សេចក្តីប្រកាសសារព័ត៌មាន

ការប្រកួតបាល់ទាត់វិលជុំ AIA-ISF YOUTH LEAGUE ២០១៨-២០១៩ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារដែលជួបការលំបាកក្នុងប្រទេសកម្ពុជា

12/06/2019 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ – ក្នុងអំឡុងរយៈពេលប្រាំមួយខែកន្លងមក មានក្រុមបាល់ទាត់ចំនួន១០០ក្រុម ដែលមានកុមារា និងកុមារីសរុបជិត១៥០០នាក់ បានចូលរួមប្រកួតប្រជែងក្នុងការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League នៅក្នុងរាជធានីភ្នំពេញ។ ការប្រកួតបាល់ទាត់យុវជននេះ មិនមែនជាការប្រកួតធម្មតានោះទេ ដោយហេតុថាកីឡាករនិងកីឡាការនីវ័យក្មេងដែល​ចូលរួមប្រកួត រួមមានកុមារដែលមានជីវភាពលំបាក និងងាយរងគ្រោះ ហើយការប្រកួតប្រជែងនេះ មាន​ឥទ្ធិពលផ្លាស់ប្ដូរជីវិតជាវិជ្ជមានសម្រាប់មនុស្សជាច្រើនអ្នក។

កុមារកម្ពុជាភាគច្រើនមិនមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតកីឡា និងលេងក្នុងទីលានមួយដែលមានសុវត្ថិភាពនោះទេ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពលំបាក។ ជាធម្មតា កុមារីមានឱកាសតិចជាងកុមារាចំណែកឯឱកាសសម្រាប់កុមារពិការ គឺសឹងតែមិនមាន។ យ៉ាងណាមិញ អង្គការផ្កាយសមុទ្រ (“ISF”) ដែលជាអង្គការមួយដំណើរការក្នុងរាជធានីភ្នំពេញ និងកំពុងផ្ដល់ឱកាសដ៏កម្រក្នុងការលេងបាល់ទាត់ ការអភិវឌ្ឍកាយសម្បទារឹងមាំ ដើម្បីកសាងជំនាញក្នុងជីវិតដ៏មានតម្លៃ និងមានភាពសប្បាយរីករាយដល់កុមារគ្រប់មជ្ឈដ្ឋាន រួមទាំងកុមារដែលពិការកាយសម្បទា និងបញ្ញា។

អង្គការផ្កាយសមុទ្រ ISF បាននៅពីក្រោយបាល់ទាត់មូលដ្ឋានចាប់តាំងពីអង្គការនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះធ្វើការជាមួយកុមារជួបការលំបាកចំនួន៣០០០នាក់ ដោយមានការហ្វឹកហាត់ ការប្រកួត និងកម្មវិធីផ្សេងៗ។ ការប្ដេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រ ISF ក្នុងការបង្កើតឱកាសរួមគ្នាសម្រាប់កីឡាករវ័យក្មេង ត្រូវបានដឹកនាំដោយគោលការណ៍ដែលកុមារទាំងអស់មានសិទ្ធិក្នុងការលេងកីឡា។ គោលគំនិតសំខាន់នៃការប្រកួតប្រជែងបាល់ទាត់យុវជនរបស់អង្គការផ្កាយសមុទ្រ ISF គឺការជឿថាកីឡាមានសក្ដានុពលក្នុងការលុបបំបាត់បញ្ហាសង្គមជាច្រើន ដែលយុវវ័យក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះដូចជាការរើសអើង កង្វះនៃការអប់រំ ភាពអត់ការងារធ្វើ និងជំងឺដែលអាចការពារបាន។

នេះគឺជាឆ្នាំទីពីរហើយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ   ខេមបូឌា”) បានគាំទ្រ និងឧបត្ថម្ភការប្រកួតបាល់ទាត់យុវជនរបស់អង្គការផ្កាយសមុទ្រ ISF ដោយអង្គភាពទាំងពីរមានការប្ដេជ្ញាចិត្តតែមួយ គឺការទំនាក់ទំនងកុមារ និងសហគមន៍ដែលជួបការលំបាក និងផ្តល់ឱកាសការងារ និងជម្រើសជីវិតដ៏ល្អប្រសើរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រ ISF គឺកំពុងប្រើប្រាស់បាល់ទាត់ដើម្បីផ្ដល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម ការមានវិន័យ និងការហ្វឹកហាត់កីឡាលើជីវិតរបស់កុមារស្របទៅតាមជំនឿថា ការចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

