រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ – ដោយមានការចូលរួមយ៉ាងខ្ងៀវខ្ងារពីកុមារា កុមារីប្រមាណ ១៣០០នាក់ នៅក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់វិលជុំរដូវកាលថ្មីនេះ យើងអាចដឹងបានថាការប្រកួតនេះ គឺជាការប្រកួតដ៏អស្ចារ្យ។ ជារឿយៗយើងអាចនឹងមិនចាប់អារម្មណ៍ថាកុមារចាំបាច់ត្រូវមានសិទ្ធិក្នុងការលេងកំសាន្ត។ កុមារទាំងអស់នេះមានស្ថានភាពជីវភាពលំបាក ដែលកំហិតការទទួលបានការលេងកំសាន្ត និងការលេងកីឡារបស់ពួកគេ។ សម្រាប់ពួកគេ កីឡាបាល់ទាត់គឺជាអំណោយ និងជីវិតសម្រាប់ពួកគេ ដែលវាជំរុញឲ្យមានទំនាក់ទំនងកាន់តែស្និទ្ធស្នាលក្នុងសហគមន៍ ការអភិវឌ្ឍបំណិនជីវិត និងការផ្តល់ជាគំរូវិជ្ជមានផងដែរ។
ទាំងអស់នេះ អាចដំណើរការទៅបានដោយសារអង្គការផ្កាយសមុទ្រ ដែលក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ អង្គការផ្កាយសមុទ្របានរៀបចំកម្មវិធីបាល់ទាត់សម្រាប់សហគមន៍ ដែលជួយដល់កុមារក្រីក្រជិត ៤០០០នាក់ ព្រមទាំងក្រុមគ្រួសាររបស់គេ នៅទូទាំងកម្ពុជា។ តាមរយៈកីឡាបាល់ទាត់ អង្គការផ្កាយសមុទ្រ មានគោលបំណងអប់រំ លើកទឹកចិត្តដល់កុមារទាំងនោះ ដោយជួយអោយពួកគេមានទម្លាប់រស់នៅល្អ មានទំនុកចិត្តលើខ្លួនឯង និងជំរុញអោយពួកគេមានការស្វែងយល់បន្ថែមពីសង្គមដែលពួកគេរស់នៅ។
ការប្រកួតវិលជុំប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ផ្តល់ការហ្វឹកហាត់ និងការប្រកួតសម្រាប់កុមារច្រើនជាងមួយពាន់នាក់ជារៀងរាល់ឆ្នាំ ហើយទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។ ការប្រកួតវិលជុំនេះ បែងចែកជា៦ផ្នែក ដែលមានក្មេងប្រុសស្រីអាយុក្រោម ១០ឆ្នាំ ក្រោម ១៤ឆ្នាំ និង ក្រោម១៨ឆ្នាំ ក្នុងនោះមានកីឡាករគថ្លង់ផងដែរ។ ក្តីរំភើបសប្បាយរីករាយចំពោះការប្រកួតនេះ បានបង្ហាញត្រង់ថាមានក្រុមកុមារជាច្រើន បានធ្វើដំណើររហូតដល់ទៅ ៣ម៉ោងទៅវិញទៅមក ដើម្បីចូលរួមការប្រកួតនេះ។ សម្រាប់កុមារទាំងអស់នេះ ការដែលបានលេងក្នុងការប្រកួតវិលជុំនេះ គឺជាឱកាសកម្រមួយដែលអាចលេងកីឡាដែលមានលក្ខណៈប្រកួតប្រជែង និងអាចអភិវឌ្ឍជំនាញចាំបាច់មួយចំនួន ដូចជាការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ ការធ្វើការសម្រេចចិត្ត និងភាពរឹងប៉ឹងជាដើម។
ចាប់ផ្តើមពីឆ្នាំ ២០១៧នេះ អង្គការផ្កាយសមុទ្រ បានសហការណ៍ជាមួយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែលបានឧបត្ថម្ភដល់ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League នេះសម្រាប់រយៈពេល ៣ឆ្នាំ ចំពោះកិច្ចខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយកុមារ និងសហគមន៍ក្រីក្រ។ ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របានមានប្រសាន៏ថា «យើងរីករាយខ្លាំងណាស់ក្នុងការធ្វើការជាមួយ AIA ដែលមានឆន្ទៈក្នុងការគាំទ្រ និងជំរុញឲ្យមានការរស់នៅប្រកបដោយសុខភាពល្អ សម្រាប់មនុស្សគ្រប់រូប រួមទាំងសហគមន៍ក្រីក្រផងដែរ។ ជាមួយគ្នា យើងនឹងអាចលើកកំពស់លទ្ធភាពនៃការប្រកួតវិលជុំនេះ និងបង្កើនគុណភាពនៃកម្មវិធីបាល់ទាត់នានា។” លោកបន្ថែមថា “យើងកាន់តែសប្បាយរីករាយថែមទៀតចំពោះ
ទំនាក់ទំនងរវាង AIA ជាមួយនឹងក្លឹបបាល់ទាត់ Tottenham Hotspur ដែលទំនាក់ទំនងនេះ នឹងនាំឲ្យមានការអភិវឌ្ឍកាន់តែប្រសើរចំពោះកុមារទាំងឡាយក្នុងកម្មវិធីបាល់ទាត់របស់យើង។”
