ជាញឹកញាប់ តែងកើតមានអាការៈភាន់ភាំង បែកឆ្វេង និង ត្រូវបានចាត់ទុកថាមានសតិមិនគ្រប់ ជំងឺផ្នែកសតិអារម្មណ៍ គឺជាប្រធានមួយដែលកម្រនិងធ្វើឲ្យរំជួលចិត្តណាស់ ។ យោងតាមការស្ទង់មតិថ្មីបង្អស់របស់ វិទ្យាស្ថានគ្រប់គ្រងជំងឺ និង សុខភាពជាតិ បានបង្ហាញថា ក្មេងជំទង់ ៣ នាក់ក្នុងចំណោម ១០ នាក់ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើង នៅក្នុងប្រទេសម៉ាឡេស៊ី កើតមានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត។
វាជាភារកិច្ចដ៏លំបាកក្នុងការមើលថែទាំ មនុស្សដែលយើងស្រលាញ់ ដែលកើតមានជំងឺផ្លូវចិត្ត ដោយសារតែជាញឹកញាប់វាតែងតម្រូវឲ្យមានទំនួលខុសត្រូវខ្លាំង និង ការតាំងចិត្តខ្ពស់ ។ ដើម្បីទទួលបានឱកាសល្អបំផុតក្នុងការព្យាបាលមនុស្សដែលអ្នកកំពុងថែទាំ វាមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ថាតើអ្វីដែលកំពុងកើតទៅលើពួកគេ និង ត្រូវទទួលបានព័ត៌មានឲ្យបានច្រើនអំពីវិធីដែលអ្នក អាចជួយ និង មើលថែទាំពួកគេបានត្រឹមត្រូវ។
តើបញ្ហាសុខភាពផ្លូវចិត្តជាអ្វី?
បញ្ហាសុខភាពផ្លូវចិត្តទូទៅ ដូចជាការព្រួយបារម្ភធម្មតា ជាសញ្ញាទូទៅ អាចជួយបានតាមរយៈការណែនាំ និង ការគាំទ្រដ៏សមស្របមួយ ។ បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដូចជា ជំងឺបែកស្មារតី មិនមែនជាសញ្ញាទូទៅនោះទេ ហើយបង្កឲ្យមានភារកិច្ចកាន់តែលំបាកក្នុងការដោះស្រាយ ។ ការដឹងពីអាការៈខុសៗគ្នានៃជំងឺផ្លូវចិត្ត គឺជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការចាប់ផ្ដើម ។ ខាងក្រោមនេះជា អាការៈទូទៅបំផុតទាំង ៥ ដែលតែងកើតឡើង៖
1. វិបត្តិនៃការព្រួយបារម្ភ
ការមានអារម្មណ៍ភ័យព្រួយម្ដងម្កាល គឺជាស្ថានភាពធម្មតា ប៉ុន្តែមនុស្សដែលកើតមានអាការៈវិបត្តិស្មារតីនៃការព្រួយបារម្ភ តែងជួបប្រទះការភ័យខ្លាចយូរអង្វែង តក់ស្លុត និង ព្រួយច្រើនទៅលើស្ថានភាពប្រចាំថ្ងៃ ។ អារម្មណ៍របស់មនុស្សទាំងនេះ អាចស្ដែងឲ្យឃើញតាមរយៈអាការៈរបស់រាង្គកាយដូចជា អត្រាបេះដូងដើរញាប់ខ្លាំង បែកញើស និង ញ័រ ។ វិបត្តិនៃការព្រួយបារម្ភមានប្រភេទផ្សេងៗគ្នាដូចជា៖
- វិបត្តិនៃការព្រួយបារម្ភទូទៅ
- វិបត្តិនៃការព្រួយបារម្ភទៅលើសង្គម
- វិបត្តិនៃការព្រួយបារម្ភដោយភ័យស្លន់សោ្លរ
- រោគភ័យខ្លាច
- វិបត្តិផ្លូវចិត្តដោយសារភ័យខ្លាចពីហេតុការណ៍ដ៏អាក្រក់(PTSD)
- វិបត្តិដោយការគិតស្រមៃខ្លាំង (OCD)
2. វិបត្តិផ្លូវចិត្ត
ទន្ទឹមពេលដែលយើងអាចជួបប្រទះការអាក់អន់ចិត្ត ការខឹងសម្បារ និង ការក្ដៅក្រហាយ មនុស្សដែលមានវិបត្តិផ្លូវចិត្ត មានអារម្មណ៍អាក់អន់ចិត្តរ៉ាំរ៉ៃ ឬ អារម្មណ៍ប្រែប្រួលចុះឡើងពីការអាក់អន់ចិត្តខ្លាំង ទៅជាការសប្បាយចិត្តខ្លាំង ។ វិបត្តិផ្លូវចិត្តដែលកើតមានទូទៅបំផុតមាន ការធ្លាក់ទឹកចិត្ត និង វិបត្តិសា្មរតី។
3. វិបត្តិរោគចិត្ត
