សេចក្តីប្រកាសសារព័ត៌មាន

ការប្រកួតបាល់ទាត់វិលជុំ AIA-ISF YOUTH LEAGUE 2017/2018៖

27/05/2018 dot  អាន 4 នាទី

ភាព​ជោគជ័យនៃកម្មវិធីបាល់ទាត់​សម្រាប់សហគមន៍ធំជាងគេបំផុត​នៅ​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ – ក្នុងអំឡុងពេលប្រាំមួយ​ខែកន្លងទៅ​នេះ កីឡាករបាល់ទាត់ ១០០ ក្រុម សរុបរួមកុមារា កុមារីប្រមាណ ១.៣០០នាក់ បានចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​វិលជុំ AIA-ISF Youth League ២០១៧/២០១៨ ដែលបានបញ្ចប់ដោយជោគជ័យនៅ​ថ្ងៃនេះ ក្នុងពិធីបញ្ចប់នៅឯកីឡដ្ឋានរបស់អង្គការផ្កាយសមុទ្រ។ សម្លេងដ៏ខ្ញៀវខ្ញារនៃការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានឆ្លុះបញ្ចាំងពីឥទ្ធិពលវិជ្ជមាននៃការប្រកួតបាល់ទាត់ដ៏ធំមួយនេះសម្រាប់កុមារក្រីក្រ និងក្រុមគ្រួសាររបស់គេ ដែល​ធ្វើឲ្យ​ទស្សនិក​ជនជាច្រើនអាចរំពឹងទុកបានថាកម្ពុជានឹងមានសុខភាពកាន់តែល្អប្រសើរ។

ឱកាសក្នុងការ​ចូលរួម​លេងកីឡាបាល់ទាត់បែបប្រកួតប្រជែង និងការ​លេងបាល់ក្នុងទីលានកីឡា គឺនៅមានកម្រិតខ្លាំងសម្រាប់ប្រជាជនខ្មែរ ជាពិសេសកុមារក្រីក្រ។ ជាទូទៅ ក្មេងស្រីមានឱកាសតិចជាង​ក្មេងប្រុស ហើយ​សម្រាប់កុមារពិការ ឱកាសបែបនេះ ស្ទើរតែមិនមាន​តែម្តង។ អង្គការផ្កាយសមុទ្រ យល់ច្បាស់អំពីបញ្ហនេះ ហើយ​តាមរយៈការប្រកួតបាល់ទាត់នេះ ដែល​ទទួលបានការឧបត្ថម្ភ​​ទាំងស្រុងក្នុង​រយៈពេលវែង ពីក្រុមហ៊ុន​ធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) អង្គការនេះ បាន​ផ្តល់ឲ្យ​ក្មេងប្រុសស្រីពីគ្រប់មជ្ឈដ្ឋាន រួមទាំងកុមារពិការសារពាង្គកាយ និងពិការបញ្ញា នូវឱកាសដ៏កម្រ ក្នុងការ​លេងបាល់ទាត់ដ៏សកម្មនេះ។ ការ​ប្រកួតបាល់ទាត់នេះ មានឥទ្ធិពលវិជ្ជមានជាច្រើន ទាំងនៅក្នុងកីឡដ្ឋាន និងលើសពីនេះ ហើយ​មិនត្រឹមតែសម្រាប់អ្នកចូលរួមប៉ុណ្ណោះទេ គឺថែមទាំងក្រុមគ្រួសាររបស់ពួកគេ គ្រូបង្វឹក និងបុគ្គលិកអង្គការផ្កាយសមុទ្រជាច្រើន និងសហគមន៍នានាទៀតផង។

