សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និង SMART AXIATA រួមគ្នាប្រកាសការចាប់ដៃគូ៖ ភាពច្នៃប្រឌិតគាំទ្រដោយបច្ចេកវិទ្យាទំនើបសម្រាប់ការធានារ៉ាប់រងជីវិត

19/04/2017 dot អាន 4 នាទី

អេ អាយ អេ ខេមបូឌា និង Smart Axiata រួម​គ្នា​ប្រកាសការចាប់ដៃគូ៖ ភាពច្នៃប្រឌិតគាំទ្រដោយបច្ចេកវិទ្យាទំនើបសម្រាប់ការធានារ៉ាប់រងជីវិត

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និង​ក្រុមហ៊ុន ស្មាតអាស្យាតា ខូអិលធីឌី (“Smart”) បាន​រួម​គ្នា​ប្រកាសការ​ចាប់ដៃគូ​រយៈពេល​វែង ដែល​ក្នុង​នោះ អេ អាយ អេ ខេមបូឌា នឹង​ប្រើ​ប្រាស់​សេវាកម្ម​ដ៏ទំនើប​របស់ Smart ដើម្បី​​នាំ​យក​នូវ​ដំណោះ​ស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិតបែបថ្មី មកជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការលើការ​ការពារផ្នែក​ហិរញ្ញវត្ថុ និង​ការ​សន្សំរយៈពេលវែង ដែល​កំពុង​តែ​កើនឡើង។

អេ អាយ អេ ខេមបូឌា គឺ​ជាផ្នែក​មួយ​នៃ AIA Group Limited ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ឯករាជ្យ​ចុះ​បញ្ជីសាធារណៈធំ​ជាង​គេ​​បំផុត​ក្នុង​តំបន់​អាស៊ី និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិតធំជាងគេទីពីរទូទាំង​ពិភពលោក។ អេ អាយ អេ ខេមបូឌា បាន​​ទទួល​អាជ្ញាបណ្ណអាជីវកម្ម​ធានារ៉ាប់រង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេលឆាប់​ៗ​នេះ។ Smart គឺ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈាន​មុខ​គេមួយ​នៅ​កម្ពុជា ដែល​កំពុង​បម្រើ​ប្រជាពលរដ្ឋ​ច្រើន​ជាង ៨លាន​នាក់​ទូទាំង ២៥ ខេត្ត-​ក្រុង ជា​មួយនិង​សេវា​អ៊ិនធឺណិតចល័ត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា គឺ​ប្រព័ន្ធ 4G LTE ពីក្រុមហ៊ុន Smart។

Smart នឹង​ផ្តល់​ការ​គាំទ្រ​ដល់ អេ អាយ អេ ខេមបូឌា ដើម្បី​​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ធ្វើ​ឲ្យ​ការផ្តល់​ជូន​ដំណោះ​ស្រាយ​ធានារ៉ាប់​រងជីវិត​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​បំផុត​របស់​ អេ អាយ អេ ខេមបូឌា ដំណើរ​ការទៅ​បានតាមរយៈ​បណ្តាញ​ទូរគមនាគមន៍​​​ដែល​ឈាន​មុខ​ក្នុង​ទីផ្សារ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​របស់​ខ្លួន។ ជាមួយ​គ្នា​នេះដែរ​ ក្រុមហ៊ុន​ទាំង​ពីរ នឹង​សហការគ្នា ដើម្បីធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​សម្រាប់​ជីវិតរស់នៅ​របស់​អ្នកទាំង​អស់គ្នា និង​ចូល​រួម​លើក​កំពស់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា៖ “យើងរីករាយចំពោះ​ការ​ចាប់​ដៃ​គូរយៈពេលវែង​ជាមួយ Smart។ ដោយ​មាន​​ការ​គាំទ្រ​ពី Smart អេ អាយ​ អេ ខេមបូឌា នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយប្រជាពលរដ្ឋ​រាប់​លាននាក់ និង​អាច​ផ្តល់​ជូន​នូវ​ភាពស្ងប់​ចិត្ត​ទៅ​កាន់ពួកគាត់ តាម​រយៈដំណោះ​ស្រាយ​ និង​សេវាកម្ម​ធានារ៉ាប់រងជីវិតបែប​ថ្មី​។”

លោក Thomas Hundt នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន Smart ទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការ​ធានារ៉ាប់​រង​ជីវិត និង​បាន​មាន​ប្រសាសន៍ដោយ​ក្តីសោមនស្ស​រីករាយដូច​គ្នា​ដែរ ថា៖ “ក្រុមហ៊ុន Smart ជឿជាក់​យ៉ាង​មុត​មាំ​លើ​ការ​ធ្វើ​ឲ្យ​ជីវិត​កាន់តែប្រសើរ​​ឡើង​ទូទាំង​ប្រទេស​កម្ពុជា តាមរយៈការផ្តល់ជូន​​ការ​ភ្ជាប់​ទំនាក់​ទំនងដ៏​ទូលំទូលាយ​ និង​មាន​ល្បឿន​លឿន​បំផុត ព្រម​ទាំង​សេវាកម្មនានា​ដែល​បន្ថែមអត្ថ​ប្រយោជន៍ដ៏​មាន​គុណ​ភាពដល់អ្នក​ទាំង​អស់​គ្នា។ ការ​ចាប់​ដៃ​គូដ៏រំភើប​ជាមួយ​នឹង អេ អាយ អេ ខេមបូឌា គឺ​ជា​កញ្ចក់មួយ​ឆ្លុះ​បញ្ចាំងអំពី​ការ​ប្តេជ្ញាចិត្ត​ឥតស្រាកស្រាន្តរបស់ Smart ឆ្ពោះ​ទៅ​កាន់គោល​ដៅ​មួយ​នេះ និង​អំពី​ដំណើរ​ឆ្ពោះ​ទៅមុខ​របស់​យើង​ក្នុង​ការ​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​ការ​រស់នៅ​បែបឌីជីថល។ ជាមួយនឹងសេវា​អ៊ិនធឺណិត និង​បណ្តាញ 4G ទូទាំង​ប្រទេស ដែល​បាន​ឈ្នះ​ពានរង្វាន់​នោះ យើង​ជួយលើក​កំពស់​ការទទួលបានការធានារ៉ាប់រង​ជីវិត និង​​​ត្រួសត្រាយ​​ផ្លូវ​​ទៅកាន់​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​កម្ពុជា ដោយ​មាន​ប្រសិទ្ធិភាព។”