AIA Group Limited (“AIA”) គឺជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់ Tottenham Hotspur (“Spurs”) ដែលជាក្រុមឈានមុខគេមួយក្នុងការប្រកួតបាល់ទាត់ English Premier League។ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃទំនាក់ទំនងនេះ គឺថាគ្រូបង្វឹកបាល់ទាត់ពីក្រុមនេះចំនួនពីររូប បោះទីតាំងនៅក្នុងតំបន់អាស៊ី ដើម្បីធ្វើការជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីបង្ហាត់បង្រៀនដល់សហគមន៍របស់ AIA។ គ្រូបង្វឹកទាំងពីរបានចូលរួមការកម្មវិធីបើកការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ ហើយបានបង្ហាត់បង្ហាញកុមារទាំងអស់ អំពីយុទ្ធសាស្រ្តក្នុងការលេងបាល់ ព្រមទាំងបានចែកចាយការអំពីការរស់នៅប្រកបដោយសុខភាពល្អ។ លោក Daniel Mitchell គ្រូបង្វឹករបស់ក្លឹប Spurs បាននិយាយថា “យើងខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញមកកម្ពុជា ដើម្បីបានឃើញថាអង្គការផ្កាយសមុទ្រ និង AIA បាន និងកំពុងបង្កើតឲ្យមានក្តីស្រឡាញ់ចំពោះកីឡាបាល់ទាត់ សម្រាប់កុមារនៅសហគមន៍ក្រីក្រ។” លោកក៏បានបន្ថែមថា “ការស្រឡាញ់កីឡាពេញមួយជីវិត គឺចាប់ផ្តើមពីកុមារភាព ហើយវាអាចផ្តល់ជាផលវិជ្ជមានលើសពីការលេងនៅក្នុងតារាង។”
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា យល់ស្របចំពោះការលើកឡើងនេះ ហើយបានមានប្រសាសន៍ថា “តាមរយៈការផ្តល់ឱកាសឲ្យកុមារក្រីក្របានលេងកីឡាដែលមានលក្ខណៈប្រកួតប្រជែង នៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព និងមានរចនាសម្ព័ន្ធត្រឹមត្រូវ អង្គការផ្កាយសមុទ្រកំពុងតែជួយឲ្យពួកគេក្លាយទៅជាសមាជិកសង្គមដែលមានសុខភាពល្អ និងរាងកាយមាំមួន។ នោះពួកគេនឹងអាចបង្កើតជាផលវិជ្ជមាន សម្រាប់គ្រួសារ និងសហគមន៍របស់គេ។” ចំពោះការសហការណ៍រវាង AIA នឹងអង្គការផ្កាយសមុទ្រ លោកបានលើកឡើងថា “ការធ្វើការជាមួយអង្គការផ្កាយសមុទ្រ គឺជាកិច្ចសហការយ៉ាងត្រឹមត្រូវនឹងងាយស្រួលមួយ ហើយយើងអាចផ្តល់ការគាំទ្រដល់អង្គការនេះបានយ៉ាងល្អ។ យើងមិនត្រឹមតែមានគុណតម្លៃដូចគ្នា ដែលផ្តោតលើតម្រូវការរបស់បុគ្គលទាំងឡាយព្រមទាំងក្រុមគ្រួសាររបស់គេនោះទេ យើងទាំងពីរថែមទាំងមានការប្តេជ្ញាចិត្តជំរុញឲ្យមានការអភិវឌ្ឍសង្គមក្នុងរយៈពេលវែងនៅកម្ពុជាថែមទៀតផង។”
កម្មវិធីបើកការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ បានប្រារព្វឡើងនៅថ្ងៃទី ២៦ វិច្ឆិកា ដោយក្នុងថ្ងៃនេះផ្ទាល់ មានការប្រកួតមិត្តភាពចំនួន ១៩៤ប្រកួត ពីក្រុមបាល់ទាត់ចំនួន ១០០ក្រុម។ ការប្រកួតបាល់ទាត់វិលជុំនេះ ធ្វើឡើងរៀងរាល់សប្តាហ៍នៅកីឡដ្ឋានរបស់អង្គការផ្កាយសមុទ្រ ក្នុងទីក្រុងភ្នំពេញ។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
អំពី អង្គការផ្កាយសមុទ្រ
អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែលពួកគាត់កំពុងជួបប្រទះ។
អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។
អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។
អំពីក្លឹបបាល់ទាត់ Tottenham Hotspur
ក្លឹបបាល់ទាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ២ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល 2016/2017 និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។ ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន
· អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន អាស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានរួមទាំងក្លឹបអ្នកគាំទ្រច្រើនជាង ១៥០ នៅទូទាំងពិភពលោក។
· មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយពហុកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីកំពុងសាងសង់ នៅចំកណ្តាល បេះដូងនៃទីក្រុងឡុងដ៍ខាងជើង។
មូលនិធិដែលទទួលបានពានរង្វាន់ ហើយបានបង្កើតឱកាសចំនួន ២,៥ លាន ក្នុងការជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមរយៈការអប់រំ ការងារ សុខភាព និង ការងារសង្គមផ្សេងទៀត។
ទំនាក់ទំនងសារព័ត៌មាន