កម្មវិធី AIA-ISF Youth League ដែលធ្វើឡើងប្រចាំឆ្នាំនេះ ផ្តល់ការ​ហ្វឹកហាត់ និងការ​ប្រកួតជាច្រើនដល់ក្មេងប្រុសស្រីប្រាំមួយក្រុម គឺក្រុមក្រោម​អាយុ ១០ឆ្នាំ ក្រោម ១៤​ឆ្នាំ និង​ក្រោម ១៨​ឆ្នាំ ដែល​រួម​បញ្ចូលទាំងកុមារគថ្លង់ផងដែរ។ កុមារទាំងនេះអាចអភិវឌ្ឍ ​បំនិនផ្សេងៗដូចជា ការ​ធ្វើការ​ជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្ត និងលទ្ធភាពបន្សុំាជាដើម។ បំនិនជីវិតទាំងនេះ អាចប្រើប្រាស់បាន​ក្នុង​ការ​សិក្សា និងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជាមួយគ្នានេះផងដែរ ការ​ប្រកួតប្រចាំសប្តាហ៍របស់កម្មវិធីនេះ ត្រូវ​បាន​ចូល​រួម​គាំទ្រយ៉ាងកុះករពីសហគមន៍នេះ។ គិតចាប់ពីការ​ចាប់ផ្តើមដំបូងរហូតមកដល់ពេលនេះ ចំនួនកុមារីចូលរួម បានកើនឡើង​ជិតបីដង ហើយចំនួនក្រុមកីឡាករស្រី បានកើនឡើងទ្វេដង។ នេះជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះតួនាទីកីឡាបាល់ទាត់ ក្នុងការផ្តល់ប្រយោជន៍ដល់ស្ត្រី និង​សង្គមទាំងមូល។ លើសពីនេះទៀត គ្រូបង្វឹកអង្គការផ្កាយសមុទ្រក៏បានទទួល​ការ​ហ្វឹកហាត់ផ្ទាល់ពីគ្រូបង្វឹកកម្រិតកំពូលពីក្លឹបបាល់ទាត់ពីចក្រភពអង់គ្លេសគឺ Tottenham Hotspur (“Spurs”) ដោយសារតែ AIA គឺជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់នេះ។ ទាំងអស់នេះ រួម​ជាមួយនឹងការចំណាយពេលរហូតដល់ទៅបីម៉ោងរបស់ក្មេងៗមួយចំនួនដើម្បីមកចូលរួមក្នុងការប្រកួតនេះជារៀងរាល់សប្តាហ៍ បង្ហាញឲ្យ​ឃើញ​ពីការ​ត្រេកត្រអាល និង​តម្រូវការ​ចាំបាច់ឲ្យមានការប្រកួតនេះឡើង ព្រមទាំងសារៈសំខាន់នៃទំនុកបម្រុងយ៉ាងពិសេសរបស់ AIA។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​មានប្រសាសន៍ក្នុង​កម្មវិធីបិទការប្រកួតនោះថា “​យើង​ដឹងថា​ប្រជាជនខ្មែរជាច្រើន ស្រលាញ់កីឡាបាល់ទាត់។ យើងមាន​មោទនភាព​យ៉ាងខ្លាំង​ដែល​បាន​ចាប់ដៃគូជាមួយនឹង​អង្គការផ្កាយសមុទ្រ​ក្នុង​ការជួយបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានចំពោះ​ជីវិតរបស់ប្រជាពលរដ្ឋតាមរយៈបាល់ទាត់ ដោយស្របនឹងគោលដៅរបស់យើង​នៅទីនេះក្នុងការជួយឲ្យប្រជាជនខ្មែរមានសុខភាពល្អ រស់នៅបានយូរអង្វែង និង​មានជីវិតកាន់តែប្រសើរ។” ដោយ​សង្កត់ធ្ងន់លើ​ចីរភាពនៃការ​ប្រកួតនេះ លោក Richard ក៏បានបន្ថែមទៀតថា “​យើងចង់បង្កើតឲ្យមាន​ឥទ្ធិពលវិជ្ជមានយូរអង្វែង ជាមួយនឹង​ដៃគូជាច្រើនរបស់យើង។ ហេតុនេះហើយទើបយើងនាំយកការ​បណ្តុះបណ្តាលលំដាប់ពិភពលោកពីក្លឹប Tottenham Hotspur ដែលជាដៃគូរបស់យើង មកកាន់ទីនេះ ដើម្បីហ្វឹកហ្វឺន​គ្រូបង្វឹកអង្គការផ្កាយសមុទ្រក្នុង​ការ​បង្ហាត់ដល់​ក្មេងៗជាច្រើនទៀតនៅ​ឆ្នាំបន្តបន្ទាប់។”

