ភាពជោគជ័យនៃកម្មវិធីបាល់ទាត់សម្រាប់សហគមន៍ធំជាងគេបំផុតនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ – ក្នុងអំឡុងពេលប្រាំមួយខែកន្លងទៅនេះ កីឡាករបាល់ទាត់ ១០០ ក្រុម សរុបរួមកុមារា កុមារីប្រមាណ ១.៣០០នាក់ បានចូលរួមក្នុងការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ ដែលបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ ក្នុងពិធីបញ្ចប់នៅឯកីឡដ្ឋានរបស់អង្គការផ្កាយសមុទ្រ។ សម្លេងដ៏ខ្ញៀវខ្ញារនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានឆ្លុះបញ្ចាំងពីឥទ្ធិពលវិជ្ជមាននៃការប្រកួតបាល់ទាត់ដ៏ធំមួយនេះសម្រាប់កុមារក្រីក្រ និងក្រុមគ្រួសាររបស់គេ ដែលធ្វើឲ្យទស្សនិកជនជាច្រើនអាចរំពឹងទុកបានថាកម្ពុជានឹងមានសុខភាពកាន់តែល្អប្រសើរ។
ឱកាសក្នុងការចូលរួមលេងកីឡាបាល់ទាត់បែបប្រកួតប្រជែង និងការលេងបាល់ក្នុងទីលានកីឡា គឺនៅមានកម្រិតខ្លាំងសម្រាប់ប្រជាជនខ្មែរ ជាពិសេសកុមារក្រីក្រ។ ជាទូទៅ ក្មេងស្រីមានឱកាសតិចជាងក្មេងប្រុស ហើយសម្រាប់កុមារពិការ ឱកាសបែបនេះ ស្ទើរតែមិនមានតែម្តង។ អង្គការផ្កាយសមុទ្រ យល់ច្បាស់អំពីបញ្ហនេះ ហើយតាមរយៈការប្រកួតបាល់ទាត់នេះ ដែលទទួលបានការឧបត្ថម្ភទាំងស្រុងក្នុងរយៈពេលវែង ពីក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) អង្គការនេះ បានផ្តល់ឲ្យក្មេងប្រុសស្រីពីគ្រប់មជ្ឈដ្ឋាន រួមទាំងកុមារពិការសារពាង្គកាយ និងពិការបញ្ញា នូវឱកាសដ៏កម្រ ក្នុងការលេងបាល់ទាត់ដ៏សកម្មនេះ។ ការប្រកួតបាល់ទាត់នេះ មានឥទ្ធិពលវិជ្ជមានជាច្រើន ទាំងនៅក្នុងកីឡដ្ឋាន និងលើសពីនេះ ហើយមិនត្រឹមតែសម្រាប់អ្នកចូលរួមប៉ុណ្ណោះទេ គឺថែមទាំងក្រុមគ្រួសាររបស់ពួកគេ គ្រូបង្វឹក និងបុគ្គលិកអង្គការផ្កាយសមុទ្រជាច្រើន និងសហគមន៍នានាទៀតផង។
កម្មវិធី AIA-ISF Youth League ដែលធ្វើឡើងប្រចាំឆ្នាំនេះ ផ្តល់ការហ្វឹកហាត់ និងការប្រកួតជាច្រើនដល់ក្មេងប្រុសស្រីប្រាំមួយក្រុម គឺក្រុមក្រោមអាយុ ១០ឆ្នាំ ក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ដែលរួមបញ្ចូលទាំងកុមារគថ្លង់ផងដែរ។ កុមារទាំងនេះអាចអភិវឌ្ឍ បំនិនផ្សេងៗដូចជា ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្ត និងលទ្ធភាពបន្សុំាជាដើម។ បំនិនជីវិតទាំងនេះ អាចប្រើប្រាស់បានក្នុងការសិក្សា និងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជាមួយគ្នានេះផងដែរ ការប្រកួតប្រចាំសប្តាហ៍របស់កម្មវិធីនេះ ត្រូវបានចូលរួមគាំទ្រយ៉ាងកុះករពីសហគមន៍នេះ។ គិតចាប់ពីការចាប់ផ្តើមដំបូងរហូតមកដល់ពេលនេះ ចំនួនកុមារីចូលរួម បានកើនឡើងជិតបីដង ហើយចំនួនក្រុមកីឡាករស្រី បានកើនឡើងទ្វេដង។ នេះជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះតួនាទីកីឡាបាល់ទាត់ ក្នុងការផ្តល់ប្រយោជន៍ដល់ស្ត្រី និងសង្គមទាំងមូល។ លើសពីនេះទៀត គ្រូបង្វឹកអង្គការផ្កាយសមុទ្រក៏បានទទួលការហ្វឹកហាត់ផ្ទាល់ពីគ្រូបង្វឹកកម្រិតកំពូលពីក្លឹបបាល់ទាត់ពីចក្រភពអង់គ្លេសគឺ Tottenham Hotspur (“Spurs”) ដោយសារតែ AIA គឺជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់នេះ។ ទាំងអស់នេះ រួមជាមួយនឹងការចំណាយពេលរហូតដល់ទៅបីម៉ោងរបស់ក្មេងៗមួយចំនួនដើម្បីមកចូលរួមក្នុងការប្រកួតនេះជារៀងរាល់សប្តាហ៍ បង្ហាញឲ្យឃើញពីការត្រេកត្រអាល និងតម្រូវការចាំបាច់ឲ្យមានការប្រកួតនេះឡើង ព្រមទាំងសារៈសំខាន់នៃទំនុកបម្រុងយ៉ាងពិសេសរបស់ AIA។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ក្នុងកម្មវិធីបិទការប្រកួតនោះថា “យើងដឹងថាប្រជាជនខ្មែរជាច្រើន