សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា អបអរខួប១០០ឆ្នាំ៖ ១០០ឆ្នាំដើម្បីការបេ្តជ្ញា១ — ជួយឲ្យប្រជាជនកម្ពុជាទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ

22/02/2019 dot អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានប្រកាសគម្រោង “ទីលានបាល់ទាត់១០០” របស់ខ្លួននៅថ្ងៃនេះ ដើម្បីប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA Group Limited (“AIA”) នៅសណ្ឋាគារសុខាភ្នំពេញ។ មនុស្សច្រើនជាង ៤,០០០នាក់ ដែល​ជាអតិថិជន បុគ្គលិក ទីប្រឹក្សាផែនការជីវិតAIA និងអ្នកចូលរួម​ជាច្រើនទៀត ត្រូវបានអញ្ជើញចូលរួមក្នុង​ការ​អបអរក្រោមប្រធានបទ «ខួប១០០ឆ្នាំ ដើម្បីការបេ្តជ្ញា១»  ដោយរួមមានកម្មវិធី និងសកម្មភាពជាច្រើនដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការរត់​រួម​គ្នាចំងាយមួយគីឡូម៉ែត្រ ដោយមានការចូលរួមពីក្រុមអ្នកតំណាងសតវត្សន៍ AIA ដែល​ជាបុគ្គលិក ទីប្រឹក្សាផែនការជីវិតAIA អតិថិជន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អត្តពលិក និងតារាល្បីៗជាច្រើននាក់។ អ្នកតំណាង​ទាំង​អស់បានកាន់គប់និមិត្តរូប១០០ឆ្នាំ ដើម្បីអបអរ​ប្រវត្តិសាស្ត្ររបស់ AIA។ គប់​និមិត្តរូប​នោះ ត្រូវ​បាន​រចនាឡើង​ដោយ​បង្ហាញនូវ​បណ្ណ​សន្យារ៉ាប់រង​ជីវិត​ដំបូងបង្អស់ និង​ព្រម​ទាំង​មាន​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបដើម្បីតាមដាន​ចំងាយ​ផ្លូវ។

ក្នុងថ្ងៃនោះដែរ អ្នកចូលរួមទទួលបានការពិនិត្យ និងពិគ្រោះសុខភាពដោយឥតគិតថ្លៃ ព្រមទាំង​បាន​រីករាយទស្សនាវិចិត្រសាលស្តីពីសុខភាព ដែលមានតាំងបង្ហាញនូវគន្លឹះសុខភាពល្អៗទាក់ទិននឹងអាហារូបត្ថម្ភ សុខភាពរាងកាយ សុខុមាលភាពផ្លូវចិត្ត តុល្យភាពការងារនិងជីវិត និងបរិស្ថានរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ក៏មានការរៀបចំសកម្មភាពលក្ខណៈគ្រួសារសប្បាយៗជាច្រើនពេញមួយថ្ងៃ។

អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា លោក Richard Bates បានមានប្រសាសន៍ថា «យើងមានមោទនភាពដែល​បាន​ក្លាយ​ជា​ទី​ផ្សារ AIA ទីមួយ សម្រាប់​ការ​អបអរទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះរបស់សម្ព័ន្ធ AIA។​ នេះគឺជាដំណើរពេញ១០០ឆ្នាំ ដែលបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់កាន់​តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរីករាយនឹងអបអរខួប១០០ឆ្នាំដោយដាក់ឲ្យដំណើរការនូវគម្រោង “ទីលានបាល់ទាត់១០០” ដែលនឹងផ្តល់ការកែលម្អតារាងបាល់ទាត់ឲ្យសាលារៀនចំនួន១០០សាលាទូទាំងកម្ពុជា តាមរយៈការផ្តល់ជូនសម្ភារៈជាច្រើន ដើម្បីបណ្តុះក្តីស្រឡាញ់សម្រាប់កីឡា និងការរស់នៅប្រកបដោយសុខភាពល្អឲ្យក្មេងៗជំនាន់ក្រោយ»។

គម្រោង “ទីលានបាល់ទាត់១០០” របស់ អេ អាយ អេ ខេមបូឌា នេះ នឹង​ផ្តល់ជូនសាលាបឋមសិក្សាចំនួន១០០ទូទាំងប្រទេសនូវ បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ សម្រាប់សាលានីមួយៗ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យស្នើ និងស្វែងយល់បន្ថែមពីគម្រោងនេះ នៅលើទំព័រហ្វេសប៊ុក AIA Cambodia។

គប់និមិត្តរូបខួប១០០ឆ្នាំ តំណាង​ឲ្យដំណើរ​ប្រវត្តិសាស្ត្ររបស់​ AIA ហើយគប់​នេះនឹងធ្វើដំណើរឆ្លងកាត់ទីផ្សារទាំងអស់របស់ AIA ដោយចាប់ផ្តើមពីកម្ពុជាដែលជាទីផ្សារមានអាយុកាលក្មេងជាងគេ បន្តដល់ទីក្រុងសៀងហៃ ដែលជាដែនកំណើតនៃសាវតារបស់ខ្លួន  និងបញ្ចប់​ដំណើរ​នៅទី​ក្រុង​ហុង​កុង ដែល​ជាទីតាំងសម្ព័ន្ធ AIA។

លោក Jacky Chan នាយកប្រតិបត្តិប្រចាំតំបន់របស់សម្ព័ន្ធ AIA បានមានប្រសាសន៍ថា «AIA មានដើម​កំណើតនៅទីក្រុងផ្តើមចំងាយមួយគីឡូម៉ែត្រសៀងហៃ ក្នុងឆ្នាំ១៩១៩ ហើយ​គ្រប់គ្នានៅ AIA មានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញថាអាជីវកម្មមួយនេះមានការរីកចម្រើនក្នុងទីផ្សារថ្មីមួយដូចជាប្រទេសកម្ពុជា។ នៅពេលយើងសម្លឹងមើលទៅ១០០ឆ្នាំបន្ទាប់ យើងមានអារម្មណ៍ថាការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជនទទួល​បាន​សុខភាព និងជីវិតកាន់តែប្រសើរនេះ កាន់តែ​មាន​សារៈសំខាន់ខ្លាំងឡើង​ថែម​ទៀត»។

នៅឆ្នាំ១៩១៩ សហគ្រិនជនជាតិអាមេរិកឈ្មោះ Cornelius Vander Starr បានចាប់ផ្តើមអាជីវកម្មធានារ៉ាប់រងមួយដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធ AIA បច្ចុប្បន្ន។ ១00ឆ្នាំក្រោយមក AIA បានក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ អេ អាយ អេ ខេមបូឌា ដែល​ជាផ្នែកមួយនៃសម្ព័ន្ធ AIA មានមោទនភាពប្រារព្ធខួប១00ឆ្នាំដ៏សំខាន់នេះ។ ដំណើរប្រវត្តិសាស្ត្រនេះ គឺជាដំណើរ​មួយ​ប្រកបដោយភាពក្លាហាន សម្រាប់ការ​ត្រួសត្រាយផ្លូវ​ឲ្យ​អ្នកជំនាន់ក្រោយ។ វាជាដំណើរពេញ១00ឆ្នាំនៃភាពរីកចម្រើន និងភាពជោគជ័យ។ ហើយ​ពិតណាស់ ការធ្វើដំណើររបស់យើងនៅតែបន្តឆ្ពោះទៅមុខជានិច្ច។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣២​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com