ចំណុចនេះពាក់ព័ន្ធនិង ការយល់ឃើញដែលខុសពីការពិត ។ អាការៈនៃវិបត្តិរោគចិត្តមាន ការរវើរវាយផ្ដេសផ្ដាស់ (មើលឃើញ និង ឮរឿងរ៉ាវដែលមិនពិត) ការមានអារម្មណ៍មើលឃើញផ្ដេសផ្ដាស ។ ជំងឺបែកស្មារតីគឺជា ឧទាហរណ៍នៃវិបត្តិរោគចិត្តផងដែរ។
4. វិបត្តិក្នុងការទទួលទានអាហារ
មនុស្សដែលកើតមានវិបត្តិក្នុងការទទួលទាន តែងបញ្ចេញអាការៈ និង អារម្មណ៍ហួសហេតុខ្លាំងទៅលើចំណីអាហារ និង ទម្ងន់របស់ខ្លួន ។ កត្តាចិត្តសាស្រ្តដែលធ្វើឲ្យបាត់បង់ចំណង់អាហារ កត្តាចិត្តសាស្រ្តដែលធ្វើឲ្យចុះទម្ងន់ និង វិបត្តិក្នុងការញ៉ាំអាហារ គឺជា អាការៈបញ្ជាក់អំពីវិបត្តិក្នុងការទទួលទាន ដែលកើតមានជាទូទៅបំផុត។
5. ភាពរវើរវាយ
ពាក់ព័ន្ធនិងការប្រែប្រួលសមត្ថភាពចងចាំ និង សតិសម្បជញ្ញៈដូចជា ការបាត់បង់ការចងចាំ និង ការធ្វើចលនា ។ អាការៈនៃភាពរវើរវាយដែលកើតមានទូទៅបំផុត រួមមាន ជំងឺ Alzheimer ជំងឺ Parkinson និង ភាពរវើរវាយដោយសារសារធាតុថ្នាំ (ដូចជាការប្រើប្រាស់គ្រឿងញៀន/ការប្រើប្រាស់គ្រឿងស្រវឹង)
ការថែទាំ
វាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថា ទោះបីជាបញ្ហាសុខភាពផ្លូវចិត្តមានច្រើនទម្រង់ក្ដី អ្នកជំងឺដែលកើតបញ្ហាទាំងនេះ នឹងជួបប្រទះបញ្ហាខុសៗគ្នា ។ ទាំងនេះជាដំណាក់កាលទាំង ៤ ដែលអ្នកអាចធ្វើ ដើម្បីបង្ហាញការគាំទ្រ ជួយ និង ថែទាំមនុស្សដែលអ្នកស្រលាញ់ ដែលកើតជំងឺផ្លូវចិត្តនេះ
ដំណាក់កាលទី 1៖ ការទំនាក់ទំនង
ការទំនាក់ទំនង អាចជាការលំបាកសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាវិបត្តិផ្លូវចិត្ត ។ ពួកគេមិនមានទឹកចិត្តក្នុងការទំនាក់ទំនង ខ្វះទំនុកចិត្ត ឬ មានភាពភ័យខ្លាចខ្លាំងដោយគិតថា អ្នកផ្សេងនឹងមិនយល់ពីចិត្តរបស់ខ្លួន ។ ប្រសិនបើបានឃើញពីអាការៈ និង រោគសញ្ញានៃជំងឺផ្លូវចិត្តកើតមាននៅលើមនុស្សណាម្នាក់ ចូរព្យាយាមធ្វើការទំនាក់ទំនងជាមួយបុគ្គលនោះ និង ធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ថាអ្នកនៅទីនោះដើម្បីជួយគាត់។
នៅត្រង់ដំណាក់កាលនេះ ការស្ដាប់គឺជាបញ្ហាគន្លឹះ ចូរឲ្យពួកគេបញ្ចេញគំនិតផ្ទាល់ខ្លួនដោយបើកចំហរ ដោយគ្មានការរំខាន ឬ ដោយអ្នកមិនត្រូវផ្ដល់គំនិតយោបល់ផ្ទាល់ខ្លួនរបស់អ្នកឡើយ ។ ផ្ដល់ការលើកទឹកចិត្ត និង ធានាអះអាងជាថ្មី នៅពេលដែលពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ឬ ហាក់ដូចជាកំពុងតស៊ូនិងក្ដីរំជួលចិត្តផ្ទាល់ខ្លួនណាមួយ។
ដំណាក់កាលទី 2៖ ត្រូវវិជ្ជមាន
មនុស្សដែលកើតជំងឺផ្លូវចិត្ត ពោរពេញទៅដោយគំនិតអវិជ្ជមានគ្រប់ប្រភេទចាប់ពី ការភាន់ភាំង ការខឹងសម្បារ ការអាក់អន់ចិត្ត ការព្រួយបារម្ភ រហូតដល់ការកើតទុក្ខ និង អស់សង្ឃឹមខ្លាំង ។ ក្នុងនាមជាអ្នកថែទាំអ្នកជំងឺម្នាក់ អ្នកត្រូវចេះផ្ដល់កម្លាំងចិត្តវិជ្ជមាន ក្ដីសង្ឃឹម ក្ដីស្រលាញ់ និង ភាពកក់ក្ដៅ ដូចនេះពួកអាចទទួលស្គាល់ថាអ្នក ជាបុគ្គលដែលចេះដោះស្រាយបញ្ហាដ៏ត្រឹមត្រូវ ទាន់ពេលដែលចាំបាច់។
