សេចក្តីប្រកាសសារព័ត៌មាន

AIA និង SPURS ចាប់ដៃគូគាំទ្រការអភិវឌ្ឍបាល់ទាត់សម្រាប់សហគមន៍ក្រោមការដឹកនាំរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

22/02/2019 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) និងអេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរួម​គ្នាបើកកម្មវិធីអភិវឌ្ឍន៏កីឡាបាល់ទាត់ថ្នាក់មូលដ្ឋានមួយ នៅថ្ងៃនេះ ដោយសហការជាមួយក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) ក្នុង​ក្រប​ខណ្ឌ​ English Premier League នៃ​ចក្រភព​អង់គ្លេស។ កម្មវិធី «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បី​អភិវឌ្ឍវិស័យបាល់ទាត់សម្រាប់​សហគមន៍» បានទទួល​ការ​ទំនុក​បម្រុង​យ៉ាង​ពេញ​លេញពី អេ អាយ អេ ខេមបូឌា។ ក្នុង​កម្មវិធី​នេះ គ្រូបង្វឹក២រូបរបស់ក្រុម Spurs បាន​ធ្វើការ​បង្ហាត់បង្ហាញគ្រូបង្វឹកកម្ពុជាចំនួន ២៨​នាក់ ពីក្លិបក្នុង​ក្រប​ខណ្ឌប្រកួតកំពូលនៅកម្ពុជា (Cambodian Football League) និង​គ្រូ​បង្វឹក ១០នាក់ទៀតនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

សម្រាប់កម្មវិធីនេះ មានវគ្គបណ្តុះ​បណ្តាលចំនួន៤វគ្គ ដែលវគ្គទី១នេះ ត្រូវ​បាន​ធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈសិក្ខាសាលាក្នុង​ថ្នាក់ និងការធ្វើការជាក្រុម។ គ្រូបង្វឹក២រូប គឺលោក Anton Blackwood និងលោក Shaun Harris បានណែនាំដល់សិក្ខាកាមទាំងអស់អំពីកម្មវិធីអភិវឌ្ឍន៍គ្រូបង្វឹក/កីឡាករ​ថ្នាក់មូលដ្ឋានរបស់ Spurs និងបានពន្យល់អំពីអត្ថប្រយោជន៍នៃកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានសម្រាប់កុមារា កុមារី។

លោក Anton Blackwood បានលើកឡើងថា «វគ្គទី១ ផ្តោតលើការណែនាំដល់អ្នកគ្រប់គ្នាអំពីសាវតានៃកម្មវិធីអភិវឌ្ឍន៍គ្រូបង្វឹក/កីឡាករ របស់ក្លិប Tottenham Hotspur ព្រមទាំងអត្ថប្រយោជន៍សម្រាប់កីឡាករវ័យក្មេងដែលទើបតែចាប់ផ្តើមរៀនលេង។ សម្រាប់វគ្គបន្ទាប់ទៀតនៅក្នុងឆ្នាំនេះ យើងនឹងរៀនស៊ីជម្រៅថែមទៀតលើការហ្វឹក​ហាត់​នៅលើទីលានបាល់ទាត់ផ្ទាល់ ហើយខ្ញុំជឿថាគ្រប់គ្នាកំពុងទន្ទឹងរង់ចាំឈានដល់វគ្គទាំងនោះផងដែរ។»

AIA គឺជាដៃគូផ្លូវការរបស់ក្លិប Spurs ។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់​ការ​អភិវឌ្ឍបាល់ទាត់សាកល ២នាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកលើវិស័យបាល់ទាត់ និងជួយឲ្យពួក​គេ​ទទួល​បាន​សុខភាព​ល្អ និង​ជីវិត​កាន់តែប្រសើរ។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពណាស់ដែលអាចនាំយកគ្រូបង្វឹកបាល់ទាត់ពីក្លិបក្នុងក្របខណ្ឌ English Premier League ដែល​ឈាន​មុខ​គេ ចំនួន២នាក់ ដែលមានបទពិសោធន៍ខ្ពស់មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល និង​លើក​ទឹកចិត្តដល់ក្រុមគ្រូបង្វឹកពីក្លិបចូលរួមក្នុងការ​ប្រកួតថ្នាក់របស់កម្ពុជា និងគ្រូបង្វឹកនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ គុណតម្លៃនៃកីឡាបាល់ទាត់ គឺជាការធ្វើការងារជាក្រុម និងការរស់នៅប្រកបដោយសុខភាពល្អ ហើយនេះគឺជាគុណតម្លៃ២យ៉ាងដែល AIA យកចិត្តទុកដាក់យ៉ាងខ្លាំង។ ដូច្នេះយើងអបអរ​ចំពោះ​ឥទ្ធិពលវិជ្ជមាននៃ​កម្មវិធីនេះ ទៅលើអនាគតនៃវិស័យកីឡានៅប្រទេសកម្ពុជា។»

