សេចក្តីប្រកាសសារព័ត៌មាន

AIA ចាប់ផ្តើមគម្រោង “ទីលានបាល់ទាត់១០០”៖ សាលារៀនចំនួន៤ដំបូង ទទួលបានសំភារៈបាល់ទាត់ និងការហ្វឹកហាត់

22/02/2019 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ – គម្រោង “ទីលានបាល់ទាត់១០០” របស់ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) បានចាប់ផ្តើមដំណើរការនៅរាជធានីភ្នំពេញនាថ្ងៃនេះ។ សាលាបឋមសិក្សាចំនួនបួនបានទទួលសំភារៈកីឡាបាល់ទាត់ថ្មីៗ ដែលប្រគល់ជូនដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងទីប្រឹក្សាផែនការជីវិត AIA​។ សិស្សានុសិស្ស​ពីសាលាទាំងនោះ ក៏បានទទួលការ​ហ្វឹកហាត់​ពីគ្រូបង្វឹកសម្រាប់​ការ​អភិវឌ្ឍបាល់ទាត់​សាកលចំនួន២រូប ពីក្លិប Tottenham Hotspur (“Spurs”) នៃ​ក្របខណ្ឌ English Premier League ពី​ចក្រភពអង់គ្លេស។ គម្រោង ទីលានបាល់ទាត់១០០ ត្រូវបានប្រកាសកាលពីខែមុនក្នុងពិធីគម្រប់ខួប១០០ ឆ្នាំរបស់សម្ព័ន្ធ AIA ដែលមានគោលបំណងផ្តល់នូវសំភារៈកីឡាដែលមានបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ ដល់សាលាបឋមសិក្សា​ចំនួន១០០ ទូទាំងប្រទេសកម្ពុជា ។

សាលាបឋមសិក្សា៤ដំបូងគេបំផុត ដែលបានទទួលសំភារៈនោះគឺ សាលាបឋមសិក្សាសំរោង ព្រៃសរ របាស់អង្កាញ់ និងសាលារៀនរបស់អង្គការផ្កាយសមុទ្រ ដែល​មាន​ទី​តាំងនៅ​ក្នុងរាជធានីភ្នំពេញ​ផ្ទាល់។ ពិធីប្រគល់ ដែល​បាន​ធ្វើឡើងនៅកីឡដ្ឋាន AIA រួមមានការប្រគល់សំភារកីឡាជាផ្លូវការ  ការហ្វឹកហាត់បាល់ទាត់ជាមួយនឹងគ្រូបង្វឹក Spurs គឺលោក Anton Blackwood និង លោក Shaun Harris និងមានការ​លេងបាល់រួម​គ្នារវាងបុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA និងកុមារា កុមារីនៃសាលាទាំង៤។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «យើងពិតជារីករាយណាស់ ដែលយើងបានចាប់ផ្តើមគម្រោង ទីលានបាល់ទាត់១០០ របស់យើងតាមការគ្រោងទុក។ ធនធានមនុស្ស​ទាំង​អស់របស់ អេ អាយ អេ ខេមបូឌា បានខិតខំប្រឹងប្រែងយ៉ាងមុតមាំ ក្នុងការចាប់​ផ្តើមគម្រោងនេះ។ ហើយការ​ដែល​យើង​ឃើញកុមារទាំង​អស់ទទួល​បានឱកាសលេងបាល់ទាត់យ៉ាងសប្បាយរីករាយ និងថែមទាំងបានទទួល​ការ​ហ្វឹកហាត់ជំនាញ​បាល់​ទាត់​ពីគ្រូបង្វឹកមកពីក្រុម Spurs ទៀតនេះ ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ មានមោទនភាពយ៉ាងក្រៃលែង»។

ក្រុមហ៊ុន AIA ដែល​បាន​អញ្ជើញគ្រូបង្វឹកក្រុម Spurs ២នាក់មកកាន់កម្ពុជា គឺជាដៃគូផ្លូវការនៃក្លិបបាល់ទាត់ក្នុង​ក្របខណ្ឌកំពូលមួយនេះ។ ជាផ្នែកមួយនៃការ​ចាប់​ដៃគូនេះ ក្លិប Spurs បាន​ដាក់មូលដ្ឋានសម្រាប់គ្រូបង្វឹកកម្រិតខ្ពស់ ២នាក់នៅទ្វីបអាស៊ី ដើម្បី​គាំទ្រដល់ AIA ក្នុង​ការជួយ​កុមារា កុមារីទាំងឡាយ​បណ្តុះចំណាប់​អារម្មណ៍ និង​ការ​ចូលរួមរបស់ពួក​គេ​ក្នុងវិស័យកីឡាបាល់ទាត់។

លោកគ្រូបង្វឹក Shaun Harris បានលើកឡើង​ថា «ការជួយក្មេងៗឲ្យ​បានលេងកីឡាបាល់ទាត់ និងអាចអភិវឌ្ឍជំនាញរបស់ពួកគេ គឺមានសារៈសំខាន់ណាស់ចំពោះក្លិប Tottenham Hotspur ទាំងមូល​។ តាមរយៈការងារដ៏មានអត្ថប្រយោជន៍របស់យើងជាមួយនឹង AIA និងតាមរយៈគម្រោងទីលានបាល់ទាត់១០០ ដ៏​អស្ចារ្យនេះ យើងសង្ឃឹមថានឹងអាចផ្តល់ផលវិជ្ជមានយ៉ាងជ្រាលជ្រៅលើការចូលរួម និងគុណភាពនៃកីឡាបាល់ទាត់សម្រាប់ថ្នាក់មូលដ្ឋាននៅកម្ពុជា»។

គម្រោងទីលានបាល់ទាត់​១០០ ត្រូវបានប្រកាសដំបូងក្នុងពិធីគម្រប់ខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA ទាំងមូល ដែលបានចាប់ផ្តើមនៅប្រទេសកម្ពុជាផ្ទាល់ កាលពីខែមុន ជាមួយនឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យ​មនុស្ស​គ្រប់​រូបទទួល​បានជីវិត និងសុខភាពកាន់តែប្រសើរ។ ការអបអរខួប១០០ឆ្នាំនេះ នឹងបន្តដំណើរនៅតាមទីផ្សារទាំង១៨ របស់ AIA ពេញមួយឆ្នាំនេះតែម្តង។

គម្រោងទីលានបាល់ទាត់​១០០ នៅតែបើកឱកាសឲ្យសាលាបឋមសិក្សាផ្សេងៗទៀត នៅទូទាំងកម្ពុជាធ្វើការដាក់ពាក្យស្នើសុំរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យ និងសិក្សាបន្ថែមអំពីគម្រោងនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ឈ្មោះ AIA Cambodia ។

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២២១ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រង ៣២​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com