សេចក្តីប្រកាសសារព័ត៌មាន

ការប្រកួតបាល់ទាត់វិលជុំ AIA-ISF YOUTH LEAGUE 2018/2019៖ កម្មវិធីបាល់ទាត់សហគមន៍ធំជាងគេបំផុតនៅកម្ពុជា បន្តជំរុញឲ្យមានអនាគតប្រកបដោយសុខភាពកាន់តែប្រសើរ

09/12/2018 dot អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ – កម្មវិធីបាល់ទាត់សម្រាប់សហគមន៍ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានសម្ពោធការប្រកួតបាល់ទាត់វិលជុំដែលមានរយៈពេល៦ខែរបស់ខ្លួនសម្រាប់រដូវកាលថ្មី នៅទីលានកីឡាបាល់ទាត់របស់អង្គការ​ផ្កាយសមុទ្រ នៅភូមិព្រះធាតុនៃរាជធានីភ្នំពេញ។ ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League គឺជាកិច្ចការរួមគ្នាមួយរវាងអង្គការសប្បុរសផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) ដោយមានការគាំទ្របច្ចេកទេសពីក្លឹបបាល់ទាត់ Tottenham Hotspur ("Spurs") ។ ប្រកួតបាល់ទាត់វិលជុំនេះ ផ្តល់ឱកាស​ដ៏កម្រ​ក្នុង​ការ​លេង​បាល់​ទាត់​ក្នុង​បរិយាកាស​ដែល​មាន​សុវត្ថិភាព ដល់កុមារាកុមារីនៃគ្រួសារក្រីក្រ ដើម្បីជួយពួកគេឲ្យទទួល​បាន​សុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។

ការប្រកួតបាល់ទាត់វិលជុំប្រចាំឆ្នាំនេះ មាន​ផ្តល់​នូវការបង្វឹក និងការប្រកួតប្រចាំសប្តាហ៍ដល់កុមារចំនួន ១,៤៥៥ នាក់នៅជុំវិញរាជធានីភ្នំពេញ ដោយ​បែង​ចែក​ជា​ក្រុម​ក្មេងស្រី និងប្រុសចំនួន ៦ ក្រុម ហើយក្នុងក្រុមនិមួយៗមានអាយុក្រោម ១០ ឆ្នាំ ក្រោម ១៤ ឆ្នាំ និងក្រោម ១៨ ឆ្នាំ។ សម្រាប់កុមារនៅកម្ពុជាភាគច្រើនជាពិសេសអ្នកដែលមកពីគ្រួសារក្រីក្រ ឱកាសបានលេង​កីឡាបាល់ទាត់បែបប្រកួតប្រជែង និងពេលខ្លះសូម្បីឱកាសចូលលេងនៅក្នុងតារាងបាល់សមរម្យក៏នៅមានកម្រិត។ បន្ថែមពីនេះ ជាទូទៅក្មេងស្រីមាន ឱកាសតិចជាងក្មេងប្រុស។ ដោយយល់ឃើញនូវបញ្ហាទាំងនេះ ស្របគ្នាជាមួយ​នឹងការប្តេជ្ញាចិត្តជំរុញឲ្យប្រជាជនកម្ពុជាមានសុខភាពកាន់តែល្អ អង្គការ​ផ្កាយសមុទ្រ និង អេ អាយ អេ ខេមបូឌា បានបន្តសហការគ្នាក្នុងឆ្នាំទី២នេះ ក្នុង​ការ​ប្រើបាល់ទាត់ដើម្បីជំរុញឲ្យ​មាន​ការ​រីក​ចំរើន និង​ការ​ចូលរួម​ខ្ពស់។

ថ្លែងក្នុងពិធីបើក​នេះ កញ្ញា សុខ រ៉ាន់យ៉ា គ្រូបង្វឹកកីឡាបាល់ទាត់របស់អង្គការ​ផ្កាយសមុទ្រ ដែលបង្ហាត់ក្មេងៗនិងយុវជនរៀងរាល់ សប្ដាហ៍ បានកត់សំគាល់អំពីការ​ប្រកួត​វិលជុំ AIA-ISF Youth League ថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍបែបផែន​រស់នៅប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍជំនាញសំខាន់ៗដូចជាការធ្វើ​ការ​ងារ​ជា​ក្រុម និងការប្រាស្រ័យទាក់ទងគ្នាជា​ដើម។» ក្នុងការ​ហ្វឹក​ហាត់​ប្រចាំសបា្តហ៍នោះ គ្រូបង្វឹកក៏មានបញ្ជ្រាបចំណេះ​ដឹងសង្គមមួយ​ចំនួន ដូចជាសមភាពយេនឌ័រ ការបង្ការជម្លោះ សុខុមាលភាព និងបំនិនជីវិតផ្សេងៗទៀត។ គ្រូបង្វឹកជាច្រើន ជាជនគំរូសម្រាប់កីឡាករ ហើយនេះពិតជាសំខាន់ក្នុងការបង្កើនការចូលរួមរបស់ក្មេងស្រី។ កញ្ញា រ៉ាន់យ៉ា បាននិយាយទៀតថា «ក្នុង​បរិបទយើង​ដែលកីឡាត្រូវបានចាត់ទុកថាជាល្បែងកំសាន្ត ឬជម្រើសអាជីពសម្រាប់តែបុរសនោះ ការ​ដែល​មាន​ស្ត្រីជាគ្រូបង្វឹក ឬជាជនគំរូ អាចជាការលើកទឹក​ចិត្តសម្រាប់ក្មេងស្រីដែលចង់ចូល​ក្នុង​វិស័យ​កីឡា។»