សេវាធានារ៉ាប់រង​ជីវិត គឺ​ជា​សេវាកម្ម​​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា។ ដោយឡែក​ប្រជាពលរដ្ឋដែលចូល​ចិត្ត​​ប្រើ​ប្រាស់​បច្ចេកវិទ្យាកំពុង​តែ​កើនឡើង និងកាន់តែ​យល់​ដឹង​អំពី​គុណ​សម្បត្តិ​នៃ​សេវាកម្ម​នេះ។ ដូច្នេះ​ Smart និង អេ អាយ អេ ខេមបូឌា មានទំនុក​ចិត្ត​ថាការ​ចាប់​ដៃគូ​ថ្មីនេះ នឹង​នាំទៅ​​រកគុណ​ភាព​ជីវិត​កាន់តែ​ប្រសើរ​ឡើង និងឱកាសកាន់​តែ​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋទូទាំង​ប្រទេសកម្ពុជា។

- ចប់ - 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា បាន​ទទួល​អាជ្ញាបណ្ណអាជីវកម្ម​ធានារ៉ាប់រងពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៧។ ដោយ​មាន​គម្រោង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួននៅ​ក្នុង​ឆ្នាំ​នេះ អេ អាយ អេ ខេមបូឌា នឹង​ណែនាំ​មក​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

 

អំពី​ក្រុមហ៊ុន ស្មាត

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា “ស្មាត” ។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ធំជាងគេមួយក្នុងទ្វីបអាស៊ី ។

ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវានេះ។ សេវា 4G LTE របស់​ ស្មាត ផ្តល់ជូនអ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់យ៉ាងទូលំទូលាយទូទាំង ២៥រាជធានី-ខេត្ត ។ បន្ថែមពីលើនេះទៀត ស្មាត ក៏ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ  2G, 2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទ ចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស ។​​ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេស ។

តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Apple ក្រុមហ៊ុន ស្មាត បានក្លាយប្រតិបត្តិករតែមួយគត់ដែលមានសិទ្ធិចែកចាយ iPhone និងiPad នៅក្នុងប្រទេសកម្ពុជាបាន ។ លើសពីនេះទៅទៀត ស្មាត គឺជាដៃគូផ្តាច់មុខរបស់ Universal Music ក្នុងប្រទេសកម្ពុជា។ Smart ជាក្រុមហ៊ុនដែលលើកស្ទួយការបង្កើតថ្មីបែបឌីជីថល ដោយផ្តល់នូវសេវាបន្ថែម និងសេវាបែបឌីជីថលនានារួមមាន SmartLuy, Smart LifeInsurance, SmartPay, Smart Music និង SmartNas ។

ស្មាត ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចល័តល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០១៦  និងជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដែលរីកលូតលាស់ឆ្នាំ ២០១៥ នៅទីផ្សារអាស៊ីប៉ា-ស៊ីហ្វិក ពីក្រុមហ៊ុន Frost & Sullivan។ ស្មាត ក៏ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតក្នុងប្រទេសកម្ពុជា និង​ជាក្រុមហ៊ុនដែលបានចូលរួមចំណែកការងារ​សង្គមខ្ពស់បំផុតក្នុងប្រទេស​​កម្ពុជា បីឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥,​ ២០១៦ និង២០១៧ ដោយ Global Banking & Finance Review ។ បន្ថែម​ពីនេះ ស្មាត រក្សាតំណែងជាក្រុមហ៊ុនឈានមុខគេផ្នែកបណ្តាញអ៊ីនធឺណិតចល័ត ដោយ បានទទួលស្គាល់​ថា ជាក្រុមហ៊ុន​ដែលផ្តល់ល្បឿនអ៊ីនធឺណិតចល័តលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៦ ដោយស្ថាប័ន Ookla ។

ក្រុមហ៊ុនមានបុគ្គលិកជាង ១០០០ នាក់ ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ។ ក្រុមហ៊ុនស្មាត បានប្តេជ្ញាចិត្តជូនដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ក្នុងការធ្វើអោយជីវិតរបស់ពួកគេកាន់តែប្រសើរឡើង ។ ​

ស្មាត ជីវិតរស់រវើក” ។

 

ទំនាក់ទំនង

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

មិត្ត​​ ហាក់

អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ

ស្មាត អាស្យាតា ខូអិលធីឌី

០១០ ២០២ ២៧១