សេចក្តីប្រកាសសារព័ត៌មាន

គម្រោងទីលានបាល់ទាត់១០០ របស់ អេ អាយ អេ ខេមបូឌាបានបញ្ចប់ជាមួយការបរិច្ចាគសម្ភារៈបាល់ទាត់ច្រើនបំផុត

13/07/2019 dot  អាន 5 នាទី

សៀមរាប ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ – វគ្គចុងក្រោយនៃគម្រោងទីលានបាល់ទាត់១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានធ្វើឡើងក្នុងថ្ងៃនេះផ្ទាល់ នៅខេត្តសៀមរាបដោយនាំមកនូវភាពជោគជ័យក្នុងការបំពាក់សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន១00សាលាទូទាំងប្រទេសកម្ពុជា ដែលសាលានិមួយៗទទួលបាន បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យកុមារនៅកម្ពុជាស្រឡាញ់វិស័យកីឡា ដែលស្របគ្នាជាមួយនឹងការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការ​ជួយឲ្យប្រជាជនទទួល​បានសុខភាព និងជីវិតកាន់តែប្រសើរ។

គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសតាំងពីខែមករាដើមឆ្នាំនេះ ក្នុងស្មារតីអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលបំណងបរិច្ចាគ​សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន១00សាលា នៅទូទាំងប្រទេសកម្ពុជា។ អតិថិជន អេ អាយ អេ បុគ្គលិក ទីប្រឹក្សាផែនការជីវិត និងសាធារណៈជនជាច្រើនទៀត បាន​ចូលរួមការអបអរនោះ ក្រោមប្រធានបទ«១០០ឆ្នាំដើម្បីការប្តេជ្ញា១» និងចូលរួមលើកកម្ពស់ការរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ ចាប់តាំងពីថ្ងៃនោះមក សម្ព័ន្ធ អេ អាយ អេ ទាំងមូល បានរៀបចំព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតទូទាំងទីផ្សារទាំង១៨របស់ខ្លួន ដើម្បីអបអរដំណើរអាជីវកម្មពេញ១០០ឆ្នាំ ចាប់តាំងពីការកកើតយ៉ាងសាមញ្ញដំបូងនៅទីក្រុងសៀងហៃ រហូតបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេ​បំផុតនៅលើពិភពលោក។1

 

លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អេ ខេមបូឌា ដែលទទួលបន្ទុកលើដំណើរការគម្រោងទីលានបាល់ទាត់១០០ បានមានប្រសាសន៍ថា «ខួប១០០ឆ្នាំរបស់យើង មិនត្រឹមតែប្រារព្ធឡើងដើម្បីក្រឡេកមើលលើប្រវត្តិសាស្រ្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្លឹងឆ្ពោះទៅរកអនាគត ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវិតកាន់តែប្រសើរឡើង។ ដោយសារតែគំនិតផ្តួចផ្តើមនៃគម្រោងនេះ កុមាររាប់ពាន់នាក់នៅទូទាំងកម្ពុជាទទួលបាន និង​អាចប្រើប្រាស់សម្ភារៈបាល់ទាត់ ដែលធ្វើឲ្យខ្ញុំ និងក្រុមការងារទាំងអស់មានមោទនភាពយ៉ាងខ្លាំង»។

ពិធីចែកសម្ភារៈបាល់ទាត់នៃគម្រោងទីលានបាល់ទាត់១០០ ដ៏ធំ និងចុងក្រោយនេះ ទទួល​បាន​ការចូលរួមពីអ្នកតំណាងនៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកាជាច្រើននាក់ដែលពីសាលាចំនួន១៤ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ  ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសមាជិកក្រុមអ្នកគាំទ្រនៅកម្ពុជាជាផ្លូវការសម្រាប់ក្លិបបាល់ទាត់ Tottenham Hotspur​ ដែលជាដៃគូសកលរបស់ អេ អាយ អេ។

 

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «វាជាថ្ងៃដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ដែលយើងបានសម្រេចដោយជោគជ័យនូវគម្រោងទីលានបាល់ទាត់១០០ ក្នុងខេត្តសៀមរាបនេះ។ ក្រុមការងារទាំងអស់​របស់យើង បានខិតខំធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់​ ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាការពិត។ ការជួយផ្សព្វផ្សាយសារដ៏មាន​សារៈសំខាន់សម្រាប់ការរស់នៅដោយមានសុខភាពល្អ និងអំពីការចូលរួមក្នុងវិស័យកីឡា គឺជាការងារ​ចម្បងនៃបេសកកម្មរបស់ អេ អាយ អេ។ ដូច្នេះយើងសង្ឃឹមថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជាតទៅមុខជាច្រើនឆ្នាំបន្ថែមទៀត»។

 

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់ពាន់នាក់នៅក្នុងសាលាបឋមសិក្សា និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស ដែល​នេះបន្តជំរុញឲ្យ អេ អាយ អេ ខេមបូឌា នៅ​តែជាក្រុមហ៊ុន​ឈានមុខគេក្នុងការជួយយុវជនកម្ពុជាឲ្យចាប់យកបែបផែនរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ៕

 

1 ដោយយោងលើទីផ្សារមូលធននីយកម្ម ប្រភព៖ Bloomberg ២០​ មិនា ២០១៩

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com