សេចក្តីប្រកាសសារព័ត៌មាន

អម្រឹត ទទួលបានអាជ្ញាបណ្ណសហការជាមួយ អេ អាយ អេ ខេមបូឌាដើម្បីណែនាំការការពារដល់អតិថិជនរបស់ខ្លួន

23/04/2018 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨ – អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាន​ទទួល​លិខិតអនុញ្ញាតលេខ ធ ៧.០១៧.១០៩១ ឆត ពី​ធនាគារ​ជាតិនៃ​កម្ពុជា និង​អាជ្ញាបណ្ណលេខ ២២៩ សហវ.អឧហ.ធរ ពីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ សម្រាប់​ការ​សហការជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ក្នុងការ​ណែនាំដំណោះស្រាយធានារ៉ាប់រងជូនទៅកាន់អតិថិជនរបស់ខ្លួន។ អម្រឹត នឹង​ចាប់ដៃគូជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដើម្បី​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​លើកស្ទួយសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន ទូទាំង​ប្រទេសកម្ពុជា។

ការ​សហការនេះ នឹង​ផ្តល់ជូន​អតិថិជន​របស់​ អម្រឹត ប្រមាណ ៤សែននាក់ នូវឱកាសដើម្បីទទួល​បាន​ដំណោះ​ស្រាយ​ធានារ៉ាប់រង​ជីវិត​ឈានមុខគេ​របស់ អេ អាយ អេ ខេមបូឌា ដែល​ដំណោះ​ស្រាយទាំងនោះរួម​មានជាពិសេសនូវការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ករណី​មាន​ជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីក គាំងបេះដូង និង​ដាច់សរសៃឈាមខួរក្បាល ជាដើម។

លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​សូម​អរគុណ​ដល់ធនាគារជាតិនៃ​កម្ពុជាចំពោះ​ការ​អនុញ្ញាត ហើយនិង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចំពោះការផ្តល់អាជ្ញាបណ្ណនេះ។ ចាប់ពីពេលនេះតទៅ យើង​អាចធ្វើ​ឲ្យសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន​យើង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ តាម​រយៈ​ដំណោះ​ស្រាយ​ធានារ៉ាប់រង​ជីវិត​របស់​ អេ អាយ អេ ខេមបូឌា។”

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏​បាន​លើកឡើង​ថា “យើងខ្ញុំ​រីករាយចំពោះការ​ទទួល​បាន​ឱកាស​ធ្វើការសហការជាមួយ អម្រឹត។ អម្រឹត មានសាវតារ​យ៉ាង​ល្អក្នុង​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏លេចធ្លោ ដែលបានជួយ​លើកស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជនកម្ពុជា​ជាច្រើន​នាក់។ តាម​រយៈការ​ចាប់​ដៃគូនេះ យើង​នឹងជួយការ​ពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន អម្រឹត និង​គ្រួសារ​របស់​គាត់ ឲ្យ​បាន​កាន់តែប្រសើរ”។

អំពី អម្រឹត

​អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្មនៅតាមទីជនបទ ទីប្រជុំជនស្រុក និងខេត្ត។ អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័ត សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយបត្រ សេវាទូទាត់រហ័ស និងCSS។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៣.៩៨១នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង៤០០.២៩៦នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង៣៥០លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណជាង៦៩៩លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ៨១៥ លានដុល្លារសហរដ្ឋអាមេរិក ។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​​ត្រូវ​គ្នា​នឹង​តម្រូវ​ការសម្រាប់​​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុង​តែ​កើន​ឡើងរបស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

 

ទំនាក់ទំនង​សារព័ត៌មាន

លោក លី ជាពិសិដ្ឋ

នាយករង នាយកដ្ឋានម៉ាឃីតធីង 

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត

០១២ ៨៦២ ៨២១

cheapiseth.ly@amret.com.kh

 

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧​ ៣៦៩​ ១៥៥

Panharath.Hak@aia.com