សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ប្រកាសប្រើប្រាស់ប្រតិបត្តិការបែបថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើដល់អតិថិជនខណៈមានការរីករាលដាលនៃជំងឺកូវីដ១៩

27/04/2020 dot  អាន 5 នាទី

ភ្នំពេញ​ ថ្ងៃទី​២៧ ខែមេសា​ ឆ្នាំ​២០២០ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានដាក់ឲ្យប្រើប្រាស់នូវបែបផែនការងារថ្មីប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការផ្តល់ជូននូវដំណោះ​ស្រាយធានារ៉ាប់រងជីវិត និង​ការ​អភិវឌ្ឍអាជីវកម្ម ដោយ​ប្រើ​ប្រាស់បច្ចេកវិទ្យាទាំងស្រុង ដើម្បីធានាឲ្យបានថា អតិថិជនទាំងចាស់ និងថ្មីទាំងអស់ អាចទទួលយកដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សាយោបល់ បើទោះបីជាមានវិធានការណ៍រក្សាគម្លាតពីសង្គមប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩​ យ៉ាងណាក្តី​។ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង​​នេះ (Virtual Face-to-Face ឬ VFTF) គឺជាប្រតិបត្តិការបែបឌីជីថលទាំងស្រុងដំបូងគេក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា​ ស្របគ្នានឹងនិន្នាការរបស់​ អេ អាយ អេ ខេមបូឌា ក្នុង​ការប្រើប្រាស់បច្ចេកវិទ្យា និង​ប្រតិបត្តិការទំនើបចុងក្រោយបង្អស់ ​ក្នុងការជួយសម្រួលដល់​អតិថិជន ទី​ប្រឹក្សាផែនការជីវិត AIA​ ដៃគូអាជីវកម្ម និង​បុគ្គលិក ​ឲ្យកាន់​តែងាយស្រួល​។

ប្រតិបត្តិការបែប VFTF ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាលនាពេលថ្មីៗនេះ ហើយដើម្បីធានាឲ្យបានថាអតិថិជននៅតែអាចបន្តទទួលយកបណ្ណសន្យាធានារ៉ាប់រងពី អេ អាយ អេ ប្រកប​ដោយ​សុវត្ថិភាព​ និងភាពងាយ​ស្រួល​។ អតិថិជនអាចទាក់ទងជាមួយទីប្រឹក្សាផែន​ការ​ជីវិត​ AIA ជា​លក្ខណៈ​​វីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយដែលអតិថិជនមានស្រាប់ រួមមាន Facebook Messenger, WhatsApp, Microsoft Teams, Line ។ល។ ទៅតាមតម្រូវការ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ រាល់ជំនួបជាមួយអតិថិជន នឹងត្រូវបានធ្វើឡើងដោយមិនតម្រូវឲ្យមានការជួបផ្ទាល់ ដែលនេះបានអនុញ្ញាតឲ្យអតិថិជនអាចទទួលយកសេវាកម្ម និងការប្រឹក្សាយោបល់នានា ក៏ដូចជាការទទួលយកបណ្ណសន្យាធានារ៉ាប់រង ដោយមិនចាំបាច់ចាកចេញពីផ្ទះ។ បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យដំណើរការនៃការផ្តល់ជូនបណ្ណសន្យាធានារ៉ាប់រង ប្រព្រឹត្តទៅតាមរយៈការទំនាក់ទំនងជាលក្ខណៈវីដេអូ ហើយរាល់ការផ្ទៀងផ្ទាត់លើឯកសារនានា ព្រមទាំងកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច។ ទៅថ្ងៃមុខ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង​​នេះ នឹងបន្តក្លាយទៅជាផ្នែកដ៏សំខាន់មួយរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាឲ្យបាននូវ​ប្រសិទ្ធភាព​ និងលទ្ធភាពប្រើប្រាស់បច្ចេក​វិទ្យា​ថ្មី​បំផុត ដើម្បី​សម្រេចបាន​​​​ជោគជ័យ​នៅ​ក្នុង​ការងាររបស់ពួកគេ​​។