ការ​ហ្វឹកហាត់ប្រចាំសប្តាហ៍ ក៏លើកទឹកចិត្តដល់កីឡាករឲ្យអភិវឌ្ឍបំនិន​ជីវិតដែលអនុញ្ញាតឲ្យពួកគេគិតឲ្យ​បាន​ស៊ី​ជម្រៅចំពោះជីវិតប្រចាំថ្ងៃរបស់ពួកគេ។ កុមារី ខាន់ រដ្ឋា អាយុ ១៤ឆ្នាំ បាននិយាយថាការប្រកួត​វិលជុំ AIA-ISF Youth League បានជួយឲ្យនាង អភិវឌ្ឍជំនាញគិតគូរពិចារណា និងការយល់ដឹងអំពីយេនឌ័រតាមរយៈកីឡា។ «នៅពេលខ្ញុំលេងបាល់ទាត់ ខ្ញុំមានអារម្មណ៍រឹងមាំ និងស្វាហាប់។ ខ្ញុំក៏អាចធ្វើអ្វីដែលក្មេងប្រុសអាចធ្វើបាន។ កីឡាបាល់ទាត់ គឺសម្រាប់អ្នកទាំងអស់គ្នា។» នាងបានបន្ថែមទៀតថានៅពេលនាងបញ្ចប់ការសិក្សា នាងស្រមៃចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់។ នាងបានរៀបរាប់ថាវគ្គហ្វឹកហាត់ និងការចូលរួមរបស់នាង ក្នុងកម្មវិធីបាល់ទាត់នេះបានជួយឲ្យនាងកំណត់ពីចំណង់ចំណូលចិត្ត និងគោលដៅរបស់នាងក្នុងជីវិត ក៏ដូចជាការអភិវឌ្ឍវិន័យ ការផ្ចង់អារម្មណ៍ និងភាពអត់ធ្មត់។

កីឡាករម្នាក់ទៀតឈ្មោះ ឆាយ ធារ៉ា អាយុ ១៥ឆ្នាំនិយាយថាការប្រកួត AIA-ISF Youth League គឺជារឿងដែលល្អបំផុតដែលគាត់ពេញចិត្តនឹងចំណាយពេលវេលា ព្រោះវាជំរុញឲ្យគាត់ចំណាយ​កំលាំង​កាយចិត្តបានច្រើន និងបង្កើតទម្លាប់រស់នៅដែលមានសុខភាពល្អ។ បន្ទាប់ពីបានចូលរួមនៅក្នុងការ​ប្រកួតនេះ ធារ៉ាបានកត់សម្គាល់ពីភាពប្រសើរឡើងនៃសុខភាពរាងកាយរបស់គាត់ក៏ដូចជា ជំនាញគ្រប់គ្រងពេលវេលា   និងជំនាញសង្គមរបស់គាត់ផងដែរ។ កីឡាករ ស្រីនាថ អាយុ ១៥ឆ្នាំបាននិយាយថាការហ្វឹកហាត់ និងការប្រកួតនេះ បានធ្វើឲ្យចៀសផុតពីអំពើអបាយមុខ ហើយងាកមកផ្តោតទៅលើការរស់នៅដែលប្រកបដោយសុខភាពល្អ ដោយ​បាន​បន្ថែមថាការយកចិត្តទុកដាក់របស់នាងចំពោះកីឡាបាល់ទាត់បានជួយឱ្យនាងជៀសឆ្ងាយពីគ្រឿងញៀន ដែលជាបញ្ហាប៉ះពាល់ដល់មនុស្ស​ជា​ច្រើន​ក្នុងសហគមន៍របស់​នាង។

