ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ – អតិថិជន ដែលមានសំណាង១៥នាក់ ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដើម្បីទទួលយកនូវកម្សាន្តពិសេសទៅទស្សនាការប្រកួតបាល់ទាត់រវាងក្លិប Tottenham Hotspur (“Spurs”) និងក្លិប Juventus ជើងឯកប្រចាំប្រទេសអ៊ីតាលី នៅប្រទេសសិង្ហបុរីនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩។ អ្នកទាំងអស់ ទទួលបានរង្វាន់ដ៏អស្ចារ្យនេះ តាមរយៈការចូលរួមក្នុងកម្មវិធីរួមគ្នារវាង អេ អាយ អេ ខេមបូឌា និង Spurs ដែលផ្តល់ឲ្យអតិថិជននូវឱកាសទទួលបានបទពិសោធន៍បាល់ទាត់លំដាប់ពិភពលោក។
តាមរយៈកម្មវិធីនេះ អតិថិជនដែលទទួលយកដំណោះស្រាយធានារ៉ាប់រងជីវិតឈានមុខគេរបស់ អេ អាយ អេ ចន្លោះថ្ងៃទី១៥ ខែមិនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ មានឱកាសចូលរួមក្នុងការផ្សងសំណាងដើម្បីស្វែងរកអ្នកឈ្នះ១៥នាក់ចុងក្រោយ ដែលនឹងទទួលបានដំណើរកំសាន្តនេះ ដោយមានការរ៉ាប់រងទាំងស្រុងពី អេ អាយ អេ ខេមបូឌា។
អ្នកឈ្នះរង្វាន់ទាំងអស់ រួមទាំងបុគ្គលិក និងទីប្រឹក្សាផែនការជីវិត អេ អាយ អេ បានចេញដំណើរទៅប្រទេសសិង្ហបុរី កាលពីព្រឹកមិញ ដើម្បីទស្សនាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ នៃ International Champions Cup ដែលនាំមកជូនដោយ អេ អាយ អេ។ ការប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះ មានការចូលរួមពីក្លិបដែលមានកិត្យានុភាពបំផុតលើពិភពលោក ដែលតែងតែធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុប អាមេរិកខាងត្បូង ឬទ្វីបអាស៊ី ដូចនៅក្នុងឆ្នាំនេះជាដើម។
អតិថិជនម្នាក់ដែលបានឈ្នះការចាប់រង្វាន់នេះ បានលើកឡើងថា «ខ្ញុំត្រេកអរណាស់នៅពេលដឹងថា ខ្ញុំបានឈ្នះដំណើរកម្សាន្តទៅសិង្ហបុរីនេះ។ វាជារឿងកម្រណាស់ ដែលយើងអាចទទួលបានបទពិសោធន៍ចូលរួមព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោកដូចនេះ។ ដូច្នេះ ខ្ញុំសូមអរគុណដល់ អេ អាយ អេ ចំពោះឱកាសដ៏អស្ចារ្យនេះ។»
អេ អាយ អេ គឺជាដៃផ្លូវការរបស់ Spurs ដែលជាក្លិបបាល់ទាត់ដ៏ល្បីល្បាញមួយនៅក្នុងក្របខណ្ឌ English Premier League។ ជាផ្នែកមួយនៃការចាប់ដៃគូជាមួយ អេ អាយ អេ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់អន្តរជាតិចំនួនបីរូបនៅអាស៊ី ដើម្បីសហការជាមួយ អេ អាយ អេ ក្នុងការជួយកុមារ និងយុវជនឲ្យអភិវឌ្ឍជំនាញកីឡាបាល់ទាត់ ស្របជាមួយនឹងការលើកកម្ពស់បែបផែនរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ នេះជាសសរស្តម្ភនៃការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយប្រជាជនទាំងឡាយទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
កម្មវិធីនេះ គឺជាកម្មវិធីថ្មីចុងក្រោយបង្អស់ក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនទាក់ទិននឹងកីឡាបាល់ទាត់ដែល អេ អាយ អេ ខេមបូឌា និង Spurs បានរៀបចំកន្លងមក ហើយនឹងរៀបចំបន្ថែមទៀតជាបន្តបន្ទាប់។ ជាក់ស្តែក ថ្មីៗនេះផងដែរ អេ អាយ អេ ខេមបូឌា ក៏បានផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន២៤នាក់ ក្នុងកម្មវិធីអាហារូបករណ៍បាល់ទាត់កុមារលំដាប់ពិភពលោក នៅភូកេតប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ កុមារដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលការបណ្តុះបណ្តាលដោយក្រុមគ្រូបង្វឹក Spurs លំដាប់ថ្នាក់ពិភពលោក លើជំនាញបាល់ទាត់ អាហារូបត្ថម្ភ និងផ្នត់គំនិតចាំបាច់សម្រាប់ភាពជោគជ័យ។
លោកស្រី Pauline Teoh ថ្នាក់ដឹកនាំក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «យើងរីករាយណាស់ដែលយើងអាចស្វាគមន៍អតិថិជនថ្មីរបស់យើងជាមួយនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតឈានមុខគេ។ ហើយសម្រាប់អតិថិជនដែលមានសំណាងទាំង១៥រូបនេះ យើងថែមទាំងអាចស្វាគមន៍ពួកគាត់ជាមួយនឹងដំណើរកំសាន្តពិសេសនេះបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍បាល់ទាត់លំដាប់ពិភពលោក តាមរយៈការចាប់ដៃគូជាមួយ Spurs។ គ្រប់គ្នានៅ អេ អាយ អេ ខេមបូឌា សង្ឃឹមថាអតិថិជនយើងទទួលបានពេលវេលាដ៏អស្ចារ្យនៅប្រទេសសិង្ហបុរី។»
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៣លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
អំពីក្លិបបាល់ទាត់ Tottenham Hotspur
ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែននៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួមក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយលើកដំបូងបង្អស់ក្នុងប្រវត្តិរបស់ខ្លួន ក្នុងឆ្នាំនេះផ្ទាល់។
ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
- អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
- ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
- ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។