សេចក្តីប្រកាសសារព័ត៌មាន

កម្មវិធី JUNIOR ART TALENT៖ ផាត់ពណ៌ដើម្បីជីវិតកាន់តែប្រសើរ

30/03/2018 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៨ – កុមារភាគច្រើនចូល​ចិត្តគូររូប និង​ផាត់ពណ៌ ព្រោះការ​គូររូប ផ្តល់ភាពសប្បាយរីករាយ ​ភាព​ច្នៃ​ប្រឌិត និងអាចឲ្យពួកគេ​បង្ហាញស្នាដៃ​របស់​ខ្លួន​ដល់ឪពុកម្តាយថែម​ទៀតផង។ ការស្រាវជ្រាវផ្នែកចិត្តសាស្រ្តជាច្រើន[1] បាន​រកឃើញថាការផាត់ពណ៌សាមញ្ញៗអាចផ្តល់អត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ចំពោះសុខភាពកុមារ ក៏ដូចជាបំនិនសង្គមផ្សេងៗ ដែលមានដូចជាការសម្រួលសាច់ដុំសម្រាប់ចលនាតូចៗ បង្កើនការចង​ចាំ ការផ្តោតអារម្មណ៍ និងទំនុក​ចិត្តផងដែរ។ លើសពីនេះ ការចូលរួម និង​ការ​លើក​ទឹក​ចិត្តរបស់ឪពុកម្តាយ ក៏នាំ​មកនូវអត្ថប្រយោជន៍ផ្លូវចិត្តយ៉ាងច្រើនថែមទៀត។

ដោយយល់ឃើញពីផលវិជ្ជមានទាំងនេះ ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (“ធនាគារកម្ពុ”) និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) បានរួម​គ្នា​បង្កើតកម្មវិធី Junior Art Talent ក្នុង​គោលបំណងផ្តល់ឱកាសអោយកូនៗរបស់​អតិថិជនធនាគារកម្ពុ អាចបង្ហាញទេព្យកោសល្យសិល្បៈរបស់ពួកគេតាមរយៈការផាត់ពណ៌។

កម្មវិធីនេះ​បានចាប់​ផ្តើមរួច​មក​ហើយ និង​ដំណើរការរហូតថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨។ ក្រុមគ្រួសារដែលចូលរួម នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមានការធ្វើដំណើរទៅកាន់ Sunway Lagoon ប្រទេសម៉ាឡេស៊ី និងទទួលបានការហ្វឹកហាត់បាល់ទាត់សម្រាប់កុមារ ដែល​បង្ហាត់ផ្ទាល់ដោយគ្រូបង្វឹកអាជីពពីដៃគូរបស់ AIA គឺ Tottenham Hotspur ដែលជា     ក្លឹបបាល់ទាត់ឈានមុខគេមួយក្នុងការប្រកួត English Premier League នៅចក្រភពអង់គ្លេស។

Datuk Phan Ying Tong ប្រធានធនាគារប្រចាំតំបន់ នៃប្រតិបត្តិការឥណ្ឌូចិន បាន​មាន​ប្រសាសន៍ថា “យើងរីករាយនឹងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ ខេមបូឌា ដែលជាដៃគូរបស់យើង ដើម្បីរៀបចំកម្មវិធី Junior Art Talent។ កម្មវិធីនេះ ជាវេទិកា និងជាចលករមួយ ឲ្យយើងអាច​បង្កើនគុណតម្លៃគ្រួសារបាន។”

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏​បាន​លើកឡើង​ដោយ​ក្តី​រីករាយ​ផងដែរ​ថា “AIA ត្រេកអរណាស់ ដែល​បាន​នាំ​យកកម្មវិធី Junior Art Talent នេះមកជូន​អតិថិជនរបស់​ធនាគារកម្ពុ និង​បាន​ផ្តល់ជូន​ផលប្រយោជន៍សុខភាព និងសកម្មភាព​គ្រួសារដ៏សប្បាយរីករាយមក​កាន់អ្នកចូលរួមទាំងអស់”។

អតិថិជនទាំងអស់របស់ធនាគារកម្ពុជាសាធារណៈ អាចចូលរួមកម្មវិធីនេះមុនថ្ងៃទី ៣០ មេសា ដោយគ្រាន់តែទៅកាន់សាខាធនាគារកម្ពុដែលនៅជិតពួកគាត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសេវាបម្រើអតិថិជនរបស់ធនាគារកម្ពុជាសាធារណៈតាមរយៈទូរស័ព្ទលេខ ០២៣ ៤២៨ ១00 និង សេវាកម្មបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ AIA ។

 