ចូលរួមក្នុងពិធីបិទការប្រកួតនៅថ្ងៃនេះ ថ្នាក់គ្រប់គ្រងរបស់ អេ អាយ អេ ខេមបូឌា  លោកស្រី Pauline Teoh បានមានប្រសាសន៏ថា «ការ​ដែល​បាន​ឃើញ និង​ជាពិសេស ការដែល​បាន​ជួយគាំទ្រការ​ងារដ៏មាន​ឥទ្ធិពលរបស់​អង្គការផ្កាយសមុទ្រ ISF ក្នុងការ រៀបចំ​កម្មវិធីបាល់ទាត់សម្រាប់សហគមន៍ធំជាងគេនៅកម្ពុជា គឺជារឿងដែលយើងគ្រប់គ្នានៅ អេ អាយ អេ ខេមបូឌា និងនៅ​សម្ព័ន្ធ AIA ផងដែរ មាន​មោទនភាព​យ៉ាងខ្លាំង។ ទាំងនេះផ្តល់តម្លៃដ៏សំខាន់ទៅលើការប្ដេជ្ញារបស់យើង ក្នុងការជួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានឲ្យបានរស់នៅមានសុខភាពល្អ ចាប់តាំងពីវ័យក្មេង»។

យោងទៅតាម អង្គការសុខភាពពិភពលោក (“WHO”) ជំងឺធ្ងន់ធ្ងរត្រូវបានប៉ាន់ប្រមាណថាជាមូលហេតុនៃការស្លាប់ ៦៤% ក្នុង​ចំណោមការស្លាប់ទាំងអស់នៅកម្ពុជា។ ដោយឡែក ការជ្រើសរើសយករបៀបរស់នៅដែលមានសុខភាពល្អ ដូចជាការធ្វើលំហាត់ប្រាណជាដើម អាចកាត់បន្ថយនូវជំងឺបែបនេះបានយ៉ាងច្រើន។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការហាត់បាល់ទាត់ក្នុងរយៈពេល១២សប្ដាហ៍ ជួយបង្កើនការស្រូបយកអុកស៊ីសែនអតិបរមាពី ១០ ទៅ ១៥% និងបន្ថយហានិភ័យ៥០%នៃជំងឺសរសៃឈាមបេះដូង ដូចជាការគាំងបេះដូង ជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ក្រៅពីការពង្រឹងកាយសម្បទាតាមរយៈការកសាងភាពរឹងមាំ អំណត់ និងល្បឿន អ្នកលេងបាល់ទាត់មានសុខភាពល្អប្រសើរជាងមុនដោយសារតែពួកគេមានសមត្ថភាពក្នុងការស្រូបយកអុកស៊ីសែនបានប្រសើរជាងមុន។

ការប្រកួតបាល់ទាត់យុវជនដ៏ពិសេសនេះ មិនត្រឹមតែផ្សព្វផ្សាយសុខភាព និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែការប្រកួតនេះក៏ជួយលើកកម្ពស់ការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីកម្មវិធីរបស់អង្គការផ្កាយសមុទ្រ ISF បានចាប់ផ្ដើមដំណើរការ ចំនួនក្រុមបាល់ទាត់ក្មេងស្រីនៅក្នុងលីកបានកើនឡើងទ្វេដង នេះបង្ហាញពីការផ្លាស់ប្ដូរយ៉ាងធំនៃតួនាទីរបស់កីឡាបាល់ទាត់សម្រាប់ស្រ្តី និងសង្គមនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំនេះ ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League បានផ្ដល់ការហ្វឹកហាត់ និងការប្រកួតវិលជុំដល់ក្រុមបែកចែកជា៦ផ្នែក រួមមានក្រុមកុមារា និងកុមារីអាយុក្រោម១០ឆ្នាំ ក្រោម១៤ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងនោះក៏មានរួមបញ្ជូលកីឡាករគថ្លង់ និងបញ្ហាការស្ដាប់ផ្សេងៗផងដែរ។

