សេចក្តីប្រកាសសារព័ត៌មាន

AIA នាំគ្រូបង្វឹកអាជីពក្របខណ្ឌ ENGLISH PREMIER LEAGUE ដើម្បីបន្តបណ្តុះបណ្តាលគ្រូបង្វឹកក្នុងស្រុក៖ វគ្គទីពីរនៃការសហការណ៏រវាង AIA និងCNCC បានចាប់ផ្តើម

07/06/2019 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ – ជំហ៊ានទីពីរនៃ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ក្រោមការសហការណ៏រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) បាន​ចាប់​ផ្តើមក្នុង​ថ្ងៃនេះ ជាមួយគ្រូបង្វឹកពីររូបលំដាប់ English Premier League ដែលបាន​ផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្វឹកកម្ពុជាចំនួន ៥៦នាក់ដែលមកពីក្លិបនានាក្នុងក្របខណ្ឌ កំពូលនៅកម្ពុជា Cambodian League។

កម្មវិធីនេះបានផ្តួចផ្តើមឡើងកាលពីខែកុម្ភៈក្នុងឆ្នាំនេះ ដោយមានការចូលរួមពីក្រុមគ្រូបង្វឹកនៃក្លិប Tottenham Hotspur Football Club (“Spurs”) នៅក្នុងក្របខណ្ឌ English Premier League។ កម្មវិធីនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាក្នុងកម្រិតមូលដ្ឋាន ស្របពេលនឹងការជួយឲ្យសហគមន៍ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។​

នេះគឺជាវគ្គទីពីរនៃគម្រោងផ្តួចផ្តើមដែលមានបួនវគ្គ ហើយត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលផ្តោតលើការបង្កើតបរិយាកាសបង្ហាត់បង្រៀន និងការរៀបចំផែនការសកម្មភាពបណ្តុះបណ្តាលដែលល្អបំផុតសម្រាប់ក្មេងៗ។ គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Aaron Arthur បានចំណាយពេលពេញមួយព្រឹកនេះក្នុង​ការ​ផ្តល់ជូននូវបទពិសោធន៍ និង​ផ្ទេរចំណេះជំនាញដល់អ្នកចូលរួមទាំងអស់ ដែលរួមមានទ្រឹស្ដីទាំងនៅក្នុងថ្នាក់រៀន និងការអនុវត្តជាក់ស្តែងក្នុងតារាងបាល់ទាត់ផ្ទាល់។

លោក Anton Blackwood បានលើកឡើងថា «ចំនុចសំខាន់នៃវគ្គទីពីរនៃកម្មវិធីនេះ គឺផ្តល់ឲ្យគ្រូបង្វឹកកម្ពុជានូវជំនាញ និង​វិធី     សាស្ត្រកម្រិតពិភពលោក ដែលយើងបានកសាងឡើងនៅក្នុងក្លិប Spurs ដើម្បីជួយឲ្យគ្រូបង្វឹកនៅទីនេះ អាចបង្កើតបរិយាកាសហ្វឹកហាត់ល្អបំផុតសម្រាប់ក្រុមយុវជន រួមជាមួយនឹងអត្ថប្រយោជន៍ច្រើនទៀតពីវគ្គបណ្តុះបណ្តាលនីមួយៗ។ ដោយឃើញពីកម្រិតទទួល​យកខ្ពស់លើការហ្វឹកហាត់កន្លងមក យើងទុកចិត្តថាគ្រូបង្វឹកម្នាក់ៗកំពុងរីករាយនឹងកម្មវិធីនេះ ហើយក៏ស្វាគមន៍ទទួលយកចំណេះដឹងជាច្រើនដែលយើងកំពុងចែករំលែកផងដែរ»។

អេ អាយ អេ ខេមបូឌា អាចនាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជាដោយសារតែខ្លួនជាដៃគូផ្លូវការរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលពីរនាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា។

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ការជួយសហគមន៍ឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែពេញលេញ គឺជាផ្នែកសំខាន់នៃការងាររបស់យើងនៅ អេ អាយ អេ ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើចំនុចនេះ។ ដូច្នេះយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលឃើញដៃគូរបស់យើងផ្តល់ជាអត្ថប្រយោជន៍ដល់ស្ថាប័នក្នុងស្រុកដូចជា CNCC និងក្លិបក្នុងក្របខណ្ឌ Cambodian League។ យើងសង្ឃឹមថាកម្មវិធីនេះ នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងទៅលើការហ្វឹកហាត់កីឡាបាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជា ព្រមទាំងអាចទាក់ទាញការចូលរួមពីកុមារា កុមារីតូចៗកាន់តែច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលេងកីឡាផងដែរ»។

កម្មវិធីនេះ រួមបញ្ចូលពីរវគ្គបន្ថែមទៀតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ។ ហើយវគ្គបន្ទាប់ នឹងផ្តោតលើការអភិវឌ្ឍវិធីសាស្រ្តបណ្តុះ       បណ្តាលពិស្តារលើការរៀបចំផែនការវគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយសប្តាហ៍។ វគ្គចុងក្រោយនឹងផ្តោតទៅលើវិធីសាស្ត្រដែលគ្រូបង្វឹកអាចប្រើប្រាស់វិធីសាស្រ្តទាំងអស់ ដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលទាំងមូល ដើម្បីអាចបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងពេញលេញ។

លោកគ្រូបង្វឹក ឈុន សុធារ័ត្ន ដែលមកពីក្លិបដែលចូលរួម បានមានប្រសាសន៍ថា «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំ​បានយល់ដឹងច្រើនណាស់ថ្ងៃនេះ។ នេះជាឱកាសពិសេសខ្លាំងណាស់ ដែលខ្ញុំបានចូល​រួម​វគ្គបណ្តុះបណ្តាលជាមួយគ្រូបង្វឹកលំដាប់ពិភពលោកដូចលោក Anton និង Aaron។ ខ្ញុំនឹងចូលរួមវគ្គបន្ទាប់ទៀត ដើម្បីអាចបង្កើនជំនាញបង្វឹករបស់ខ្ញុំបន្ថែមទៀត»។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

អំពី​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅ​ចុង​ឆ្នាំ ២០១៦ CNCC ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​បំណងគ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​ក្នុង​ស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការ​នាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC ​មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំង​ការិយាល័យទីផ្សារ និង​ការ​ផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។

 

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។
 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ម៉ា ភារ៉ា

ប្រធានផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

០៧០ ៥០៥​ ៧៧០

pheara.ma@gmail.com