សេចក្តីប្រកាសសារព័ត៌មាន

កម្មវិធីអភិវឌ្ឍន៍វិស័យបាល់ទាត់សម្រាប់សហគមន៍របស់ CNCC AIA និងក្លិប SPURS ឈានដល់វគ្គទីបី

13/09/2019 dot  អាន 5 នាទី

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ – គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League បានមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីចាប់ផ្តើមវគ្គទីបី នៃ«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”)។ គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមនៅដើមឆ្នាំនេះក្នុងខែកុម្ភៈដោយភ្ជាប់ជាមួយ Spurs ក្នុងគោលដៅលើកកម្ពស់បទដ្ឋានបាល់ទាត់កម្ពុជានៅកម្រិតមូលដ្ឋាន ស្របគ្នានឹងការជួយឲ្យសហគមន៍មានសុខភាព និងជីវិតកាន់តែប្រសើរ។

គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Shaun Harris បានធ្វើការចែករំលែកចំណេះដឹងដល់គ្រូបង្វឹកជាង ៥០ រូបរបស់ CNCC និងក្លិបនានាក្នុងក្របខណ្ឌកំពូលនៅកម្ពុជាជាច្រើនដងពេញមួយឆ្នាំនេះ។ ហើយវគ្គទីបីនេះ ផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះបណ្តាល ដែលស្របទៅនឹងទស្សនៈវិស័យរបស់ Spurs ដែលគេស្គាល់ថាជាយុទ្ធសាស្ត្រមុំទាំងបួន។

ដោយបាន​លើកឡើងពីយុទ្ធសាស្ត្រមុំទាំងបួននេះ គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមាន​ប្រសាសន៍ថា «ដំណាក់កាលទីបី នៃកម្មវិធីបណ្តុះបណ្តាលរបស់យើង នឹងផ្តោតលើការចែករំលែកទស្សនៈវិស័យនៃក្លិប Tottenham Hotspur ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍបាល់ទាត់ទាំងបួនជ្រុងដូចជា យុទ្ធសាស្ត្រ បច្ចេកទេស ចិត្តសាស្ត្រ និងសង្គមសាស្ត្រ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតរបស់គ្រូបង្វឹកក្នុងការអភិវឌ្ឍយុវជន»។

អេ អាយ អេ ខេមបូឌា បាននាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនជាដៃគូផ្លូវការសាកលរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពនៃការលេងកីឡាជាប្រចាំ។

លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលបាល់ទាត់នេះដំណើរការពេញមួយឆ្នាំ។ តាមរយៈការជំរុញទឹកចិត្ត និងការជួយបណ្តុះជំនាញយុវជននៅក្នុងប្រទេស អេ អាយ អេ ខេមបូឌា បាន​បង្ហាញជាសាធារណៈ និងបាន​បំពេញនូវការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជននៅទីនេះឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ យើងរំពឹងថាកិច្ចផ្តួចផ្តើមនេះ អាចអភិវឌ្ឍគុណភាពនៃការបណ្តុះបណ្តាលបាល់ទាត់មូលដ្ឋាននៅកម្ពុជា និងលើកកំពស់ចំណាប់អារម្មណ៍ និងការចូលរួមក្នុងវិស័យបាល់ទាត់ជាពិសេសសម្រាប់កុមារ និងយុវវ័យ។

ដូចវគ្គពីរមុនៗដែរ វគ្គបណ្តុះបណ្តាលទីបីនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានទាំងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន។ នេះគឺជាវគ្គទីបីនៃវគ្គបណ្តុះបណ្តាលនេះ ហើយវគ្គចុងក្រោយគឺនៅចុងឆ្នាំនេះ ដោយផ្តោតលើវិធីសាស្រ្តក្នុងការជួយឲ្យគ្រូបង្វឹកទាំងអស់អាចផ្សារភ្ជាប់វិធីសាស្រ្តដែលគាត់ទទួលបាន ដើម្បីធានាថាពួកគាត់អាចអនុវត្តកម្មវិធីបណ្តុះបណ្តាលពិស្តារ ដែលមានរចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមយុវជនកម្ពុជានាពេលអនាគត។

គ្រូបង្វឹកទាំងអស់ដែលបាន​ចូលរួម ធ្លាប់បានរៀនពីរបៀបអភិវឌ្ឍទម្រង់បណ្តុះបណ្តាលល្អបំផុត រួមជាមួយព័ត៌មានលម្អិតបន្ថែមអំពីវិធីរៀបចំផែនការ និងបង្កើតវគ្គបណ្តុះបណ្តាលបាល់ទាត់យ៉ាងសមស្របបំផុតសម្រាប់ក្រុមយុវជន។

គ្រូបង្វឹកម្នាក់ ដែល​បាន​ចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា «វាជាកិត្តិយសណាស់ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្វឹកជំនាញដែលជាគ្រូបាល់ទាត់អាជីពក្នុងវិស័យបាល់ទាត់កម្រិតកំពូល។ ខ្ញុំបានរៀនសូត្រច្រើនពីពីរវគ្គមុន ដូច្នេះខ្ញុំប្រាកដថាវគ្គបន្ទាប់នេះនឹងកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត នៅពេលយើងសិក្សាកាន់តែស៊ីជម្រៅលើជំនាញបាល់ទាត់ និងយុទ្ធសាស្ត្របណ្តុះបណ្តាល»។

អំពី​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅ​ចុង​ឆ្នាំ ២០១៦ CNCC ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​បំណងគ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​ក្នុង​ស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការ​នាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC ​មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំង​ការិយាល័យទីផ្សារ និង​ការ​ផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៤​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

អំពីក្លិបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

 

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

 

មូលនិធិដែលទទួលបានពានរង្វាន់ដែលបានបង្កើតឱកាស ៣ លានដង ដើម្បីជួយលើកកម្ពស់ជីវិតប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំ ការងារ សុខភាព និងកម្មវិធីផ្សេងៗដែលមានក្នុងសង្គម។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ម៉ា ភារ៉ា

ប្រធានផ្នែក​ផ្សព្វផ្សាយព័ត៌មាន

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

០៧០ ៥០៥ ៧៧០

pheara.ma@gmail.com