AIA ទទួលបានអាជ្ញាបណ្ណដើម្បីធ្វើការប្រតិបត្តិការធានារ៉ាប់រងជីវិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០១៧ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានទទួលអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ អេ អាយ អេ ខេមបូឌា រំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំនេះ នៅលើទីផ្សារធានារ៉ាប់រងជីវិតកម្ពុជាដែលកំពុងតែមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿន។
អេ អាយ អេ ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន AIA Group Limited ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៦ ទ្រព្យសរុបរបស់ក្រុមហ៊ុន AIA មានទំហំប្រមាណ ១៨៥ពាន់លានដុល្លាអាមេរិក។ ដោយមានសាវតាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជិតមួយសតវត្សន៍មកហើយនោះ ក្រុមហ៊ុន AIA Group Limited និងបុត្រសម្ព័ន្ធរបស់ខ្លួន (ជារួមហៅថា “AIA” ឬ “Group”) កំពុងបម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងជីវិតច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលយកអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាលើសពី ១៦លាននាក់ទូទាំងតំបន់។
អាជ្ញាបណ្ណដែលក្រុមហ៊ុនបានទទួលថ្មីៗនេះ អនុញ្ញាតិឲ្យ AIA នាំយកមកនូវដំណោះស្រាយ និងសេវាកម្មថ្មីប្លែក ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែកើនឡើង។ AIA ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែងតទៅ។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការទទួលបានឳកាសឈានជើងចូលក្នុងទីផ្សារដ៏មានសន្ទុះយ៉ាងខ្លាំងមួយនេះ ដែលក្នុងនោះការធានារ៉ាប់រងជីវិតមានអត្រាជ្រាបចូលទីផ្សារនៅទាបជាង ១ភាគរយនៅឡើយក្នុងពេលបច្ចុប្បន្ន។ អេ អាយ អេ ខេមបូឌា មានគោលបំណងផ្តល់ជូននូវភាពស្ងប់ចិត្តដល់ប្រជាពលរដ្ឋម្នាក់ៗ និងក្រុមគ្រួសាររបស់គាត់។ យើងខ្ញុំនឹងនាំយកអ្វីៗដែលល្អបំផុតរបស់ AIA មកជូនកម្ពុជា ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា និងបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ពួកគាត់៕
- ចប់ -
អំពី AIA
AIA Group Limited និងបុត្រសម្ព័ន្ធរបស់ខ្លួន (ជារួមហៅថា “AIA” ឬ “Group”) គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។
អាជីវកម្មដែលបានក្លាយទៅជា AIA នាពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដំបូងបំផុតនៅទីក្រុងស៊ាងហៃ តាំងពីជិតមួយសតវត្សន៍មុន។ AIA គឺជាអ្នកដឹកនាំទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាអ្នកឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
AIA បំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង ដោយផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មជាច្រើន ដែលរួមមានការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និងផែនការសន្សំនានា។ AIA ក៏ផ្តល់ជូនផងដែរនូវអត្ថប្រយោជន៍សម្រាប់និយោជិក ឥណ្ណទានជីវិត និងសេវានិវត្តន៍ជូនដល់អតិថិជនតាមសាជីវកម្មនានា។ តាមរយៈបណ្តាញដ៏ធំនៃភ្នាក់ងារ ដៃគូ និងបុគ្គលិកជាច្រើនទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលយកអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
AIA Group Limited បានចុះក្នុងតារាងទីផ្សារមូលប័ត្រ The Stock Exchange of Hong Kong Limited ដោយមានលេខកូដ មូលប័ត្រ “១២៩៩” ជាមួយនិង American Depositary Receipts (កម្រិត១) ជួញដូរនៅលើទីផ្សាររំលងបញ្ជ (អក្សរកាត់ “AAGIY”)៕