“​យើងរីករាយដែលបានចូលរួម​ជាមួយ AIA និងអង្គការផ្កាយសមុទ្រ ក្នុង​ការ​ជួយប្រជាពលរដ្ឋខ្មែរទទួល​បាន​ផលប្រយោជន៍ពី​កីឡាបាល់ទាត់ក្នុង​រយៈពេលយូរអង្វែង។” នេះ​ជាការលើកឡើងរបស់លោក Anton Blackwood ដែល​ជាគ្រូបង្វឹករបស់ក្លឹប Spurs បន្ទាប់ពីបាន​ចែករំលែកគន្លឹះ​ក្នុង​ការ​រស់នៅប្រកបដោយសុខភាពល្អ ដល់កុមារនៅទីនេះ។ គាត់បាន​បន្តថា “​ក្តីស្រលាញ់ចំពោះ​បាល់ទាត់ និង​ជំនាញជាច្រើន ដែល​កុមារក្រីក្រ​ និងគ្រូបង្វឹកនៅ​ទីនេះ ទទួលបានតាម​រយៈការ​ប្រកួត និង​តាមរយៈការចូលរួម​របស់យើង នឹង​បន្តជួយគេទៅមុខថែមទៀត​ក្នុងជីវិត។”

កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បាន​អបអរដោយមាន​ប្រសាសន៍ថា “ការចាប់ដៃគូជាមួយនឹង AIA ដែល​ជាក្រុមហ៊ុន​ធានារ៉ាប់រងជីវិតដ៏ធំ មានធនធានសម្បូរបែប និងមាន​ការប្តេជ្ញាចិត្តយ៉ាងមុតមាំសម្រាប់ការរស់នៅដោយសុខភាពល្អនេះ មិន​ត្រឹមតែបាន​ជំរុញ​ឲ្យ​យើងផ្តល់ជូនសុខភាពល្អដល់ក្មេងៗតាមរយៈការប្រកួតនេះប៉ុណ្ណោះទេ​ វាថែមទាំងជួយបង្កើនគុណភាព និង​និរន្តរភាព​នៃការប្រកួតបាល់ទាត់វិលជុំនេះថែម​ទៀតផង។ តំណាងឲ្យ​អ្នករាល់គ្នានៅ​អង្គការផ្កាយសមុទ្រ និង​អ្នក​ទទួលផលពីកម្មវិធី នេះជាច្រើន​ពាន់នាក់ទៀត យើងខ្ញុំ​សូម​អរគុណ AIA និង​ Spurs សម្រាប់ការគាំទ្រយ៉ាងសន្ធឹកសន្ធាប់របស់ខ្លួន។”

កម្មវិធីបើក​ការ​ប្រកួត​បាល់​ទាត់​វិល​ជុំ AIA-ISF Youth League ២០១៧/២០១៨ បាន​ចាប់ផ្តើមពីថ្ងៃទី ២៦ វិច្ឆិកា ២០១៧ រហូតដល់ថ្ងៃទី ២៧ ឧសភា ២០១៨។ ការប្រកួតនេះ បាន​ធ្វើឡើងនៅកីឡដ្ឋានអង្គការផ្កាយសមុទ្រ នៅភូមិព្រះធាតុ ទីក្រុងភ្នំពេញ។ រដូវ​កាលប្រកួតបន្ទាប់ នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ ២០១៨។

- ចប់ - 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។

អំពី អង្គការផ្កាយ​សមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែល​ពួកគាត់កំពុងជួបប្រទះ។

អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។

អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

ក្លឹបបាល់ទាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៧/២០១៨ និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។ ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន

  • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន អាស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានរួមទាំងក្លឹបអ្នកគាំទ្រច្រើនជាង ១៥០ នៅទូទាំងពិភពលោក។
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយពហុកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីកំពុងសាងសង់ នៅចំកណ្តាល បេះដូងនៃទីក្រុងឡុងដ៍ខាងជើង។
  • មូលនិធិដែលទទួលបានពានរង្វាន់ ហើយបានបង្កើតឱកាសចំនួន ២,៥ លាន ក្នុង​ការ​ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមរយៈការអប់រំ ការងារ សុខភាព និង ការងារសង្គមផ្សេងទៀត។
 

ទំនាក់ទំនង

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ជួប វិច្ឆិកា

ប្រធានអង្គការ

អង្គការ​ផ្កាយសមុទ្រ

០២៣ ៤២៤ ២៣៦

cv@indochinastarfish.org