នៅក្នុងការហ្វឹកហាត់ប្រចាំសប្ដាហ៍សម្រាប់ការប្រកួតនេះ មានការផ្ដោតទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលលើកឡើងពីបញ្ហាដូចជា សមភាពយែនឌ័រ ការទប់សា្កត់ជម្លោះ សុខភាពនិងសុខុមាលភាព ព្រមទាំងបំណិនជីវិតផ្សេងៗទៀត។ គ្រូបង្វឹកដើរតួជាគំរូសម្រាប់កីឡាករ ហើយនេះពិតជាសំខាន់ណាស់ក្នុងការបង្កើតការចូលរួមពីកុមារី។ ក្នុងពិធីបើកការប្រកួតនៅក្នុងខែធ្នូ ឆ្នាំ២០១៨ គ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ISF អ្នកគ្រូរ៉ាន់យ៉ា បានលើកឡើងថា «នៅក្នុងសង្គមដែលកីឡាត្រូវបានគេចាត់ទុកជាល្បែងកំសាន្ត ឬជម្រើសអាជីពសម្រាប់តែបុរសប៉ុណ្ណោះ ការបង្វឹកដោយគ្រូបង្ចឹកភេទស្រី អាចជាប្រភពនៃការបំផុសគំនិតសម្រាប់ក្មេងស្រីដែលចង់ចូលទៅក្នុងវិស័យកីឡា»។

នៅក្នុងឆ្នាំ២០១៨ កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ISF បានឈ្នះពានរង្វាន់ Dream Asia Award ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហើយត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ Beyond Sport Global Award ឆ្នាំ ២០១៨ សម្រាប់សុខភាពនិងសុខុមាលភាពចំពោះការប្រើប្រាស់បាល់ទាត់​ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមនៃប្រទេសកម្ពុជា។ អ្នកគ្រប់គ្រងអង្គការផ្កាយសមុទ្រ ISF លោក Leo Brogan បាននិយាយនៅមុខការបិទការប្រកួតបាល់ទាត់យុវជន AIA-ISF  បានលើកឡើងថា «ការចាប់ដៃគូជាមួយ អេ អាយ អេ បានជួយយើងឲ្យមកដល់ចំណុចមួយនៅថ្ងៃនេះ ដែលពួកយើងអាចជួយផ្លាស់ប្ដូរជីវិតរបស់កុមាររាប់ពាន់នាក់ និងគ្រួសាររបស់ពួកគេឲ្យកាន់តែមានភាពប្រសើរឡើង។ យើងសូមថ្លែងអំណរគុណ និងសូមអបអរសាទរចំពោះអ្នកគាំទ្ររបស់យើង ក៏ដូចជាកីឡាករ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យកម្មវិធី និងការប្ដេជ្ញារបស់យើងក្នុងការធ្វើឲ្យរដូវកាលផ្សេងដែលពោរពេញដោយភាពវិជ្ជមាន»។

ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ​ត្រូវបានបញ្ចប់ថ្ងៃនេះ​​ ជាមួយនឹងការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមគ្រប់ប្រភេទ ចាប់ពីម៉ោង៩ព្រឹក ដល់៤ល្ងាច​ នៅកីឡដ្ឋានអង្គការផ្កាយសមុទ្រ​ ដែលមានទីតាំងនៅភូមិព្រះធាតុ រាជធានីភ្នំពេញ។ ​កម្មវិធីបិទការប្រកួត មានចូលរួមពីសំណាកកុមារទាំងអស់ដែលបានចូលរួមប្រកួត និងគ្រូបង្វឹករបស់ពួកគេ រួមទាំងថ្នាក់ដឺកនាំរបស់អង្គការផ្កាយសមុទ្រISF និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

អំពី អង្គការផ្កាយ​សមុទ្រ

 

អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែល​ពួកគាត់កំពុងជួបប្រទះ។

អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។

អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។

អំពីក្លិបបាល់ទាត់ Tottenham Hotspur

 

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខបួន នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League បួនឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

 

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។
 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ជួប វិច្ឆិកា

ប្រធានអង្គការ

អង្គការ​ផ្កាយសមុទ្រ

០២៣ ៤២៤ ២៣៦

cv@indochinastarfish.org