សេចក្តីប្រកាសសារព័ត៌មាន

ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សម្ពោធសាខាប្រចាំខេត្តសៀមរាប៖ សុខភាព និងជីវិតកាន់តែប្រសើរ លើទឹកដីអច្ឆរិយ

19/10/2019 dot អាន 4 នាទី

សៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ការអបអរជាពិសេសសម្រាប់​ការសម្ពោធនេះ រួមមានពិធីបើកសាខាដ៏អធិកអធមនៅពេលព្រឹក និងពិធីលៀងសាយភោជននៅបរិវេណប្រាសាទក្រវ៉ាន់ដ៏អស្ចារ្យនាពេលល្ងាច។

កម្មវិធីផ្លូវការ ដែល​ផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់​ខេត្តសៀមរាបនេះ បាន​ទទួល​ការ​ចូល​រួមជាអធិបតីពីឯកឧត្តម អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និង​សោធន ដែល​ជាតំណាងដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវ ងួន​ សុខា រដ្ឋលេខាធិការនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោក នាក់ ណេរ៉ុន អភិបាលរងនៃ​គណៈ​អភិបាលខេត្តសៀមរាប ព្រមទាំងឥស្សរជន និងមន្ត្រីកិត្តិយសកម្ពុជាដទៃទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ មូលដ្ឋាន។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងយ៉ាងឱឡារិក ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ AIA Group Limited (“AIA” ឬ “អេ អាយ អេ”) ក្នុងនោះរួមមានលោក Ng Keng Hooi​​ នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និងលោក Tan Hak Leh ដែល​ជានាយកប្រតិបត្តិប្រចាំតំបន់។ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា គឺធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានចូលរួមក្នុងពិធីនេះ រួមជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។

លោក Ng Keng Hooi បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេ នៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើងដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស ស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់​សម្ព័ន្ធទាំងមូលដែរនោះ ធានាថា​យើងមាន​មូល​ដ្ឋាន​រឹងមាំ ដើម្បីភ្ជាប់​ទំនាក់ទំនងទៅកាន់​ប្រជាជន​កម្ពុជា​កាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និង​ជីវិតកាន់តែប្រសើរ។ រួម​ជាមួយ​គ្នានេះ យើង​ក៏កំពុងតែ​ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យ​បានកាន់តែខ្លាំងថែម​ទៀត»។

ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវ​បានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែ គឺ “យុទ្ធនាការ​សៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញា របស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ ដោយផ្តល់ជូនវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ​ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ»។

លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា «ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការ​ឈាន​ជើងចូល​ខេត្តសៀមរាបរបស់យើង នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។

ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមពិធីលៀងសាយភោជនជាពិសេស ដែលធ្វើឡើងនៅប្រាសាទក្រវ៉ាន់ដ៏ល្អឯកក្នុងឧទ្យានប្រាសាទបុរាណអង្គរ ស្ថិតនៅខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ភ្ញៀវកិត្តិយសទាំងអស់ បានរីករាយនឹងការសម្តែងរបាំបែបប្រពៃណីផ្សេងៗរបស់កម្ពុជា ការទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយនឹងតន្រ្តីប្រពៃណីខ្មែរ និងការសម្តែងរបាំអប្សរាជាការបញ្ចប់ពិធីសម្ពោធដ៏ឱឡារិកនេះ។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥

Panharath.Hak@aia.com