សេចក្តីប្រកាសសារព័ត៌មាន

ដំណោះស្រាយធានារ៉ាប់រងជីវិតដ៏ទូលំទូលាយបំផុតនៅកម្ពុជា៖ អេ អាយ អេ ខេមបូឌា បន្ថែមការការពាររហូតដល់២៦ស្ថានភាពជំងឺធ្ងន់ធ្ងរ ដោយឥតគិតថ្លៃ

10/01/2019 dot អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានប្រកាសបន្ថែម​ការការពារចំពោះ AIA សម្រាប់ជីវិត ដែលជាដំណោះស្រាយធានារ៉ាប់រងជីវិតឈានមុខគេនៅកម្ពុជា ក្នុងឱកាសប្រារព្ធខួប១00ឆ្នាំរបស់សម្ព័ន្ធ AIA Group Limited (“AIA”) ។ AIA សម្រាប់ជីវិត គឺ​ជាដំណោះស្រាយធានារ៉ាប់រងជីវិតដំបូងគេបង្អស់ក្នុងកម្ពុជាតាំងពីខែឧសភា ឆ្នាំ២០១៧ ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងរជាច្រើនពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលចុងក្រោយដូចជា ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម ជំងឺសួត និងជំងឺបេះដូង។ ឥឡូវនេះ ក្រុមហ៊ុនបានបង្កើនការការពារលើជំងឺតម្រងនោម និងការប្តូរសរីរាង្គសំខាន់ៗ ដែលរួមមានលំពែងផងដែរ សរុបដល់ទៅ២៦លក្ខខណ្ឌ។ ទាំងអតិថិជនបច្ចុប្បន្ន និងអតិថិជនថ្មី នឹងទទួលបានការធានារ៉ាប់រងបន្ថែមនេះ ដោយឥតគិតថ្លៃ។  ការបន្ថែម​នេះ ធ្វើឲ្យ AIA សម្រាប់ជីវិត ក្លាយជាដំណោះស្រាយសម្រាប់ជំងឺធ្ងន់ធ្ងរ ដែលទូលំទូលាយបំផុតនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា លោក Richard Bates បានមានប្រសាសន៍ថា «ឆ្នាំ២០១៩ គឺជាខួប១០០ឆ្នាំរបស់ AIA។ ដូច្នេះយើងមានមោទនភាពក្នុងការអបអរឱកាសនេះ ដោយការបន្ថែមការការពារចំពោះ AIA សម្រាប់ជីវិត ដែលជាដំណោះស្រាយធានារ៉ាប់រងជីវិតដំបូងបង្អស់សម្រាប់ជំងឺធ្ងន់ធ្ងរ ដើម្បីបន្តជំរុញការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយប្រជាជនកម្ពុជាឲ្យទទួល​បានសុខភាព និងជីវិតកាន់តែប្រសើរ។» លោក Richard ក៏បានបន្តថា អតិថិជនយើងបច្ចុប្បន្ន អាចទទួលបានការការពារបន្ថែមនេះដោយមិនតម្រូវឲ្យមានការធ្វើ​បែបបទ ឬការពិនិត្យសុខភាពបន្ថែមឡើយ ដើម្បីផ្តល់ភាពងាយស្រួលជូនពួកគាត់ក្នុងការទទួល​បានការការពារនៅពេលក្រោយ ក្នុងករណីគាត់មានជំងឺ។

ការបន្ថែមការការពារនេះ គឺក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងនៃជំងឺតម្រងនោម និងតម្រូវការសម្រាប់ការប្តូរសរីរាង្គនៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថានៅឆ្នាំ២០១៧ មានអ្នកស្លាប់ជិត២,៥00នាក់ ដោយ​សារជំងឺតម្រងនោម1 ហើយការប្តូរតម្រងនោមគឺជា «ការផ្លាស់ប្តូរសរីរាង្គ ដែលត្រូវបានគេធ្វើឡើងច្រើនជាងគេបំផុតលើពិភពលោក។»2

ការព្យាបាលជំងឺតម្រងនោម អាចមានតំលៃរាប់សិបពាន់ដុល្លារ ហើយអាចត្រូវការការព្យាបាលដោយការលាងសារធាតុពុលក្នុងឈាមជាទៀងទាត់។ ដូចគ្នានេះផងដែរ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកឯកទេសផ្នែកតម្រងនោម និងឧបករណ៍បច្ចេកទេសចាំបាច់ ក៏នៅមានកម្រិតនៅឡើយ។ កត្តាទាំងនេះ បង្ហាញថាការមានដំណោះស្រាយធានារ៉ាប់រងទូលំទូលាយមួយ គឺមាន​សារៈសំខាន់ណាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះដោយជោគជ័យ។

ការព្យាបាលដ៏សំខាន់មួយសម្រាប់ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ គឺការប្តូរសរីរាង្គតែម្តង ដែលឥឡូវត្រូវបានរ៉ាប់រងដោយ AIA សម្រាប់ជីវិត។ លើសពីនេះ ដំណោះស្រាយនេះក៏រ៉ាប់រងលើការផ្លាស់ប្តូរសរីរាង្គសំខាន់ៗដទៃទៀតផងដែរ ដែលនេះធ្វើឲ្យ AIA សម្រាប់ជីវិត ក្លាយជាដំណោះស្រាយដ៏មានឥទ្ធិពលសម្រាប់ការទទួលបានសុខភាពល្អឡើងវិញក្នុងករណីមានជំងឺធ្ងន់ធ្ងរ។

AIA សម្រាប់ជីវិត ក៏នឹងបន្តផ្តល់ជូនការធានារ៉ាប់រងលើការព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើនផ្សេងទៀតដូចជា ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម ជំងឺសួត និងជំងឺបេះដូង។ បើយោងតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្នជំងឺធ្ងន់ធ្ងរទាំងនេះ មានអត្រាកើនឡើងខ្ពស់ ហើយ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយ​សារជំងឺនេះ បានកើនឡើងដល់ទៅ៦៤ភាគរយនៃការស្លាប់សរុបប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា។៣

ជាមួយនឹងការការពារបន្ថែមរបស់ AIA សម្រាប់ជីវិត ឥឡូវនេះប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួល និងអាចចំណាយថវិកាដោយមានប្រសិទ្ធិភាពកាន់តែខ្ពស់ ក្នុងការទទួលយកការការពារដ៏ទូលំទូលាយ មានជីវិតយូរអង្វែង និងពេញលេញ ដោយមិនចាំបាច់មានភាពតានតឹងផ្នែកហិរញ្ញវត្ថុប្រសិនបើពួកគាត់មានជំងឺនៅថ្ងៃក្រោយ។

(១) World Life Expectancy (2018). Health profile: Cambodia. ទាញយកនៅថ្ងៃទី 09 មករា 2018 ពី https://www.worldlifeexpectancy.com/country-health-profile/cambodia

(២) World Health Organisation (2018). Human organ transplantation. ទាញយកនៅថ្ងៃទី 09 មករា 2018 ពី https://www.who.int/transplantation/organ/en/

(៣) World Health Organisation (2018). Cambodia. Retrieved on 09 January 2018 from https://www.who.int/nmh/countries/khm_en.pdf

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com