កម្មវិធីនេះនឹងដំណើរការពេញមួយឆ្នាំ២០១៩ ជាមួយនឹងវគ្គបណ្តុះបណ្តាល៣ផ្សេងទៀតដែលនឹងរួមបញ្ចូលទាំងសិក្ខាសាលាក្នុងថ្នាក់ និងការហ្វឹកហាត់ជាក់ស្តែងចេញនៅលើទីលានកីឡាបាល់ទាត់។ ប្រធានបទទាំងអស់ រួមមានវិធីសាស្ត្រអភិវឌ្ឍន៍ការហ្វឹកហ្វឺន​ពិស្តារ វិធីរៀបចំរបៀបហ្វឹកហ្វឺនឲ្យបានត្រឹមត្រូវ ព្រមទាំងគន្លឹះក្នុងការកសាងកម្មវិធីបណ្តុះបណ្តាលមូលដ្ឋានដែលមានរយៈពេល៦ សប្តាហ៍ប្រកបដោយជោគជ័យ។

លោក ជួន ជុំ ជាគ្រូបង្វឹកម្នាក់ ដែលបានចូលរួមក្នុង​កម្មវិធីនេះ បានមាន​ប្រសាសន៍ថា «វគ្គទី១នៃកម្មវិធីនេះ គឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយវាបានបង្រៀនខ្ញុំជាច្រើនអំពីសារៈសំខាន់នៃការមានការហ្វឹកហាត់បាល់ទាត់ថ្នាក់មូលដ្ឋានកម្រិតស្តង់ដារខ្ពស់។ គ្រូបង្វឹក Spurs មានចំណេះដឹងច្រើន និងមានយុទ្ធសាស្រ្តធ្វើឲ្យសិស្សចូលរួមយ៉ាងសកម្ម។ ខ្ញុំរីករាយណាស់ ដែលបានទទួល​យក​ការបណ្តុះបណ្តាលពីពួកគាត់»។

លោក ឆាំង ពិសិដ្ឋ ដែលជាលេខាប្រតិបត្តិនៃ CNCC បានលើកឡើងថាគំនិតផ្តួចផ្តើមនេះ គឺជាសញ្ញាលើកទឹកចិត្តមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយវានឹងមានឥទ្ធិពលវិជ្ជមានទៅលើការចូលរួមក្នុងកីឡានេះ នៅក្នុងប្រទេសយើង។

លោក ឆាំង ពិសិដ្ឋ មានប្រសាសន៍ថា «តាមរយៈកម្មវិធីរួមគ្នារបស់យើងជាមួយ AIA និងក្លិបដ៏ល្បីល្បាញកម្រិតពិភពលោកដូចជា Tottenham Hotspur យើងសង្ឃឹមថាយើងអាចមើលឃើញពីឥទ្ធិពលវិជ្ជមានលើគុណភាពនៃការហ្វឹកហាត់បាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់យុវជន ដែលអាចនឹងក្លាយទៅជាកីឡាករសម្រាប់ក្រុមជម្រើសជាតិនៅ​ថ្ងៃអនាគត»។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣២​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

អំពី​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”) គឺជាសេនាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (“FFC”)។ នៅ​ចុង​ឆ្នាំ ២០១៦ CNCC ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​បំណងគ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​ក្នុង​ស្រុក ដើម្បីបន្តអភិវឌ្ឍន៏ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ ដែល​មាន​ឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការ​នាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ CNCC ​មានការិយាល័យចំនួន៤៖ ការិយាល័យបច្ចេកទេស និងរៀបចំការប្រកួត ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ព្រមទាំង​ការិយាល័យទីផ្សារ និង​ការ​ផ្សព្វផ្សាយ។ បច្ចុប្បន្ន CNCC កំពុងរៀបចំពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តហ្វូន ខេមបូឌាន លីគ។

 

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៧/២០១៨ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៣ឆ្នាំជាប់ៗគ្នា និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។

 

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង

 

ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ម៉ា ភារ៉ា

ប្រធានផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

០៧០ ៥០៥​ ៧៧០

pheara.ma@gmail.com