ស្រលាញ់កីឡាបាល់ទាត់។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយនឹងអង្គការផ្កាយសមុទ្រក្នុងការជួយបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានចំពោះជីវិតរបស់ប្រជាពលរដ្ឋតាមរយៈបាល់ទាត់ ដោយស្របនឹងគោលដៅរបស់យើងនៅទីនេះក្នុងការជួយឲ្យប្រជាជនខ្មែរមានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។” ដោយសង្កត់ធ្ងន់លើចីរភាពនៃការប្រកួតនេះ លោក Richard ក៏បានបន្ថែមទៀតថា “យើងចង់បង្កើតឲ្យមានឥទ្ធិពលវិជ្ជមានយូរអង្វែង ជាមួយនឹងដៃគូជាច្រើនរបស់យើង។ ហេតុនេះហើយទើបយើងនាំយកការបណ្តុះបណ្តាលលំដាប់ពិភពលោកពីក្លឹប Tottenham Hotspur ដែលជាដៃគូរបស់យើង មកកាន់ទីនេះ ដើម្បីហ្វឹកហ្វឺនគ្រូបង្វឹកអង្គការផ្កាយសមុទ្រក្នុងការបង្ហាត់ដល់ក្មេងៗជាច្រើនទៀតនៅឆ្នាំបន្តបន្ទាប់។”
“យើងរីករាយដែលបានចូលរួមជាមួយ AIA និងអង្គការផ្កាយសមុទ្រ ក្នុងការជួយប្រជាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពីកីឡាបាល់ទាត់ក្នុងរយៈពេលយូរអង្វែង។” នេះជាការលើកឡើងរបស់លោក Anton Blackwood ដែលជាគ្រូបង្វឹករបស់ក្លឹប Spurs បន្ទាប់ពីបានចែករំលែកគន្លឹះក្នុងការរស់នៅប្រកបដោយសុខភាពល្អ ដល់កុមារនៅទីនេះ។ គាត់បានបន្តថា “ក្តីស្រលាញ់ចំពោះបាល់ទាត់ និងជំនាញជាច្រើន ដែលកុមារក្រីក្រ និងគ្រូបង្វឹកនៅទីនេះ ទទួលបានតាមរយៈការប្រកួត និងតាមរយៈការចូលរួមរបស់យើង នឹងបន្តជួយគេទៅមុខថែមទៀតក្នុងជីវិត។”
កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានអបអរដោយមានប្រសាសន៍ថា “ការចាប់ដៃគូជាមួយនឹង AIA ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតដ៏ធំ មានធនធានសម្បូរបែប និងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំសម្រាប់ការរស់នៅដោយសុខភាពល្អនេះ មិនត្រឹមតែបានជំរុញឲ្យយើងផ្តល់ជូនសុខភាពល្អដល់ក្មេងៗតាមរយៈការប្រកួតនេះប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនគុណភាព និងនិរន្តរភាពនៃការប្រកួតបាល់ទាត់វិលជុំនេះថែមទៀតផង។ តំណាងឲ្យអ្នករាល់គ្នានៅអង្គការផ្កាយសមុទ្រ និងអ្នកទទួលផលពីកម្មវិធី នេះជាច្រើនពាន់នាក់ទៀត យើងខ្ញុំសូមអរគុណ AIA និង Spurs សម្រាប់ការគាំទ្រយ៉ាងសន្ធឹកសន្ធាប់របស់ខ្លួន។”
កម្មវិធីបើកការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ បានចាប់ផ្តើមពីថ្ងៃទី ២៦ វិច្ឆិកា ២០១៧ រហូតដល់ថ្ងៃទី ២៧ ឧសភា ២០១៨។ ការប្រកួតនេះ បានធ្វើឡើងនៅកីឡដ្ឋានអង្គការផ្កាយសមុទ្រ នៅភូមិព្រះធាតុ ទីក្រុងភ្នំពេញ។ រដូវកាលប្រកួតបន្ទាប់ នឹងចាប់ផ្តើមនៅខែធ្នូ ២០១៨។
- ចប់ -
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
អំពី អង្គការផ្កាយសមុទ្រ
អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែលពួកគាត់កំពុងជួបប្រទះ។
អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។
អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។
អំពីក្លឹបបាល់ទាត់ Tottenham Hotspur
ក្លឹបបាល់ទាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៧/២០១៨ និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។ ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន អាស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានរួមទាំងក្លឹបអ្នកគាំទ្រច្រើនជាង ១៥០ នៅទូទាំងពិភពលោក។
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយពហុកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីកំពុងសាងសង់ នៅចំកណ្តាល បេះដូងនៃទីក្រុងឡុងដ៍ខាងជើង។
- មូលនិធិដែលទទួលបានពានរង្វាន់ ហើយបានបង្កើតឱកាសចំនួន ២,៥ លាន ក្នុងការជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមរយៈការអប់រំ ការងារ សុខភាព និង ការងារសង្គមផ្សេងទៀត។