សេចក្តីប្រកាសសារព័ត៌មាន

CNCC អេ អាយ អេ ខេមបូឌា និងក្លិប SPURS បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ ដោយជោគជ័យ

06/12/2019 dot  អាន 5 នាទី

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ – គ្រូបង្វឹក​ពី​ក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League បាន​មាន​វត្តមាន​នៅ​ក្នុង​​ប្រទេសកម្ពុជា ដើម្បីរៀបចំ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» លើកទី​បួន និងជាវគ្គបញ្ចប់​ផងដែរ។ កម្មវិធី​នេះ ជា​កិច្ច​ផ្តួច​ផ្តើម​ដំបូងគេ​បំផុត ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិន​សួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) រួម​គ្នា​ជាមួយ​ក្លិបបាល់​ទាត់ Spurs ព្រម​ទាំងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”)។ កិច្ច​ផ្តួច​ផ្តើម​នេះ បាន​ចាប់​ផ្តើម​ពី​ខែកុម្ភៈ ដើម​ឆ្នាំ​នេះ ដោយ​មាន​គោល​ដៅ​លើក​កំពស់​វិស័យ​បាល់​ទាត់​សម្រាប់​សហគមន៍​ថ្នាក់មូលដ្ឋាន​នៅ​កម្ពុជា តាមរយៈ​ការ​បណ្តុះ​បណ្តាល​ចំណេះ ជំនាញអភិវឌ្ឍកម្មវិធីសម្រាប់​យុវជន ដល់គ្រូ​បង្វឹក​បាល់​ទាត់ក្នុង​ស្រុក។ បុព្វហេតុចំបង​នៃ​កិច្ច​ផ្តួចផ្តើមនេះ កើតឡើង​ចេញ​ពី​ការ​ប្តេជ្ញាចិត្តរបស់​ អេ អាយ អេ ខេមបូឌា ដើម្បី​ជំរុញឲ្យ​ប្រជាជនខ្មែរ​មាន​សុខភាព និង​ជីវិតកាន់តែប្រសើរ។

គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Tottenham Hotspur ពីររូបគឺលោក Anton Blackwood និង Aaron Tillbrook បាន​មកកម្ពុជាជា​ច្រើន​ដងក្នុង​ឆ្នាំនេះ ផ្តល់​ការ​ហ្វឹក​ហាត់​ដល់​គ្រូបង្វឹក​ប្រមាណ ៥០​រូបពី CNCC និងពី​ក្លិបនានា​ក្នុងក្របខណ្ឌខេមបូឌាន លីគ។

វគ្គបណ្តុះ​បណ្តាល​កាល​ពី​ខែកុម្ភៈ មិថុនា និង​ខែកញ្ញា​កន្លងទៅនេះ ផ្តោតលើវិធីសាស្ត្របង្កើត​បរិយាកាស​ហ្វឹកហាត់ដ៏ល្អ វិធីសាស្ត្រ​រៀបចំវគ្គហ្វឹកហាត់​សម្រាប់​ក្រុម​ក្មេងៗ វិធីសាស្ត្ររៀបចំកម្មវិធីបង្ហាត់ពិស្តារ វិធីសាស្ត្ររៀបចំវគ្គ៦សប្តាហ៍សម្រាប់​សហគមន៍ដោយ​ជោគជ័យផ្អែក​លើ​វិធីសាស្ត្រមុំបួន ដែល​ជាវិធីសាស្ត្រពិសេសមួយរៀបរៀង​ដោយ​ក្លិប Spurs ផ្ទាល់។

វគ្គចុង​ក្រោយ​ នៃ​កម្មវិធីនេះ រួម​មាន​ទាំង​ការ​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​រៀន និង​ការហ្វឹកហាត់​នៅ​ក្នុង​តារាង​បាល់ទាត់នៃ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ វគ្គនេះ ផ្តោត​លើ​ការ​ផ្សារ​ភ្ជាប់​វិធី​សាស្ត្រ​ទាំង​ឡាយ​ដែល​បានលើក​ឡើង​កន្លងមក ដើម្បី​ធានាថា​គ្រូ​បង្វឹក​ចូលរួម​អាច​អនុវត្ត​នូវ​កម្មវិធី​ហ្វឹក​ហាត់​ដែល​មាន​រចនាសម្ព័ន្ធត្រឹម​ត្រូវ​ សម្រាប់​ក្រុមយុវជននៃ​ក្លិបនីមួយៗរៀងៗខ្លួន​ក្នុង​ពេល​អនាគត។ ការ​អនុវត្ត​របស់​គ្រូ​បង្វឹក​នី​មួយៗ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ផង​ដែរ។

គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមានប្រសាសន៍ថា «ពេល​យើង​មើល​លើ​ការ​ហ្វឹក​ហាត់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ យើង​ពិត​ជា​រីករាយ​ដែល​បាន​ឃើញ​គ្រូ​បង្វឹក​កម្ពុជា​ទទួល​បាន​បទពិសោធន៍​ថ្មីៗជាច្រើន។ មក​ដល់​ពេលនេះ យើង​បាន​ចែក​រំលែក​ជំនាញ​ និង​វិធីសាស្ត្របង្វឹក​មូល​ដ្ឋាន​ទាំង​ឡាយ។​ ដូច្នេះ នៅ​ក្នុង​វគ្គចុង​ក្រោយ​នេះ យើង​ពិនិត្យ​មើល​លើ​កម្មវិធីទាំង​មូលជា​ពិស្តារ និង​ផ្តោត​លើ​វិធីសាស្ត្រ​ល្អ​បំផុតក្នុង​ការ​អនុវត្ត​ជំនាញដែល​បាន​រៀន​កន្លងមក ក្នុង​ការ​បង្វឹក​ជាក់ស្តែង។»

អេ អាយ អេ ខេមបូឌា អាច​រៀបចំ​«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍»នេះ​បាន ដោយ​សារ​តែក្រុមហ៊ុននេះ​ជា​ដៃគូ​សាកលផ្លូវការ​របស់​ក្លិប​បាល់​ទាត់​ Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ ស្របពេល​នឹង​ការ​ជួយ​ឲ្យ​ពួក​គេទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ដែល​នេះគឺ​ជាការ​ប្តេជ្ញារបស់ អេ អាយ អេ ទាំងមូល។

លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំ​ជាងគេនៅ​លើ​ពិភព​លោក ដែល​មាន​សាវតាប្រកបមោទភាព​ក្នុង​ការ​លើក​កំពស់​ការ​រស់នៅ​ដោយ​សុខភាព​ល្អ យើង​ពិត​ជា​រីករាយណាស់​ដែល​យើង​អាច​អញ្ជើញគ្រូ​បង្វឹកលំដាប់​ពិភពលោកពី​ក្លិប​ Spurs ដៃគូរបស់​យើង មក​កម្ពុជា និង​ជួយ​អភិវឌ្ឍបទដ្ឋានបាល់ទាត់សហគមន៍។ យើង​ប្តេជ្ញាចាប់​យក​តួនាទីយ៉ាងសកម្ម​លើការងាយ​ជួយ​សហគមន៍របស់​យើង ហើយ​សម្រាប់​កម្មវិធីនេះ ជំនួយ​របស់​យើង​ផ្តោតលើ​ការ​ធ្វើឲ្យ​ការ​ហ្វឹក​ហាត់​បាល់​ទាត់​ថ្នាក់​សហគមន៍កាន់តែប្រសើរ និង​ផ្តោតលើ​ការ​អភិវឌ្ឍទេពកោសល្យក្មេងៗ។​ បើ​ទោះ​បី​ជា​កម្មវិធី​បណ្តុះបណ្តាល​មួយ​នេះបាន​មក​ដល់​ទី​បញ្ចប់​ក៏ពិតមែន តែយើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីរៀបចំកិច្ចផ្តួចផ្តើម​ជាច្រើន​ផ្សេងទៀតនាពេល​អនាគត ដែល​ផ្តល់​គុណ​ប្រយោជន៍​ដល់​សុខភាព និង​សុខុមាលភាពប្រជាពល​រដ្ឋខ្មែរ។»

អំពី​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅ​ចុង​ឆ្នាំ ២០១៦ CNCC ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​បំណងគ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​ក្នុង​ស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការ​នាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC ​មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំង​ការិយាល័យទីផ្សារ និង​ការ​ផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៤​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

អំពីក្លិបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

 

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

 

មូលនិធិដែលទទួលបានពានរង្វាន់ដែលបានបង្កើតឱកាស ៣ លានដង ដើម្បីជួយលើកកម្ពស់ជីវិតប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំ ការងារ សុខភាព និងកម្មវិធីផ្សេងៗដែលមានក្នុងសង្គម។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ម៉ា ភារ៉ា

ប្រធានផ្នែក​ផ្សព្វផ្សាយព័ត៌មាន

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

០៧០ ៥០៥ ៧៧០

pheara.ma@gmail.com