សេចក្តីប្រកាសសារព័ត៌មាន

ជំហានឆ្ពោះទៅមុខនៃគម្រោងទីលានបាល់ទាត់១០០៖ ២៤សាលាបន្ថែមទៀត បានទទួលសម្ភារៈបាល់ទាត់ពី អេ អាយ អេ ខេមបូឌា

27/05/2019 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ – នៅក្នុងថ្ងៃនេះ គម្រោងទីលានបាល់ទាត់១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានចាប់ផ្តើម​ជំហ៊ាន​ថ្មីបំផុត​របស់​ខ្លួន ដោយមានសាលាបឋមសិក្សាចំនួន៥ចូលរួម ដើម្បីទទួលយកសម្ភារៈកីឡាថ្មីៗ និងការបង្ហាត់បាល់ទាត់ ក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពយ៉ាងខ្ពង់ខ្ពស់​របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ គម្រោងនេះ នឹងបន្តឈ្ពោះទៅកាន់ខេត្តផ្សេងៗបន្ថែមទៀតនៅថ្ងៃបន្ទាប់ រួមមានខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ។ សាលាបឋមសិក្សាសរុបចំនួន២៤សាលាក្នុង​ទីតាំងទាំងអស់នេះ នឹងទទួលបានសម្ភារៈកីឡាបាល់ទាត់ពីគម្រោង។

ពិធីប្រគល់សម្ភារៈកីឡានៅថ្ងៃនេះ ទទួលបានការចូលរួមពីសិស្សសាលាជាង២00នាក់ ដឹកនាំដោយលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូពីសាលាបឋមសិក្សាទាំង៥ គឺសាលាបឋមសិក្សា និង​អនុវិទ្យាល័យស្វាយជ្រុំ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ព្រែកលួង សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ព្រែកក្របៅ សាលាបឋមសិក្សា សុវណ្ណសាគរ និងសាលាបឋមសិក្សា សារិកាកែវ។ លើសពីនេះ ក៏មាន​វត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន អេ អាយ អេ ខេមបូឌា អាជ្ញាធរមូលដ្ឋាន​ថ្នាក់​ភូមិ ឃុំ និងស្រុក និង​គណៈប្រតិភូជាច្រើនពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

លោកស្រី Pauline Teoh ដែលជាថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា លោកស្រីមានក្តីរំភើបយ៉ាងខ្លាំងដែលបានឃើញកុមារជាច្រើនចូលរួមយ៉ាងរីករាយ ហើយលោកស្រីទន្ទឹងរង់ចាំរៀបចំកម្មវិធី យុទ្ធនាការ និងគម្រោងជាច្រើនទៀតដើម្បីសុខភាពប្រជាជនខ្មែរនាពេលអនាគត។

“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញថាគម្រោងកិច្ចការសង្គមរបស់ អេ អាយ អេ ខេមបូឌា បានផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់សហគមន៍។ នេះគឺជាសក្ខីភាពនៃការប្តេជ្ញារបស់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ហើយខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញានេះ។ កាន់តែពិសេសថែម​ទៀតនោះ យើង​ទាំងអស់គ្នាមានកិត្តិយសជាអនេកប្បការ ដែលបានទទួលវត្តមានយ៉ាងឧត្តុងឧត្តមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន​ឃើញយ៉ាងជាក់ច្បាស់ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការលើកកំពស់ការរស់នៅប្រកបដោយសុខភាពល្អ។ យើងខ្ញុំនឹងបន្តរៀបចំគម្រោងផ្សេងៗបន្ថែមទៀត ដើម្បីចូលរួមជួយឲ្យប្រជាជនកម្ពុជាចាប់យកជម្រើសនៃបែបផែនរស់នៅដោយមានសុខភាពកាន់តែប្រសើរ។”

បន្ទាប់ពីពិធីប្រគល់សម្ភារៈបាល់ទាត់ជាផ្លូវការនេះរួចរាល់ហើយ កុមារា កុមារីទាំងអស់ បានទទួលអំណោយ​អនុស្សាវរីយ៍បន្ថែម​ទៀត ព្រមទាំងការហ្វឹកហាត់បាល់ទាត់ជាមូលដ្ឋាន រួមមានការកំដៅសាច់ដុំ និងការហាត់ជំនាញបាល់ទាត់មួយចំនួន។

សូមបញ្ជាក់ផងដែរថា គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ ក្នុងការប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលដៅបំពាក់សម្ភារៈកីឡាដល់សាលាបឋមសិក្សាចំនួន១00សាលា នៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈទាំងនោះ រួមមានបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។ គំនិតផ្តួចផ្តើមនេះត្រូវបាន

បង្កើតឡើងដើម្បីបញ្ជ្រាបក្តីស្រលាញ់លើកីឡា និងការរស់នៅ​ដោយសុខភាពល្អ ដល់កេ្មងៗជំនាន់ក្រោយនៅកម្ពុជា ដែលស្របតាមការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយឲ្យប្រជាជនខ្មែរទទួល​បានសុខភាព និងជីវិតកាន់តែប្រសើរ។

រហូតមកដល់ពេលនេះ គម្រោងទីលានបាល់ទាត់១00 បានចែកជូនសម្ភារៈកីឡាដល់សាលារៀនចំនួន៦២សាលា ដែលរួមបញ្ចូលជាមួយដំណាក់កាលនេះ គឺមានចំនួនសរុប៨៦សាលា។ សាលាបឋមសិក្សាចំនួន១៤ចុងក្រោយនៃគម្រោង ត្រូវបានជ្រើសរើសតាមរយៈការដាក់ពាក្យស្នើសុំទំព័រលើហ្វេសប៊ុករបស់ អេ អាយ អេ ខេមបូឌា និងដៃគូអាជីវកម្មរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ហើយសាលាទាំងនោះ នឹងទទួលបានសម្ភារៈកីឡាដូចគ្នាក្នុងឆ្នាំ២០១៩នេះ៕

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com