រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) និងអេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរួមគ្នាបើកកម្មវិធីអភិវឌ្ឍន៏កីឡាបាល់ទាត់ថ្នាក់មូលដ្ឋានមួយ នៅថ្ងៃនេះ ដោយសហការជាមួយក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) ក្នុងក្របខណ្ឌ English Premier League នៃចក្រភពអង់គ្លេស។ កម្មវិធី «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» បានទទួលការទំនុកបម្រុងយ៉ាងពេញលេញពី អេ អាយ អេ ខេមបូឌា។ ក្នុងកម្មវិធីនេះ គ្រូបង្វឹក២រូបរបស់ក្រុម Spurs បានធ្វើការបង្ហាត់បង្ហាញគ្រូបង្វឹកកម្ពុជាចំនួន ២៨នាក់ ពីក្លិបក្នុងក្របខណ្ឌប្រកួតកំពូលនៅកម្ពុជា (Cambodian Football League) និងគ្រូបង្វឹក ១០នាក់ទៀតនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។
សម្រាប់កម្មវិធីនេះ មានវគ្គបណ្តុះបណ្តាលចំនួន៤វគ្គ ដែលវគ្គទី១នេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈសិក្ខាសាលាក្នុងថ្នាក់ និងការធ្វើការជាក្រុម។ គ្រូបង្វឹក២រូប គឺលោក Anton Blackwood និងលោក Shaun Harris បានណែនាំដល់សិក្ខាកាមទាំងអស់អំពីកម្មវិធីអភិវឌ្ឍន៍គ្រូបង្វឹក/កីឡាករថ្នាក់មូលដ្ឋានរបស់ Spurs និងបានពន្យល់អំពីអត្ថប្រយោជន៍នៃកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានសម្រាប់កុមារា កុមារី។
លោក Anton Blackwood បានលើកឡើងថា «វគ្គទី១ ផ្តោតលើការណែនាំដល់អ្នកគ្រប់គ្នាអំពីសាវតានៃកម្មវិធីអភិវឌ្ឍន៍គ្រូបង្វឹក/កីឡាករ របស់ក្លិប Tottenham Hotspur ព្រមទាំងអត្ថប្រយោជន៍សម្រាប់កីឡាករវ័យក្មេងដែលទើបតែចាប់ផ្តើមរៀនលេង។ សម្រាប់វគ្គបន្ទាប់ទៀតនៅក្នុងឆ្នាំនេះ យើងនឹងរៀនស៊ីជម្រៅថែមទៀតលើការហ្វឹកហាត់នៅលើទីលានបាល់ទាត់ផ្ទាល់ ហើយខ្ញុំជឿថាគ្រប់គ្នាកំពុងទន្ទឹងរង់ចាំឈានដល់វគ្គទាំងនោះផងដែរ។»
AIA គឺជាដៃគូផ្លូវការរបស់ក្លិប Spurs ។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកល ២នាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេទទួលបានសុខភាពល្អ និងជីវិតកាន់តែប្រសើរ។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពណាស់ដែលអាចនាំយកគ្រូបង្វឹកបាល់ទាត់ពីក្លិបក្នុងក្របខណ្ឌ English Premier League ដែលឈានមុខគេ ចំនួន២នាក់ ដែលមានបទពិសោធន៍ខ្ពស់មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ក្រុមគ្រូបង្វឹកពីក្លិបចូលរួមក្នុងការប្រកួតថ្នាក់របស់កម្ពុជា និងគ្រូបង្វឹកនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ គុណតម្លៃនៃកីឡាបាល់ទាត់ គឺជាការធ្វើការងារជាក្រុម និងការរស់នៅប្រកបដោយសុខភាពល្អ ហើយនេះគឺជាគុណតម្លៃ២យ៉ាងដែល AIA យកចិត្តទុកដាក់យ៉ាងខ្លាំង។ ដូច្នេះយើងអបអរចំពោះឥទ្ធិពលវិជ្ជមាននៃកម្មវិធីនេះ ទៅលើអនាគតនៃវិស័យកីឡានៅប្រទេសកម្ពុជា។»
កម្មវិធីនេះនឹងដំណើរការពេញមួយឆ្នាំ២០១៩ ជាមួយនឹងវគ្គបណ្តុះបណ្តាល៣ផ្សេងទៀតដែលនឹងរួមបញ្ចូលទាំងសិក្ខាសាលាក្នុងថ្នាក់ និងការហ្វឹកហាត់ជាក់ស្តែងចេញនៅលើទីលានកីឡាបាល់ទាត់។ ប្រធានបទទាំងអស់ រួមមានវិធីសាស្ត្រអភិវឌ្ឍន៍ការហ្វឹកហ្វឺនពិស្តារ វិធីរៀបចំរបៀបហ្វឹកហ្វឺនឲ្យបានត្រឹមត្រូវ ព្រមទាំងគន្លឹះក្នុងការកសាងកម្មវិធីបណ្តុះបណ្តាលមូលដ្ឋានដែលមានរយៈពេល៦ សប្តាហ៍ប្រកបដោយជោគជ័យ។
លោក ជួន ជុំ ជាគ្រូបង្វឹកម្នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានមានប្រសាសន៍ថា «វគ្គទី១នៃកម្មវិធីនេះ គឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយវាបានបង្រៀនខ្ញុំជាច្រើនអំពីសារៈសំខាន់នៃការមានការហ្វឹកហាត់បាល់ទាត់ថ្នាក់មូលដ្ឋានកម្រិតស្តង់ដារខ្ពស់។ គ្រូបង្វឹក Spurs មានចំណេះដឹងច្រើន និងមានយុទ្ធសាស្រ្តធ្វើឲ្យសិស្សចូលរួមយ៉ាងសកម្ម។ ខ្ញុំរីករាយណាស់ ដែលបានទទួលយកការបណ្តុះបណ្តាលពីពួកគាត់»។
លោក ឆាំង ពិសិដ្ឋ ដែលជាលេខាប្រតិបត្តិនៃ CNCC បានលើកឡើងថាគំនិតផ្តួចផ្តើមនេះ គឺជាសញ្ញាលើកទឹកចិត្តមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយវានឹងមានឥទ្ធិពលវិជ្ជមានទៅលើការចូលរួមក្នុងកីឡានេះ នៅក្នុងប្រទេសយើង។
លោក ឆាំង ពិសិដ្ឋ មានប្រសាសន៍ថា «តាមរយៈកម្មវិធីរួមគ្នារបស់យើងជាមួយ AIA និងក្លិបដ៏ល្បីល្បាញកម្រិតពិភពលោកដូចជា Tottenham Hotspur យើងសង្ឃឹមថាយើងអាចមើលឃើញពីឥទ្ធិពលវិជ្ជមានលើគុណភាពនៃការហ្វឹកហាត់បាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន ដែលអាចនឹងក្លាយទៅជាកីឡាករសម្រាប់ក្រុមជម្រើសជាតិនៅថ្ងៃអនាគត»។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រង ៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅចុងឆ្នាំ ២០១៦ CNCC ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំងការិយាល័យទីផ្សារ និងការផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។
អំពីក្លឹបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៧/២០១៨ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៣ឆ្នាំជាប់ៗគ្នា និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។