លោក​ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា បានមានប្រសាសន៍ថា៖ «បើទោះបីជា​មានការ​ប្រឈម​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ នេះយ៉ាងណាក្តី ពួក​យើង​នៅ​តែតាំងចិត្តយ៉ាងមុតមាំ ដើម្បីជួយក្រុមគ្រួសារកម្ពុជាទទួលបាននូវការការពារ។ យើងនឹងបន្តការបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាលក្ខណៈឌីជីថល និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធ្វើឲ្យ សេវាបម្រើអតិថិជន និងប្រសិទ្ធភាពការងារមានភាពកាន់តែល្អប្រសើរ។ ប្រតិបត្តិការ VFTF ថ្មី​​នេះ គឹជាជំហានបន្ទាប់នៃការវិវឌ្ឍខ្លួនតាមបែបឌីជីថលរបស់ពួកយើង ដែលធានាថាបច្ចេកវិទ្យាចុងក្រោយបំផុតនេះ នឹងអាចបន្តផ្តល់ជូនសេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ ក៏ដូចជាផ្តល់ជូនសុវត្ថិភាពផ្លូវចិត្ត និងជួយពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅក្នុងកំឡុងពេលដ៏ពិបាកមួយនេះ។»

ប្រតិបត្តិការ VFTF ថ្មីនេះ គឺស្ថិត​ក្នុង​ចំណោមសកម្មភាព និងវិធានការណ៍ផ្សេងៗទៀត ដែលត្រូវបានដាក់ឲ្យដំណើរការរួចមកហើយដោយ ​អេ អាយ អេ​ ខេម​បូឌា ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីជាជំនួយដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន។ ធនធានមនុស្សទាំងអស់របស់យើង ត្រូវបានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដែលអនុញ្ញាតឲ្យពួកគាត់អនុវត្តបែបផែនធ្វើការពីចម្ងាយ ដើម្បីផ្តល់ជំនួយដល់សេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្មដោយគ្មានការរំខាន។ គ្រប់អតិថិជនទាំងអស់ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ ជាមួយនឹង​ការ​ផ្តល់ជូនពិសេស ដែលជាជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ប្រសិនបើត្រូវបានពិនិត្យឃើញថាមានជំងឺកូវីដ១៩ និងតម្រូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្របគ្នានេះដែរ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ ក៏កំពុងតែត្រូវបានផ្តល់ជូននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី​ វគ្គបណ្តុះបណ្តាលនានា​ និងកម្មវិធីទំនាក់ទំនង​ផ្សេងៗ ដែលបានក្លាយទៅជាជំនួយដល់ពួកគាត់ក្នុងការកសាងអាជីព និង​ស្វែងរកចំណូលសម្រាប់​ជីវភាព​របស់​គាត់។

អេ អាយ អេ ខេមបូឌា ជាផ្នែកមួយនៃសម្ព័ន្ធ អេ អាយ អេ ដែលជាសម្ព័ន្ធធានារ៉ាប់រងអាយុជីវិតចុះបញ្ជីជាសាធារណៈ ធំជាងគេ និងមានវត្តពេញតំបន់អាស៊ីនោះ នឹងនៅតែបន្តដើរតួនាទីឈានមុខគេ ក្នុងការគាំទ្រទៅលើការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ប្រសិនបើលោកអ្នកចង់ទាក់ទងមកកាន់ អេ អាយ អេ ខេមបូឌា លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦​​ ៩៩៩ ២៤២ ឬផ្ញើសារមកកាន់ទំព័រហ្វេសបុករបស់យើងខ្ញុំ គឺ AIA Cambodia។ លោកអ្នកក៏អាច ទាក់ទងមកកាន់ទីប្រឹក្សាផែនការជីវិត AIA ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានការការពារថ្មី ដើម្បីប្រឹក្សាយោបល់ជាលក្ខណៈ​វីដេអូ ​ទៅតាមកម្មវិធីទំនាក់ទំនងណាមួយដែលលោកអ្នកកំពុងប្រើប្រាស់ស្រាប់។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់(ចិន) វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។

អាជីវកម្ម ដែល​បាន​ក្លាយទៅ​ជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយ​សតវត្ស​កន្លងមក ក្នុងឆ្នាំ១៩១៩ ​នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៦លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com