាត់ក្នុងរយៈពេល១២សប្ដាហ៍ ជួយបង្កើនការស្រូបយកអុកស៊ីសែនអតិបរមាពី ១០ ទៅ ១៥% និងបន្ថយហានិភ័យ៥០%នៃជំងឺសរសៃឈាមបេះដូង ដូចជាការគាំងបេះដូង ជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ក្រៅពីការពង្រឹងកាយសម្បទាតាមរយៈការកសាងភាពរឹងមាំ អំណត់ និងល្បឿន អ្នកលេងបាល់ទាត់មានសុខភាពល្អប្រសើរជាងមុនដោយសារតែពួកគេមានសមត្ថភាពក្នុងការស្រូបយកអុកស៊ីសែនបានប្រសើរជាងមុន។
ការប្រកួតបាល់ទាត់យុវជនដ៏ពិសេសនេះ មិនត្រឹមតែផ្សព្វផ្សាយសុខភាព និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែការប្រកួតនេះក៏ជួយលើកកម្ពស់ការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីកម្មវិធីរបស់អង្គការផ្កាយសមុទ្រ ISF បានចាប់ផ្ដើមដំណើរការ ចំនួនក្រុមបាល់ទាត់ក្មេងស្រីនៅក្នុងលីកបានកើនឡើងទ្វេដង នេះបង្ហាញពីការផ្លាស់ប្ដូរយ៉ាងធំនៃតួនាទីរបស់កីឡាបាល់ទាត់សម្រាប់ស្រ្តី និងសង្គមនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំនេះ ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League បានផ្ដល់ការហ្វឹកហាត់ និងការប្រកួតវិលជុំដល់ក្រុមបែកចែកជា៦ផ្នែក រួមមានក្រុមកុមារា និងកុមារីអាយុក្រោម១០ឆ្នាំ ក្រោម១៤ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងនោះក៏មានរួមបញ្ជូលកីឡាករគថ្លង់ និងបញ្ហាការស្ដាប់ផ្សេងៗផងដែរ។
នៅក្នុងការហ្វឹកហាត់ប្រចាំសប្ដាហ៍សម្រាប់ការប្រកួតនេះ មានការផ្ដោតទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលលើកឡើងពីបញ្ហាដូចជា សមភាពយែនឌ័រ ការទប់សា្កត់ជម្លោះ សុខភាពនិងសុខុមាលភាព ព្រមទាំងបំណិនជីវិតផ្សេងៗទៀត។ គ្រូបង្វឹកដើរតួជាគំរូសម្រាប់កីឡាករ ហើយនេះពិតជាសំខាន់ណាស់ក្នុងការបង្កើតការចូលរួមពីកុមារី។ ក្នុងពិធីបើកការប្រកួតនៅក្នុងខែធ្នូ ឆ្នាំ២០១៨ គ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ISF អ្នកគ្រូរ៉ាន់យ៉ា បានលើកឡើងថា «នៅក្នុងសង្គមដែលកីឡាត្រូវបានគេចាត់ទុកជាល្បែងកំសាន្ត ឬជម្រើសអាជីពសម្រាប់តែបុរសប៉ុណ្ណោះ ការបង្វឹកដោយគ្រូបង្ចឹកភេទស្រី អាចជាប្រភពនៃការបំផុសគំនិតសម្រាប់ក្មេងស្រីដែលចង់ចូលទៅក្នុងវិស័យកីឡា»។
នៅក្នុងឆ្នាំ២០១៨ កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ISF បានឈ្នះពានរង្វាន់ Dream Asia Award ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហើយត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ Beyond Sport Global Award ឆ្នាំ ២០១៨ សម្រាប់សុខភាពនិងសុខុមាលភាពចំពោះការប្រើប្រាស់បាល់ទាត់ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមនៃប្រទេសកម្ពុជា។ អ្នកគ្រប់គ្រងអង្គការផ្កាយសមុទ្រ ISF លោក Leo Brogan បាននិយាយនៅមុខការបិទការប្រកួតបាល់ទាត់យុវជន AIA-ISF បានលើកឡើងថា «ការចាប់ដៃគូជាមួយ អេ អាយ អេ បានជួយយើងឲ្យមកដល់ចំណុចមួយនៅថ្ងៃនេះ ដែលពួកយើងអាចជួយផ្លាស់ប្ដូរជីវិតរបស់កុមាររាប់ពាន់នាក់ និងគ្រួសាររបស់ពួកគេឲ្យកាន់តែមានភាពប្រសើរឡើង។ យើងសូមថ្លែងអំណរគុណ និងសូមអបអរសាទរចំពោះអ្នកគាំទ្ររបស់យើង ក៏ដូចជាកីឡាករ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យកម្មវិធី និងការប្ដេជ្ញារបស់យើងក្នុងការធ្វើឲ្យរដូវកាលផ្សេងដែលពោរពេញដោយភាពវិជ្ជមាន»។
ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ត្រូវបានបញ្ចប់ថ្ងៃនេះ ជាមួយនឹងការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមគ្រប់ប្រភេទ ចាប់ពីម៉ោង៩ព្រឹក ដល់៤ល្ងាច នៅកីឡដ្ឋានអង្គការផ្កាយសមុទ្រ ដែលមានទីតាំងនៅភូមិព្រះធាតុ រាជធានីភ្នំពេញ។ កម្មវិធីបិទការប្រកួត មានចូលរួមពីសំណាកកុមារទាំងអស់ដែលបានចូលរួមប្រកួត និងគ្រូបង្វឹករបស់ពួកគេ រួមទាំងថ្នាក់ដឺកនាំរបស់អង្គការផ្កាយសមុទ្រISF និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រង ៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពី អង្គការផ្កាយសមុទ្រ
អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែលពួកគាត់កំពុងជួបប្រទះ។
អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។
អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។
អំពីក្លិបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខបួន នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League បួនឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។