ដោយ​បាន​កត់​សម្គាល់​ពី​លទ្ធផល​ជា​ច្រើននៃ​ការ​ប្រកួត​នេះ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ការប្រកួតឆ្នាំមុន គឺជាជោគជ័យមួយដ៏ធំ ហើយយើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអង្គការ​ផ្កាយសមុទ្រ ក្នុងឆ្នាំនេះដើម្បីបន្តធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានសម្រាប់ជីវិតរបស់​អ្នកចូលរួមជាច្រើន និងគ្រួសាររបស់ពួកគេផង​ដែរ។ តាមរយៈកម្មវិធីកីឡាបាល់ទាត់ដ៏ធំទូលាយរបស់អង្គការ​ផ្កាយសមុទ្រ និងការគាំទ្រពី Spurs ដៃគូរបស់យើង យើងជឿជាក់ថាការ​ប្រកួត​បាល់​ទាត់​វិលជុំ AIA-ISF Youth League នឹងផ្តល់ផលវិជ្ជមានកាន់តែច្រើន​បន្ថែម​ទៀតឆ្ពោះទៅ​កាន់ជីវិតមួយ​ដែល​មានសុខភាពល្អ រស់នៅយូរអង្វែង និងស្ថាន​ភាពកាន់តែប្រសើរ សម្រាប់​កុមារា កុមារី​ដែល​ចូល​រួម។»

លោក Anton Blackwood គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក Spurs ពីររូបដែលបានចូលរួមក្នុងពិធីបើកនោះ បានលើក​ឡើង​ថាគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំរបស់គ្រូបង្វឹក និងចំណង់ចំណូលចិត្តរបស់កីឡាករទាំងឡាយ។ «តាមរយៈ AIA យើងបានផ្តល់ការហ្វឹកហាត់គន្លឹះមួយចំនួនដល់គ្រូបង្វឹកអង្គការ​ផ្កាយសមុទ្រ។ ដោយឃើញភាពរីករាយរបស់កុមារជា​ច្រើន​នៅទីនេះ យើងជឿជាក់ថាគ្រូបង្វឹកទាំងអស់កំពុងប្រើប្រាស់ឱកាសដែលការ​ប្រកួតនេះផ្តល់ឲ្យដើម្បីបង្កើនជំនាញ និងក្តី​ស្រលាញ់ចំពោះកីឡាបាល់ទាត់។ នេះ គឺជាគំរូចីរភាពមួយ ដែល AIA និង Spurs ចង់បាន ហើយយើងរីករាយណាស់ដែលបានឃើញវានៅក្នុងការ​ប្រកួតនេះ។»

កាលពីដើមឆ្នាំនេះ កម្មវិធីបាល់ទាត់របស់អង្គការ​ផ្កាយសមុទ្រ បានឈ្នះពានរង្វាន់ Dream Asia Award របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ហើយក៏ត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ Beyond Sport ២០១៨ Sport for Health and Wellbeing ដើម្បីលើកកម្ពស់ឥទ្ធិពលនៃកីឡាបាល់ទាត់ក្នុងការផ្លាស់ប្តូរសង្គមជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងមតិស្វាគមន៍របស់លោក Leo Brogan សមាជិកក្រុម​ប្រឹក្សាភិបាលនៃអង្គការ​ផ្កាយសមុទ្រ គាត់បាន​មាន​ប្រសាសន៍ថា «ភាពជាដៃគូជាមួយ AIA បានជួយយើងឲ្យទទួលបានអ្វីដែលយើងមានថ្ងៃនេះ ដែល​មាន​ឥទ្ធិពលដល់ជីវិតកុមាររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេឲ្យមានជីវភាពកាន់តែប្រសើរឡើង។ យើងអរគុណ និងអបអរសាទរដល់ AIA ក៏ដូចជាក្រុមបាល់ទាត់ Spurs សម្រាប់ការខិតខំប្រឹងប្រែងក្នុងការលើក​កំពស់​បុព្វហេតុរបស់យើង ហើយយើងសង្ឃឹមយ៉ាងមុតមាំថាការ​ប្រកួត AIA-ISF Youth League នៅឆ្នាំនេះ នឹងទទួលបានលទ្ធផលកាន់តែច្រើនថែមទៀត។»

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២២១ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣២លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។

អំពី អង្គការផ្កាយ​សមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបាន​ទទួល​ពានជាច្រើន ដោយ​សារ​យើងជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែល​ពួកគាត់កំពុងជួបប្រទះ។

អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ជិត ៧០០នាក់ ក្នុងឆ្នាំ២០១៨។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣,០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។

អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

ក្លឹបបាល់ទាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៧/២០១៨ និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។ ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៥០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន អាស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានរួមទាំងក្លឹបអ្នកគាំទ្រច្រើនជាង ១៥០ នៅទូទាំងពិភពលោក។
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយពហុកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីកំពុងសាងសង់ នៅចំកណ្តាល បេះដូងនៃទីក្រុងឡុងដ៍ខាងជើង។

 

មូលនិធិដែលទទួលបានពានរង្វាន់ ហើយបានបង្កើតឱកាសចំនួន ២,៥ លាន ក្នុង​ការ​ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមរយៈការអប់រំ ការងារ សុខភាព និង ការងារសង្គមផ្សេងទៀត។

 

ទំនាក់ទំនង

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ជួប វិច្ឆិកា

ប្រធានអង្គការ

អង្គការ​ផ្កាយសមុទ្រ

០២៣ ៤២៤ ២៣៦

cv@indochinastarfish.org