ដំណាក់កាលទី 3៖ រៀនទទួលយក
ការបញ្ចេញអាការៈខាងក្រៅរបស់អ្នកជំងឺផ្លូវចិត្តដែលមើលទៅចម្លែក ខុសគ្នា ពិបាក ឬ ដូចឆ្កួតៗ អាចធ្វើឲ្យអ្នកជំងឺផ្លូវចិត្ត មានអារម្មណ៍ថាឯកា និង ត្រូវគេបំភ្លេចចោល ។ ត្រូវទទួលយកពួកគេ ទោះពួកគេជាមនុស្សបែបណាក្ដី និង ត្រូវផ្ដល់ការគាំទ្រដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ធម្មតាតាមលទ្ធភាពដែលអាចធ្វើបាន ដូចនេះពួកគេមានអារម្មណ៍ថាពិតជាមិនអាចខ្វះអ្នកបានឡើយ និង មានអារម្មណ៍ថាសុវត្ថិភាពនៅពេលមានវត្តមានរបស់អ្នក។
ដំណាក់កាលទី 4៖ ស្វែងរកជំនួយដែលឯកទេស
មនុស្សជាច្រើនដែលមានជំងឺផ្លូវចិត្ត មានភាពភ័យខ្លាចក្នុងការស្វែងរកជំនួយផ្នែកពេទ្យ ឬ មានអារម្មណ៍ថាមិនចាំបាច់នោះទេ ។ ប្រសិនបើអ្នកថែទាំអ្នកជំងឺផ្លូវចិត្ត អ្នកគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីណែនាំអ្នកអំពីការដាក់ថ្នាំព្យាបាល កម្រិតថ្នាំដែលត្រូវប្រើ និង បញ្ហាផ្សេងទៀតដែលត្រូវមើលថែទាំ។
សូមកុំភ្លេចថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួនអ្នក
នៅពេលមើលថែទាំអ្នកផ្សេង វាមានសារៈសំខាន់ដូចគ្នាដែលត្រូវចងចាំថា ត្រូវមើលថែទាំខ្លួនឯងផង ។ ការងារមើលថែទាំនេះ អាចជាការស្ម័គ្រចិត្តចេញពីបេះដូងផ្ទាល់ ប៉ុន្តែវាអាចនឹងជ្រុលពេក ។ ដើម្បីជៀសវាងការជាប់ចិត្តទាំងស្រុងជាមួយនិងបញ្ហារបស់អ្នកដទៃ ត្រូវចងចាំក្នុងការមើលថែទាំសុខភាពផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត ខឹងមួម៉ៅ ឬ មានអំរែក ត្រូវស្វែងរកការណែនាំ ឬ ជំនួយខាងក្រៅពីអ្នកឯកទេសភ្លាម។
អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។
http://www.thesundaily.my/news/2018/04/18/resolving-mental-illness-issues-malaysia
http://mmha.org.my/understanding-mental-health/understanding-mental-illness/
https://www.webmd.com/mental-health/mental-health-types-illness#1
https://www.mind.org.uk/information-support/types-of-mental-health-problems/anxiety-and-panic-attacks/anxiety-disorders/#.W7wmXnszbIU
https://www.betterhealth.vic.gov.au/health/servicesandsupport/caring-for-someone-with-mental-illness
https://www.healthdirect.gov.au/caring-for-someone-with-a-mental-health-disorder
https://www.sane.org/mental-health-and-illness/facts-and-guides/292-families-friends-carers
http://www.thesundaily.my/news/2018/04/18/resolving-mental-illness-issues-malaysia"
https://www.mentalhealth.org.uk/publications/supporting-someone-mental-health-problem/