អំពីធនាគារកម្ពុជាសាធារណៈ

ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (ហៅកាត់ថា "ធនាគារ" ឬ "ធនាគារកម្ពុ") ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ១៩៩២។ បច្ចុប្បន្នធនាគារមានសាខាសរុបចំនួន ៣០ សាខា ដោយនៅក្នុងរាជធានីភ្នំពេញមានចំនួន ១៨ សាខា និងតាមបណ្ដាខេត្តសំខាន់ៗមានចំនួន ១ សាខា ដូចជាខេត្តបាត់ដំបង ក្រុងបាវិត ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង  ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ក្រុងសួង តាខ្មៅ និងខេត្តសៀមរាបមានចំនួន ២ សាខា។

ធនាគារកម្ពុជាសាធារណៈគឺជាបុត្រសម្ព័ន្ធដែលគ្រប់គ្រង ១០០% ដោយសម្ព័ន្ធធនាគារសាធារណៈដែលជាសម្ព័ន្ធធនាគារក្នុងស្រុកដ៏ធំ និងរឹងមាំបំផុតមួយក្នុងចំណោមសម្ព័ន្ធធនាគារទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានមូលធនកម្មទីផ្សារចំនួន ១៩.៩០៦ លានដុល្លារអាមេរិក។ ធនាគារកម្ពុជាសាធារណៈផ្ដល់សេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបដែលក្នុងនោះរួមមានប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃ សេវាប្រមូលពន្ធលើអចលនទ្រព្យ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអាជីវកម្ម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារកម្ពុជាសាធារណៈគឺក្រុមហ៊ុន កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្ដល់សេវាធានាទិញ ជួញដូ និងកម្រៃជើងសារមូលបត្រ រីឯក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតគឺក្រុមហ៊ុនធានារ៉ាប់រង កម្ពុ ឡុនប៉ាក ភីអិលស៊ី ផ្ដល់សេវាធានារ៉ាប់រងទូទៅ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ មូលនិធិរបស់ម្ចាស់ភាគទុនិក និងទំហំទ្រព្យសកម្មរបស់ធនាគារកម្ពុជាសាធារណៈមានចំនួន ៤៥២,៨ លានដុល្លារអាមេរិក និង ២,១ ប៊ីលានដុល្លារអាមេរិករៀងៗគ្នា រីឯមូលនិធិរបស់ម្ចាស់ភាគទុនិក និងទំហំទ្រព្យសកម្មរបស់ធនាគារសាធារណៈមានចំនួន ៩.២២០ លានដុល្លារអាមេរិក និង ៩៧.៥៣៩ លានដុល្លារអាមេរិករៀងៗគ្នា។ ដោយមានការគាំទ្រពីអតិថិជន គូបផ្សំជាមួយការប្ដេជ្ញាចិត្ត និងការលះបង់របស់បុគ្គលិក ធនាគារកម្ពុជាសាធារណៈបានរីកចម្រើនធំធាត់ក្លាយជាធនាគារឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការទទួលស្គាល់ចំពោះភាពល្អឥតខ្ចោះនៃប្រតិបត្តិការធនាគារ និងការគ្រប់គ្រង ធនាគារកម្ពុជាសាធារណៈបានទទួលពានរង្វាន់អន្ដរជាតិដែលប្រកបដោយកិត្យានុភាពដូចខាងក្រោម៖

  • ពានរង្វាន់ ធនាគារឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា” សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នាគឺចាប់ពីឆ្នាំ ២០០១ ដល់ ២០០៥               ឆ្នាំ២០០៨ ឆ្នាំ២០០៩ ឆ្នាំ២០១២ ឆ្នាំ២០១៥ និងម្ដងទៀតនៅឆ្នាំ២០១៧ ហើយគឺជាពានរង្វាន់លើកទីដប់ដែលផ្ដល់ជូនដោយ the Banker ប្រចាំទីក្រុងឡុងដ៍។
  • ពានរង្វាន់ “Domestic Retail Bank of the Year ប្រចាំព្រះរាជាណាចកម្ពុជា” សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០១២ ដល់ ២០១៧ ដែលផ្ដល់ជូនដោយទស្សនាវដ្ដីធនាគារ និងហិរញ្ញវត្ថុអាស៊ី។

អំពី អេ អាយ អេ ខេមបូឌា

 

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​​ត្រូវ​គ្នា​នឹង​តម្រូវ​ការសម្រាប់​​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុង​តែ​កើន​ឡើងរបស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

ទំនាក់ទំនងសារព័ត៌មាន

 

ហាក់ បញ្ញារ័ត្ន                                                                   

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

លោក អុង មីងតិច

អគ្គនាយករង

ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី

០១៦ ៩៩ ៨៨ ៣៣

ongmt@campubank.com.kh