ការគេងឆ្អែតគ្រប់គ្រាន់ពេលយប់ ជាគន្លឹះសំខាន់ក្នុងការជំរុញឲ្យរាងកាយអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាការសិក្សា និងបំពេញការងារ នៅព្រឹកស្អែក។ ប៉ុន្តែយ៉ាងណាការចំណាយពេលច្រើនលើបណ្ដាញសង្គម និងអនឡាញ បណ្ដាលឲ្យមនុស្សជាច្រើនគេងមិនបានគ្រប់គ្រាន់។
កត្តានេះធ្វើឲ្យសុខភាពឆាប់ទ្រុឌទ្រោម និងប្រព័ន្ធភាពស៊ាំកាន់តែចុះអន់ខ្សោយទៅៗ ដែលអាចបណ្ដាលទៅជាកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ក៏ដូចជាបង្កើនហានិភ័យខ្ពស់ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ឡើងទម្ងន់ និងប្រតិកម្ម។ ជារៀងរាល់ឆ្នាំ របាយការណ៍ជាច្រើនបានបង្ហាញលម្អិតអំពីហានិភ័យចំពោះសុខភាពដែលទាក់ទងនឹងការគេងមិនទៀងទាត់ ឬមិនគ្រប់គ្រាន់1 ហើយអាចឈានទៅជាជំងឺគេងមិនលក់ផងដែរ។
ហេតុនេះហើយទើប ទម្លាប់ល្អក្នុងការគេងគួរបណ្ដុះចាប់ពីក្មេងទៅ។ ក្រៅពីការបណ្ដុះឥរិយាបថទាំងនេះឲ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ អ្នកក៏អាចបង្ហាញទម្លាប់ល្អនេះជាគំរូដល់កូនៗរបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះទាំងប្រាំក្នុងការជួយឲ្យឆាប់គេងលក់ដែលអ្នក និងក្រុមគ្រួសារអាចអនុវត្តដើម្បីឲ្យគេងយប់លក់ស្រួល និងធ្វើឲ្យជីវិតរស់នៅប្រសើរឡើង។